ភ្នំពេញ ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានទទួលជួបពិភាក្សាការងារជាមួយលោក ហ្សង់ ដេវិត ឡឺវិត (Jean David Levitte) ប្រធានក្រុមប្រឹក្សាភិបាលវិទ្យាស្ថានស្រាវជ្រាវប្រឆាំងឱសថក្លែងក្លាយ នៅវិមានសន្តិភាពរសៀលថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៨។
លោក ស្រ៊ី ថាមរុង្គ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីបានឲ្យដឹងបន្ទាប់ពីជំនួបនេះថា ក្នុងឱកាសដែលលោក Jean David Levitte ត្រូវបានអញ្ជើញមកកាន់ប្រទេសកម្ពុជាដើម្បីចូលរួមក្នុងសន្និសីទតំបន់ស្ដីពី “ការប្រយុទ្ធប្រឆាំងឱសថក្លែងក្លាយ និង អន់គុណភាព” ដែលជាកិច្ចសហប្រតិបត្តិការរវាងប្រទេសបារាំងនិងកម្ពុជាក្នុងការទប់ស្កាត់ឱសថក្លែងក្លាយ លោកក៏ត្រូវបានអនុញ្ញាតឲ្យចូលជួបសំដែងការគួរសម។
នៅក្នុងជំនួបនោះ សម្ដេចតេជោនាយករដ្ឋមន្ត្រីបានសម្ដែងនូវក្តីរីករាយដែលបានជួបជាមួយលោក Jean David Levitte សាជាថ្មីទៀត បន្ទាប់ពីជំនួបកាលពីពេលមុន ក្នុងអំឡុងខែតុលា ឆ្នាំ២០១១ ដែលពេលនោះ សម្ដេចតេជោនិងលោកបានឯកភាពគ្នាក្នុងការសហការរៀបចំឲ្យមានសន្និសីទតំបន់ស្ដីអំពីការប្រយុទ្ធប្រឆាំងឱសថក្លែងក្លាយ។
សម្ដេចតេជោនាយករដ្ឋមន្ត្រីក៏បានអរគុណដល់លោក ហ្សង់ ដែលបានជ្រើសរើសកម្ពុជាធ្វើជាទីតាំងសម្រាប់ការធ្វើសន្និសីទថ្នាក់តំបន់នេះ។ សម្តេចតេជោបានមានប្រសាសន៍ថា តាមរយៈសន្និសីទតំបន់នេះគឺមានការចូលរួមពីបណ្ដាប្រទេសនៅក្នុងតំបន់ជាពិសេសប្រទេសក្នុងតំបន់មេគង្គ ដូចជា កម្ពុជា ឡាវ មីយ៉ាន់ម៉ា ថៃ និង វៀតណាម និងចិនផងដែរ ព្រមទាំងមានអង្គការអន្តរជាតិជាង ២០ផ្សេងៗទៀត ដែលបានចូលរួមក្នុងសន្និសីទតំបន់ស្ដីអំពីការប្រយុទ្ធប្រឆាំងឱសថក្លែងក្លាយ។
លោក Jean David Levitte ពិតជារីករាយដែលបានជួបសម្ដេចតេជោសាជាថ្មី ហើយបានរំលឹកពីអនុស្សាវរីយ៍ដែលលោកបានចូលរួមក្នុងការចរចាស្វែងរកសន្តិភាពនៅប្រទេសកម្ពុជាដែលក្នុងនោះបារាំងបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការសម្របសម្រួលស្វែងរកសន្តិភាពនៅកម្ពុជាផងដែរ។
លោកបន្តថា ពេលដែលលោកបានចុះពីព្រលានយន្តហោះមកគឺមានការរំភើបដែលឃើញប្រទេសកម្ពុជាមានការអភិវឌ្ឍរីកចម្រើនយ៉ាងឆាប់រហ័សក្រោមការដឹកនាំរបស់សម្ដេចតេជោជានាយករដ្ឋមន្ត្រី។
លោក Jean David Levitte មានជំនឿជឿទុកចិត្តថា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ក្នុងគំនិតផ្ដួចផ្ដើមក្នុងការបង្កើតឲ្យមានសន្និសីទតំបន់នេះឡើង ពិតជាមានសារៈសំខាន់សម្រាប់សុខភាពប្រជាជនពីព្រោះឱសថក្លែងក្លាយនេះ វាប៉ះពាល់ដល់ប្រជាជនយ៉ាងច្រើន ជាពិសេសប្រជាជននៅតាមទីជនបទដែលប្រើប្រាស់ឱសថក្លែងក្លាយនោះ។
លោកក៏បានជម្រាបថា គណៈកម្មការរៀបចំនិងក្រុមការងារបានត្រួតពិនិត្យពិចារណាទៅលើសេចក្តីប្រកាសពីក្រុងភ្នំពេញនិងការអនុវត្តទៅមុខទៀត តើធ្វើយ៉ាងណាដើម្បីទប់ស្កាត់បង្ការការពារប្រយុទ្ធប្រឆាំងនឹងឱសថក្លែងក្លាយនេះឲ្យមានប្រសិទ្ធភាព? លោកក៏បានបង្ហាញថា បន្ទាប់ពីសន្និសីទនេះទៅនឹងត្រូវរៀបចំឲ្យមានសន្និសីទតំបន់ ហើយមិនត្រឹមតែតំបន់មេគង្គទេគឺអាចតំបន់អាស៊ានទាំងមូលផងដែរ នៅក្នុងការទប់ស្កាត់ឱសថក្លែងក្លាយនេះ ។ លោកក៏បានអបអរសាទរផងដែរចំពោះកម្ពុជាដែលទទួលរៀបចំជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបនៅឆ្នាំ២០២០ខាងមុខ។
ជាការឆ្លើយតប សម្តេចតេជោនាយករដ្ឋមន្ត្រីបានជឿជាក់ថា កម្ពុជាមានកិត្តិយសណាស់ដែលបានធ្វើជាម្ចាស់ផ្ទះនៃសន្និសីទតំបន់នេះ ហើយសម្ដេចបានបញ្ជាក់ថា ឱសថក្លែងក្លាយវាជាឃាតកលាក់មុខមួយដែលប្រជាពលរដ្ឋមួយចំនួនគឺមិនបានដឹងទេ ហើយកំពុងតែប្រឈមមុខនឹងគ្រោះថ្នាក់ដោយសារ ទី១- ប្រើប្រាស់ឱសថក្លែងក្លាយ ទី២-ប្រើប្រាស់ឱសថដែលមិនមានគុណភាពត្រឹមត្រូវ ហើយជាឱសថដែលហួសការប្រើប្រាស់ជាពិសេសនៅតំបន់ដាច់ស្រយាល ប្រជាជនមានការយល់ដឹងទាប ហើយចេះតែប្រើផ្តេសផ្តាស់ដែលមិនគ្រាន់តែមិនមានប្រសិទ្ធភាពក្នុងការព្យាបាលប៉ុណ្ណោះទេ តែវាថែមទាំងបណ្ដាលឲ្យវាមានគ្រោះថ្នាក់ដល់សុខភាពទៀតផង។
សម្ដេចមានប្រសាសន៍ថា ប្រទេសកំពុងអភិវឌ្ឍទាំងអស់បានន័យថា ប្រទេសដែលនៅទន់ខ្សោយ នៅក្រីក្រតែងតែជួបប្រទះនូវបញ្ហានេះទាំងអស់ មិនថាតែនៅក្នុងតំបន់យើងនេះទេ ហើយសេចក្ដីថ្លែងការណ៍ភ្នំពេញដែលនឹងចេញ បន្ទាប់ពីសន្និសីទនេះនឹងទាក់ទាញឲ្យមានការចាប់អារម្មណ៍ពីបណ្ដាប្រទេសផ្សេងទៀត។
សម្ដេចតេជោ ក៏បានឯកភាពក្នុងការពង្រីកវិសាលភាពសន្និសីទតំបន់នេះទៅអនាគតដើម្បីអោយប្រទេសឯទៀតបានយល់ដឹងហើយអាចប្រទេសធំៗខ្លះ ដែលមានលទ្ធភាពអាចជួយគាំទ្រជួយឧបត្ថម្ភឲ្យដំណើរការនៃការប្រយុទ្ធប្រឆាំងឱសថក្លែងក្លាយកាន់តែមានប្រសិទ្ធភាពថែមទៀត។
លោក david បានសន្យាថា នឹងបន្តគាំទ្រប្រទេសកម្ពុជាតទៅទៀតដោយសារលោកបានដឹងថា ប្រទេសកម្ពុជាបានចេញពីកន្លែងណាទៅដល់កន្លែងណាឆ្លងកាត់អ្វី ដូច្នេះលោកសំដែងមនោសញ្ចេតនាស្រឡាញ់រាប់អានកម្ពុជាហើយនឹងជួយកម្ពុជាបន្តទៀត៕
Source: Kampuchea Thmey Daily
0 Comments