Ad Code

សម្តេច ហ៊ុន សែន ផ្តល់​អនុសាសន៍​៦​ចំណុច​ដល់​សន្និសីទ​ថ្នាក់​តំបន់​ស្តីពី "​ការប្រយុទ្ធប្រឆាំង​ឱសថ​ក្លែងក្លាយ និង អន់​គុណភាព"



ភ្នំពេញ ៖ នៅក្នុង​សន្និសីទ​ថ្នាក់​តំបន់​ស្តី​ពី "​ការ​ប្រយុទ្ធប្រឆាំង​ឱសថ​ក្លែងក្លាយ និង អន់​គុណភាព "​នៅ​សណ្ឋាគារ​សូ​ហ្វី​តែ​ល ភូ​គៅ​ត្រា ភ្នំពេញ នា​ព្រឹក​ថ្ងៃទី ៥ ខែ វិច្ឆិកា​នេះ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​មានប្រសាសន៍ថា ជា​រួម​កម្ពុជា​យល់​ច្បាស់​ថា​ ការងារ​ប្រយុទ្ធ ប្រឆាំង និង ទប់ស្កាត់​ផលិតផល​ការ​ចរាចរណ៍​ការ ជួញដូរ​ឱសថ​ក្លែងក្លាយ​នេះ​មិនអាច​ប្រទេស​ណាមួយ​ធ្វើ​តែម្នាក់ឯង​ហើយ​ទទួល​បាន​ជោគជ័យ​ទាំងស្រុង​នោះទេ។ គឺ​ត្រូវ​មាន​កិច្ច​សហប្រតិបត្តិការ​ឲ្យ​បាន​ជិតស្និទ្ធ ជា​លក្ខណ​អន្តរជាតិ ទាំង​ការផ្លាស់ប្ដូរ​ព័ត៌មាន​ឲ្យ​គ្នា​ទៅវិញទៅមក ការអនុវត្ត​ច្បាប់​តឹងរ៉ឹង និង​ការទទួលខុសត្រូវ រវាង​ប្រទេស​ដែល​ជា​ប្រភព​ផលិត និង​ការ​ឆ្លងកាត់​នៅ​ប្រទេស​ដែល​មាន​ការប្រើប្រាស់​ឱសថ​ក្លែងក្លាយ និង អន់​គុណភាព។

ដើម្បី​ទប់ស្កាត់​និង​លុបបំបាត់​សកម្មភាព​អវិជ្ជមាន​ទាំងអស់​នេះ​ឲ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​ផ្តល់​អនុសាសន៍​៦​ចំណុច​ដល់​អង្គ​សន្និសីទ​ដើម្បី​ធ្វើជា​ទុន​សម្រាប់ធ្វើ​ការពិចារណា​។

ទី​១.​រៀបចំ​ចាត់វិធានការ​កែទម្រង់​ច្បាប់​និង​បទដ្ឋាន​គតិយុត្តិ​នានា​តាម​ការចាំបាច់​របស់​ប្រទេស​រៀងខ្លួន​ដើម្បី​ធានា​ថា ​ក្របខ័ណ្ឌ​ច្បាប់​នៅក្នុង​យុត្ថាធិការ​របស់ខ្លួន​មាន​លក្ខណៈ​ស្រប​ជាមួយនឹង​យន្តការ​អន្តរជាតិ ។

ទី​២.​អនុវត្តន៍​វិធានការ​ប្រយុទ្ធ ប្រឆាំងនឹង​បទល្មើស​ឱសថ​ក្លែងក្លាយ​និង​អន់​គុណភាព​ជាពិសេស​ត្រូវ​ផ្ដន្ទាទោស​យ៉ាង​តឹងរ៉ឹង​ចំពោះ​ជនល្មើស​និង​ជន​ទាំងឡាយ​ណា ​ដែល​មាន​ការ​ពាក់ព័ន្ធ។

​ ​ទី​៣.​ប្រទេស​នីមួយៗ​គួរ​រៀបចំ​ក្រុម​ជំនាញ​ទាក់ទង​ការងារ​ប្រយុទ្ធ ប្រឆាំង​នឹង​បទល្មើស​ឱសថ​ក្លែងក្លាយ​និង​អន់​គុណភាព ក្នុង​គោលដៅ​សម្របសម្រួល បញ្ជូន​ព័ត៌មាន​និង​ផ្សព្វផ្សាយ​អំពី​ហានិភ័យ​និង​គ្រោះថ្នាក់​ផ្សេងៗ​ដល់​សាធារណជន​និង​កិច្ចសហប្រតិបត្តិការ​ខ្ពស់​ក្នុង​តំបន់​ដើម្បី​ប្រយុទ្ធប្រឆាំង​និង​ទប់ស្កាត់​ការផលិត ការ​ចរាចរណ៍​ឱសថ​ក្លែងក្លាយ​និង​អន់​គុណភាព​ឲ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់​និង​បាន​ទាន់ពេលវេលា​។

​ទី​៤.​អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់​នៅតាម​ព្រំដែន​នៃ​ប្រទេស​នីមួយៗ​ត្រូវ​ផ្ដល់​កិច្ចសហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយគ្នា​ក្នុង​ការ​ស្វែងរក​បទល្មើស​ពាក់ព័ន្ធ​នឹង​ឱសថ​ក្លែងក្លាយ​និង​អន់​គុណភាព​ហើយ​ត្រូវបង្កើត​កម្មវិធី​ផ្លាស់ប្ដូរ​ព័ត៌មាន​ដើម្បី​ស៊ើបអង្កេត​រក​ខ្សែ​ចង្វាក់​ផលិត​ចែកចាយ​និង អត្តសញ្ញាណ​ឧក្រិដ្ឋជន​ទាំងនោះ។

ទី​៥.​បង្កើន​កិច្ចសហប្រតិបត្តិការ​រវាង​ស្ថាប័នរដ្ឋ​និង​វិស័យ​ឯកជន​ពិសេស​ម្ចាស់​ក្រុមហ៊ុន​ដើម​ដែល​ផលិត​ឱសថ​ដើម្បី​ស្រាវជ្រាវ​រក​ឱសថ​ក្លែងក្លាយ​និង​អន់​គុណភាព​ដែល​កំពុង​ចរាចរណ៍​លើ​ទីផ្សារ​ហើយ​ត្រូវ​រាយការណ៍​ទៅ​អាជ្ញា​ធរមាន​សមត្ថកិច្ច​ដើម្បី​ចាត់វិធានការ​តាមផ្លូវ​ច្បាប់​។

ទី​៦.​ត្រូវ​ពង្រីក​វិសាលភាព​នៃ​សេចក្តី​ថ្លែងការណ៍​ទីក្រុង​ភ្នំពេញ​ឲ្យ​បាន​ទូលំទូលាយ និង អំពាវនាវ​ឲ្យ​ដៃគូ​នានា​គាំទ្រ​នូវ​សេចក្តីថ្លែងការណ៍​ពី​ក្រុងភ្នំពេញ​នេះ។



សម្តេច​តេ​ជោ​បាន​បាន​បន្ត​ថា គោល​គំនិត​ទាំង​អស់​នេះ​គឺជា​ការ​ផ្ដួចផ្ដើម​នូវ​ទស្សនទាន​ដែល​សម្តេច​ជឿជាក់​ថា នឹង​រួម​វិភាគទាន​មួយចំនួន​សម្រាប់​អង្គ​សន្និសីទ​យក​ទៅ​ត្រិះរិះ​ពិចារណា​បន្ថែម​និង​ជា​ទុន​សម្រាប់​ប្រើប្រាស់​ក្នុង​ការ​រៀបចំ​គោលនយោបាយ​សុខាភិបាល​និង​ផែនការ​សកម្មភាព​ដែល​ជា​វិធានការ​ជាក់ស្ដែង​ក្នុង​ការ​ប្រយុទ្ធ ប្រឆាំង​ឱសថ​ក្លែងក្លាយ​និង​អន់​គុណភាព​។

​សម្តេច​តេ​ជោ​បន្ត​ថា ​វិសាលភាព​នៃ​គ្រោះថ្នាក់​និង​ផល​ប៉ះពាល់​ជា​វិជ្ជមាន​ដែល​កើត​ចេញ​ពី​ការប្រើប្រាស់​ឱសថ​ក្លែងក្លាយ​បាន​ជំរុញ​ឲ្យ​កម្ពុជា​កាន់តែ​យកចិត្តទុកដាក់​ខ្ពស់​នឹង​រៀបចំឡើង​នូវ​យន្តការ​និង​វិធានការ​នានា​សំដៅ​ថែរក្សា​សុខុមាលភាព​ប្រជាជន​និង​កាត់បន្ថយ​គ្រោះថ្នាក់​ដែល​បណ្ដាលមកពី​កា​ចរាចរ​ឱសថ​ក្លែងក្លាយ​និង​អន់​គុណភាព​។

ជាក់ស្តែង​នៅក្នុង​នីតិកាល​ទី ៦ នៃ​រដ្ឋសភា​រាជរដ្ឋាភិបាល​បាន​បន្ត​អនុវត្ត​កិច្ចការ​សំខាន់ៗ​មួយចំនួន​រួមមាន ១.​ជំរុញ​ការអនុវត្ត​និង​ធ្វើ​បច្ចុប្បន្ន​កម្ម​ផែនការ​សុខាភិបាល​២០១៦-២០២០ ដើម្បី​លើកកម្ពស់​គុណភាព ប្រសិទ្ធភាព និង​សមធម៌​នៃ​សេវា​សុខភាព​។ ២.​ជំរុញ​វិសាលភាព​គ្រប​ដណ្តប់​សុខភាព​សកល​នៅ​កម្ពុជា​។ ៣.​លើកកម្ពស់​គុណភាព​សុវត្ថិភាព​និង​ប្រសិទ្ធភាព​សេវា​សុខភាព​ពិសេស​សេវា​សង្គ្រោះបន្ទាន់​ដែល​បង្កើន​ការវិនិយោគ​លើ​ហេដ្ឋារចនាសម្ព័ន្ធ​សុខាភិបាល​និង​បច្ចេកវិទ្យា​វិទ្យាសាស្ត្រ និង ៤.​ការ​អនុវត្តន​ច្បាប់​និង​បទប្បញ្ញត្តិ​ពាក់ព័ន្ធ​នឹង​ការគ្រប់គ្រង​ត្រួតពិនិត្យ​គុណភាព​ផលិតផល​ឱសថ ការប្រើប្រាស់​ឱសថ​ដោយ​គ្មាន​វេជ្ជបញ្ជា​និង​ការប្រើប្រាស់​គីមី​ក្នុង​ចំណីអាហារ គ្រឿង​ស្រវឹង​និង​ថ្នាំជក់​ជាដើម៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu