Ad Code

សម្តេច​តេ​ជោ ៖ បញ្ហា​ឱសថ​ក្លែងក្លាយ​និង​អន់​គុណភាព​កំពុង​រីក​រាលដាល​គួរ​ឲ្យ​ព្រួយបារម្ភ ពិសេស​ការ​ធ្វើ​អាជីវកម្ម​តាម​ប្រព័ន្ធ​អន​ឡាញ



ភ្នំពេញ​៖​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​បាន​សំដែង​ការ​ព្រួយបារម្ភ​ចំពោះ ឱសថ​ក្លែងក្លាយ​និង​អន់​គុណភាព ដែល​កំពុង​រីក​រាលដាល​និង​កំពុង​ធ្វើ​អាជីវកម្ម​នៅតាម​អន​ឡាញ ដែល​ធ្វើ​ឲ្យ​សម​ត្ត​កិច្ច​មានការ​ពិបាក​ក្នុងការ​ទប់ស្កាត់។ ដោយ​សម្ដេច​បានលើកឡើង​ថា ​ឱសថ​ក្លែងក្លាយ​ទាំងនោះ គឺ​មាន​ភាពស្រដៀង​គ្នា​ទៅ​និង​ឱសថ​ពិតប្រាកដ ប៉ុន្តែ​ធាតុពិត​នោះ​វា​ឱសថ​ក្លែងក្លាយ និង មួយចំនួន​ហួសការ​បរិច្ឆេទ​ប្រើប្រាស់។



​ប្រមុខ​រាជរដ្ឋាភិបាល​បាន​ថ្លែង​បែបនេះ​នៅក្នុង​សន្និសីទ​ថ្នាក់​តំបន់​ស្តិ​ពី​"​ការ​ប្រយុទ្ធប្រឆាំង​ឱសថ​ក្លែងក្លាយ​និង​អន់​គុណភាព​"​ដែល​បាន​ប្រារព្ធ​ធ្វើ​នា​ព្រឹក​ថ្ងៃ ទី ៥ ខែ វិច្ឆិកា នៅ​សណ្ឋាគារ​សូ​ហ្វី​តែ​ល ភូ​គី​ត្រា ភ្នំពេញ។

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​មានប្រសាសន៍ថា “​បច្ចុប្បន្ន​ឱសថ​ក្លែងក្លាយ​និង​អន់​គុណភាព​បាន​បង្ក​គ្រោះថ្នាក់​ដល់​សុខភាព​និង​សុវត្ថិភាព​សង្គម និង​ធ្វើ​ឲ្យ​រាំងស្ទះ​ដល់​កំណើន​សេដ្ឋកិច្ចជាតិ​ផងដែរ ។ បច្ចុប្បន្ន​បញ្ហា​ឱសថ​ក្លែងក្លាយ​និង​អន់​គុណភាព​កំពុង​រីក​រាលដាល​គួរ​ឲ្យ​ព្រួយបារម្ភ ក្នុងនោះ​ផលិតផល​ឱសថ​មួយចំនួន​កំពុង​ធ្វើ​អាជីវកម្ម​តាម​ប្រព័ន្ធ​អន​ឡាញ​ដែលជា​ឱសថ​គ្មាន​ប្រភព​ច្បាស់លាស់​ហើយ​ស្រដៀង​ទៅ​នឹង​ឱសថ​ពិតប្រាកដ​ធ្វើ​ឲ្យ​អាជ្ញាធរ​ពិបាក​ក្នុងការ​ធ្វើការ​កំណត់​”​។



សម្តេច​តេ​ជោ​បាន​បន្តថា ការរីក​រាលដាល​នៃ​ឱសថ​ក្លែងក្លាយ​និង​អន់​គុណភាព​នេះ អាច​បណ្ដាលមកពី​កត្តា​ជាច្រើន​រួមមាន​តម្លៃ​ឱសថ​ពិតប្រាកដ និង​ត្រឹមត្រូវ​មានតម្លៃ​ខ្ពស់ យន្តការ​នៃ​ការគ្រប់គ្រង​ឱសថ​និង​ចរាចរ​នៅលើ​ទីផ្សារ​មិនមាន​ប្រសិទ្ធភាព ការបណ្ដុះបណ្ដាល​មន្ត្រី​សុខាភិបាល​ស្ដីពី​ជំនាញការ​គ្រប់គ្រង​ឱសថ និង​ការ​ផ្សព្វផ្សាយ​ដល់​ប្រជាជន​ឲ្យ​បាន​យល់ដឹង​អំពី​ឱសថ​ក្លែងក្លាយ និង ការត្រួតពិនិត្យ​ឱសថ ដោយ​សមត្ថកិច្ច​នៅមានកម្រិត។



សម្តេច​តេ​ជោ​បន្តថា កត្តា​ទាំងអស់នេះ​បានផ្ដល់​ឱកាស​ឲ្យ​ពួក​ឧក្រិដ្ឋជន​អាច​ទាញយក​ប្រយោជន៍​ពី​សង្គមជាតិ ហើយ​បាន​គំរាម​យ៉ាងធ្ងន់ធ្ងរ​ដល់​សុខភាព និង​អាយុជីវិត​របស់​ប្រជាជន​។​វិសាលភាព​នៃ​គ្រោះថ្នាក់​និង​ផលប៉ះពាល់​ជា​វិជ្ជមាន​ទាំងអស់នេះ​បាន​ជំរុញ​ឲ្យ​កម្ពុជា​កាន់តែ​យកចិត្តទុកដាក់​ខ្ពស់​នឹង​រៀបចំឡើង​នូវ​យន្តការ និង​វិធានការ​នានា​សំដៅ​ថែរក្សា​សុខុមាលភាព​ប្រជាជន និង​កាត់បន្ថយ​គ្រោះថ្នាក់​ដែល​បណ្ដាលមកពី​ការ​ចរាចរណ៍​ឱសថ​ក្លែងក្លាយ​និង​អន់​គុណភាព​។ ជាក់ស្តែង​នៅក្នុង​នីតិកាល​ទី​៦ នៃ​រដ្ឋសភា​រាជរដ្ឋាភិបាល​បាន​បន្ត​អនុវត្ត​កិច្ចការ​សំខាន់ៗ​មួយចំនួន​រួមមាន ទី​១-​ជំរុញ​ការអនុវត្ត​និង​ធ្វើ​បច្ចុប្បន្ន​កម្ម​ផែនការ​សុខាភិបាល ២០១៦-២០២០ ដើម្បី​លើកកម្ពស់​គុណភាព ប្រសិទ្ធភាព និង សមធម៌​នៃ​សេវា​សុខភាព​។ ទី​២-​ជំរុញ​វិសាលភាព​គ្រប​ដណ្តប់​សុខភាព​សកល​នៅ​កម្ពុជា ។ ទី​៣-​លើកកម្ពស់​គុណភាព​សុវត្ថិភាព​និង​ប្រសិទ្ធភាព​សេវា​សុខភាព ពិសេស​សេវា​សង្គ្រោះ​បន្ទាន់ ដែល​បង្កើន​ការ​វិនិយោគ​លើ​ហេដ្ឋារចនាសម្ព័ន្ធ​សុខាភិបាល​និង​បច្ចេកវិទ្យា​វិទ្យាសាស្ត្រ និង ទី​៤-​ការអនុវត្ត​ច្បាប់​និង​បទប្បញ្ញត្តិ​ពាក់ព័ន្ធ​នឹង​ការគ្រប់គ្រង​ត្រួតពិនិត្យ​គុណភាព​ផលិតផល​ឱសថ ការប្រើប្រាស់​ឱសថ​ដោយ​គ្មាន​វេជ្ជបញ្ជា និង​ការប្រើប្រាស់​គីមី​ក្នុង​ចំណីអាហារ គ្រឿង​ស្រវឹង និង​ថ្នាំជក់​ជាដើម។

​សន្និសីទ​អន្តរជាតិ​ថ្នាក់​តំបន់​ជា​លើកដំបូង​ស្តីពី «​ការប្រយុទ្ធប្រឆាំង​ឱសថ​ក្លែងក្លាយ និង​អន់​គុណភាព​»​ត្រូវ​បាន​បង្កើត​ឡើង​បន្ទាប់ពី​មានការ​ផ្តួច​ផ្តើម​គំនិត​រវាង​សម្តេច​តេ​ជោ ហ៊ុន សែន និង លោក ហ្ស​ង់ ឡឺ​វីត ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​វិទ្យាស្ថាន​ស្រាវជ្រាវ​ប្រឆាំង​ឱសថ​ក្លែងក្លាយ​របស់​ប្រទេស​បារាំង​កាលពី​ឆ្នាំ​២០១៦ កន្លងទៅ​នេះ។ សន្និសីទ​នេះ នឹង​ធ្វើឡើង​រយៈពេល​ពី​រ​ថ្ងៃ​ចាប់ពី​ថ្ងៃទី ៥-៦ ខែវិច្ឆិកា។ សន្និសីទ​នេះ ផ្តោតលើ​កិច្ចពិភាក្សា​អំពី​ការទប់ស្កាត់ និង លុបបំបាត់​នូវ​ឱសថ​ក្លែងក្លាយ និង អន់​គុណភាព ដោយ​បង្កើត​ឲ្យ​មាន​យុទ្ធសាស្ត្រ​យ៉ាង​ត្រឹមត្រូវ​ក្នុង​ការ​បង្កើត​ទំនាក់ទំនង​ជាមួយ​បណ្តា​ប្រទេស​ក្នុង​តំបន់ និង ពិភាក្សា​អំពី​ការធ្វើ​វិសោធនកម្ម​ច្បាប់​ដើម្បី​បន្ថែម​ទោស​ឲ្យ​បាន​ធ្ងន់​ចំពោះ​អ្នក​ផលិត អ្នក​នាំចូល​និង អ្នក​ចរាចរណ៍​ឱសថ​ក្លែងក្លាយ ដើម្បី​ស្របតាម​សន្ធិសញ្ញា PALEMO ដែល​ព្រះរាជាណាចក្រ​កម្ពុជា និង បណ្តា​ប្រទេសជិតខាង​បានធ្វើ​សច្ចាប័ន​រួចហើយ​និង​បង្កើត​វគ្គ​ហ្វឹកហ្វឺន​រួមគ្នា​ដល់​មន្ត្រី​អនុវត្ត​ច្បាប់ ដើម្បី​ផ្លាស់ប្តូរ​បទពិសោធន៍​គ្នា​ទៅវិញទៅមក​ឲ្យ​ក្លាយទៅជា​មន្ត្រី​ជំនាញ​អាចបំពេញ​ការងារ​យ៉ាង​មាន​ប្រសិទ្ធភាព​បំផុត។



សន្និសីទ​នេះ​ធ្វើឡើង​ដើម្បី​រិះរក​នូវ​យន្តការ​ផ្សេងៗ​ដើម្បី​រួមចំណែក​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង និង ទប់ស្កាត់​ចំពោះ​ការ​ចរាចរណ៍​ឱសថ​ក្លែងក្លាយ​និង អន់​គុណភាព ដែលជា​បញ្ហា​ដ៏​បារម្ភ​មួយ​សម្រាប់​ប្រទេស​កម្ពុជា​និង​ប្រទេស​ក្នុង​តំបន់​ទន្លេមេគង្គ​ដទៃទៀត​។

​សន្និសីទ​នេះ​មាន​អ្នកចូលរួម​ប្រមាណ ៤៥០ នាក់ ដោយមាន​ការ​អញ្ជើញ​ចូលរួម​ពី​មន្ត្រី​ពាក់ព័ន្ធ​ថ្នាក់ជាតិ និង​មន្ត្រី​បរទេស​រួមមាន​ប្រទេស​បារាំង​ប្រទេស តំបន់​ទន្លេមេគង្គ រួមមាន កម្ពុជា ឡាវ មី​យ៉ាន់ ថៃ និង​វៀតណាម រួម​នឹង​ចិន ព្រមទាំង​អង្គការ​អន្តរជាតិ​ចំនួន​២០​ផ្សេងទៀត៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu