ភ្នំពេញ ៖ ក្នុងឱកាសអញ្ជើញបើកសន្និសីទអន្តរជាតិថ្នាក់តំបន់ស្តីពី“ការប្រយុទ្ធប្រឆាំងឱសថក្លែងក្លាយនិងអន់គុណភាព ” កាលពីព្រឹកថ្ងៃទី៥ ខែវិច្ឆិកានេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានជំរុញឲ្យមានការពង្រីកវិសាលភាពនៃសេចក្ដីថ្លែងការណ៍ភ្នំពេញ ដែលផ្ដោតទៅលើការប្រយុទ្ធប្រឆាំងឱសថក្លែងក្លាយនិងអន់គុណភាព ទៅក្នុងយន្តការតំបន់និងអន្តរជាតិ ឲ្យកាន់តែទូលំទូលាយក្លាយជាចរន្តអន្តរជាតិ ដែលត្រូវតែមានការចូលរួមទាំងអស់គ្នា ជារួមទាំងប្រទេសផលិត និង ប្រទេសមិនមែនផលិត ដែលពិធីនេះ មានការចូលរួមពីបណ្ដារដ្ឋមន្ត្រីសុខាភិបាលក្នុងអនុតំបន់មេគង្គនិង អង្គការអន្តរជាតិប្រមាណ ២០ ដែលមានអ្នកចូលរួមប្រមាណ ៤៥០ នាក់។
សម្តេចតេជោនាយករដ្ឋមន្ត្រីបានធ្វើការអត្ថាធិប្បាយថា សេចក្តីថ្លែងការណ៍នេះសម្តេចគិតថា គួរអំពាវនាវឲ្យដៃគូអភិវឌ្ឍន៍នានាគាំទ្រនូវសេចក្តីថ្លែងការណ៍ទីក្រុងភ្នំពេញនេះ ហើយសង្ឃឹមថា ប្រធានាធិបតីបារាំង លោក ម៉ាក្រុង នឹងចាប់អារម្មណ៍ទៅលើវិធានការទាំងឡាយដែលទាក់ទងទៅនឹងបញ្ហាសុខភាពសាធារណៈ ពីព្រោះបារាំងជាប្រទេសដែលយកចិត្តទុកដាក់ខ្ពស់បំផុតទៅលើបញ្ហាសុខភាពនេះ ក្រៅពីការប្រែប្រួលអាកាសធាត។ សម្តេចបន្តថា នេះជាចំណុចដែលយើងគួរធ្វើរួមគ្នាឲ្យក្លាយទៅចំណុចរួម។
សម្តេចបន្តថា ប្រសិនបើខ្វះចន្លោះនៃកិច្ចសហប្រតិបត្តិការនីមួយៗ យើងមិនអាចទប់ទល់ជាមួយនឹងឃាតកលាក់មុខនេះបានទេ ព្រោះថា ឱសថអាចមកពីប្រភពនេះ អាចមកពីប្រភពនោះ ហើយក្នុងនោះមួយផ្នែកធំបានលក់ចែកចាយទៅគ្រប់ទីកន្លែងឲ្យប្រជាជនប្រើប្រាស់។ ដូច្នេះហើយបានជានៅក្នុងក្របខណ្ឌប្រទេសរៀងខ្លួន ពិសេសកម្ពុជាខ្លួនឯង គឺជាប្រទេសមួយក្នុងចំណោមប្រទេសរងគ្រោះដែលត្រូវធ្វើបន្តទៀត។
សម្តេចតេជោបានបន្តថា ដោយសារបញ្ហាសុខុមាលភាព និង សុខភាពសាធារណៈកំពុងជួបប្រទះនៅក្នុងប្រទេសអភិវឌ្ឍតិចតួចនិង ប្រទេសកំពុងអភិវឌ្ឍន៍ ដែលទទួលរងគ្រោះដោយសារតែឱសថក្លែងក្លាយនិងអន់គុណភាព ។ ដូច្នេះសម្តេចគិតថា វាជាឱកាសល្អមួយសម្រាប់ផ្ដើមចេញពីទីក្រុងភ្នំពេញហើយពង្រីកទៅកាន់វេទិកាដទៃទៀត។ ដំបូងឡើយសម្តេចគិតថា នៅទីនេះមានតំណាងមកពីប្រទេសតាមដងទន្លេមេគង្គ មានបណ្តាប្រទេសអាស៊ាន និងឯកអគ្គរដ្ឋទូតនៃបណ្តាប្រទេសអាស៊ាន យើងគួរនាំយកគំនិតផ្ដួចផ្ដើមទាក់ទងនឹងឱសថក្លែងក្លាយនេះចូលទៅក្នុងក្របខ័ណ្ឌអាស៊ានដែលនៅសល់តែប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះ កិច្ចប្រជុំកំពូលអាស៊ាន និង ដៃគូពាក់ព័ន្ធនឹងចាប់ផ្ដើម ដូចនេះច្បាស់ជាមិនអាចរៀបចំទាន់ទេ។ តែសង្ឃឹមថា ព្រះរាជាណាចក្រថៃដែលធ្វើជាប្រធានអាស៊ាននៅឆ្នាំ ២០១៩ ដូច្នេះសូមឯកអគ្គរាជទូតថៃក៏ដូចជាតំណាងគណៈប្រតិភូថៃពាំនាំនូវបញ្ហានេះគួរយើងពង្រីកទៅក្នុងក្របខ័ណ្ឌនៃប្រទេសអាស៊ានតែម្តង។
សម្តេចតេជោបន្តថា ក្រៅពីអាស៊ាននៅមានយន្តការផ្សេងៗជាច្រើនទៀត ដូចជានៅក្នុងក្របខណ្ឌ អាស៊ីបូព៌ា ព្រោះនៅក្នុងក្របខ័ណ្ឌនោះយើងនឹងទាក់ទាញបានការយកចិត្តទុកដាក់នឹងកាត់បន្ថយគ្រោះថ្នាក់នៅតាមបណ្ដាប្រទេសដទៃដែលរងគ្រោះដូចយើង។ ជាមួយនេះសម្តេចក៏បានស្នើឲ្យឯកអគ្គរដ្ឋទូតបារាំង និង លោក ហ្សង់ ដាវីដ ឡឺវិត ប្រធានក្រុមប្រឹក្សាភិបាលវិទ្យាស្ថានស្រាវជ្រាវការប្រយុទ្ធប្រឆាំងឱសថក្លែងក្លាយនិងអន់គុណភាព មានការពិចារណាជាមួយសម្តេច ដោយសារកម្ពុជាដែលត្រូវធ្វើជាម្ចាស់ផ្ទះនៅឆ្នាំ២០២០ កិច្ចប្រជុំអាស៊ី-អឺរ៉ុប ។ អញ្ចឹងសូមសហការជាមួយគ្នាមើល តើយើងគួរយកប្រធានបទមួយនេះដាក់ចូលទៅក្នុងកិច្ចប្រជុំអាស៊ី-អឺរ៉ុបដែរឬទេ។
ក្រៅពីនេះ នៅមានយន្តការ francophones ដែលមួយផ្នែកមានបណ្តាប្រទេសអាស៊ីនិងមួយផ្នែកមានបណ្តាប្រទេសនៅអាហ្វ្រិកសុទ្ធតែជាបណ្ដាប្រទេសអភិវឌ្ឍន៍តិចតួចនិងកំពុងអភិវឌ្ឍន៍ដែលរងគ្រោះដូចកម្ពុជាដែរ ។ ដូច្នេះ ខ្ញុំគិតថាយើងមិនឋិតនៅក្នុងកម្រិតនៃសេចក្តីថ្លែងការណ៍ក្រុងភ្នំពេញនោះទេ។
សម្តេចបន្តថា វាជាចរន្តអន្តរជាតិ វាត្រូវតែមានការចូលរួមទាំងអស់ជារួមទាំងប្រទេសផលិត និងប្រទេសមិនមែនផលិត។ ចំណុចនេះ ជាចំណុចដែលក្នុងប្រទេសមួយមិនអាចត្រឹមតែក្រសួងសុខាភិបាលនិងក្រសួងមហាផ្ទៃធ្វើបាននោះទេ ត្រូវមានស្ថាប័នច្រើនចូលរួម ហើយនៅក្នុងក្របខណ្ឌតំបន់និងពិភពលោក មិនអាចមានប្រទេសណាមួយទទួលបានជោគជ័យឬគ្រាន់តែមហាអនុតំបន់អាចទទួលជោគជ័យនោះទេ គឺត្រូវមានភាពទូលំទូលាយជាងនេះ។
សម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏បានស្នើឲ្យឯកអគ្គរដ្ឋទូត បារាំងប្រចាំកម្ពុជា និង ប្រធានក្រុមប្រឹក្សាភិបាលនៃវិទ្យាស្ថានស្រាវជ្រាវប្រឆាំងឱសថក្លែងក្លាយ ពិចារណា ដាក់ប្រធានបទការប្រយុទ្ធ ប្រឆាំងឱសថក្លែងក្លាយ និងអន់គុណភាពទៅ ក្នុងកិច្ចប្រជុំកំពូល អាស៊ី-អឺរ៉ុបលើកទី១៣ ខណៈកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ នាឆ្នាំ២០២០ខាងមុខ។ ជាងនេះទៀតសម្ដេច ក៏បានស្នើឱ្យយកគំនិតផ្ដួចផ្ដើស្ដីពីបញ្ហាឱសថក្លែងក្លាយ និងអន់គុណភាព ដាក់បញ្ចូលក្នុងក្របខ័ណ្ឌអាស៊ាន ព្រោះក្នុងពេលខាងមុខ កិច្ចប្រជុំកំពូលអាស៊ាននឹងធ្វើឡើងនៅប្រទេសថៃ ហើយក្រៅពីនេះយើងក៏នៅមានយន្តការហ្វ្រង់កូហ្វូនដែលត្រូវបញ្ចូលបញ្ហានេះផងដែរ។
សម្តេចនាយករដ្ឋមន្ត្រីបញ្ជាក់បន្ថែមទៀតថា នៅចុងខែវិច្ឆិកា ឆ្នាំ២០១៨ខាងមុខ សម្តេចតេជោនឹងអញ្ជើញទៅបំពេញទស្សនកិច្ច និងចូលរួមក្នុងកិច្ចប្រជុំ អាយខាប់ ដែលជាសន្និសីទអន្តរជាតិនៃ បណ្តាបក្សនយោបាយ និយមកណ្តាល អាស៊ី-ប៉ាស៊ីហ្វិក ដែលមានជិត ១០០គណបក្ស ចូលរួមដែលធ្វើឡើង នៅប្រទេសនេប៉ាល់ ហើយពេលនោះសម្តេច នឹងស្នើឲ្យគ្រប់បណ្តាគណបក្សនយោបាយ ទាំងប្រឆាំង និងស្រប មកពីប្រទេសជិត ១០០ ឲ្យគាំទ្រ ចំពោះសេចក្តីថ្លែងការណ៍នៅទីក្រុងភ្នំពេញ ដែលផ្ដោតទៅលើការប្រយុទ្ធប្រឆាំងឱសថក្លែងក្លាយ និងអន់គុណភាពនេះ។
ក្នុងសន្និសីទថ្នាក់តំបន់នេះដែរ សម្ដេចតេជោនាយករដ្ឋមន្ត្រីក៏បានផ្ដល់អនុសាសន៍ ឲ្យរៀបចំនិងចាត់វិធានការកែទម្រង់ច្បាប់ និងបទដ្ឋានគតិយុត្តិនានាតាមការចាំបាច់របស់ប្រទេសរៀងៗខ្លួន ដើម្បីធានាឲ្យបាននូវក្របខ័ណ្ឌច្បាប់ដែលអនុលោមជាមួយយន្តការអន្តរជាតិ។ អនុវត្តន៍វិធានការប្រយុទ្ធប្រឆាំងបទល្មើសឱសថក្លែងក្លាយនិងអន់គុណភាព ជាពិសេសត្រូវផ្ដន្ទា ទោសយ៉ាងតឹងរ៉ឹងចំពោះជនល្មើស និងជនទាំងឡាយណាដែលមានការពាក់ព័ន្ធ។ ប្រទេសនិមួយៗ គួរបង្កើតក្រុមជំនាញពាក់ព័ន្ធការងារប្រយុទ្ធប្រឆាំងនឹងបទល្មើសឱសថក្លែងក្លាយ និងអន់គុណភាព ក្នុងគោលដៅសម្របសម្រួលបញ្ជូនព័ត៌មាន និងផ្សព្វផ្សាយអំពីហានិភ័យ និងគ្រោះ ថ្នាក់ផ្សេងៗដល់សាធារណជននិងកិច្ចសហប្រតិបត្តិការខ្ពស់ក្នុងតំបន់ដើម្បីប្រយុទ្ធប្រឆាំងនិងទប់ស្កាត់ការផលិត ការចរាចរណ៍ឱសថក្លែងក្លាយនិងអន់គុណភាពឲ្យមានប្រសិទ្ធភាពនិងទាន់ពេលវេលា។ អាជ្ញាធរគ្រប់លំដាប់ថ្នាក់នៅតាមព្រំដែននៃប្រទេសនីមួយៗត្រូវផ្តល់កិច្ចសហប្រតិបត្តិការជិតស្និទ្ធជាមួយគ្នាក្នុងការស្វែងរកបទល្មើសពាក់ព័ន្ធនឹងឱសថក្លែងក្លាយនិងអន់គុណភាព ហើយត្រូវបង្កើតកម្មវិធីផ្លាស់ប្ដូរព័ត៌មានដើម្បីស៊ើបអង្កេតរកប្រភពសង្វាក់ផលិត ការចែកចាយ និងអត្តសញ្ញាណឧក្រិដ្ឋជន ទាំងនោះ។ បង្កើនកិច្ចសហប្រតិបត្តិការរវាងស្ថាប័នរដ្ឋនិងឯកជនជាពិសេសម្ចាស់ក្រុមហ៊ុនដែលផលិតឱសថដើម្បីស្រាវជ្រាវរកឱសថក្លែងក្លាយ និងអន់គុណភាព ដែលកំពុងចរាចរលើទីផ្សារហើយត្រូវរាយការណ៍ទៅអាជ្ញាធរមានសមត្ថកិច្ចដើម្បីចាត់វិធានការតាមផ្លូវច្បាប់៕
Source: Kampuchea Thmey Daily
0 Comments