ភ្នំពេញ ៖ ម្ចាស់ជំនួយសមាគមអប់រំនិងជួយក្មេងក្រីក្រ(ហៅតាសៅថ្មដា)បានអញ្ជើញមកពីសហរដ្ឋអាមេរិកដើម្បីពិនិត្យមើលស្ថានភាពជាក់ស្តែងនៅមណ្ឌលសមាគមអំពីតំរូវការចាំបាច់អ្វីខ្លះដែលក្មេងៗក្រីក្រគាត់ត្រូវការហើយនឹងមានអ្វីខ្លះទៀតសំរាប់ជួយដល់ពួកគាត់ដើម្បីបន្តសិក្សារៀនសូត្រទៅថ្ងៃមុខ។
នៅឯអាកាសយានដ្ឋានអន្តរជាតិភ្នំពេញលោក ថន ថារិទ្ធ ប្រធានសមាគមអប់រំនិងជួយក្មេងក្រីក្រ (ត្រកូលសៅ)និងជាដំណក់ឈាមតែមួយគត់របស់ អតីតតារាភាពយន្តដ៏ល្បីល្បាញ លោក ជាយុទ្ធ ថននិងអ្នកនាងសោម សុវណ្ណសូដានីបានប្រាប់ឲ្យដឹងថា ម្ចាស់ជំនួយដែលអញ្ជើញ មកពីសហរដ្ឋអាមេរិកនាពេលនេះគឺពួកគាត់តំណាងឲ្យសហគមន៍ខ្មែរនៅសហរដ្ឋអាមេរិកកាលីហ្វ័រញ័រក្រុងLodi san Jose រួមមាន 1-លោកស្រី សារាយ ត្រាំង(Sarray Tran) ,2-លោក ខាន់ ត្រាំង (khanh Tran)3-លោកស្រី ប្រេនដា (Brenda Mark),4-លោក Robert Lyons 5-លោកស្រី ចន្តា វាសនាលឿន (Chanda veasa Loeun)6-លោកស្រី នួន 7- លោក គៀម យីម (Keam Yim) 8- លោក ថន ចាន់យី និងលោកសុជាតិ។
លោក ថន ថារិទ្ធ បានឲ្យដឹងថា “ពួកគាត់នឹងត្រូវទៅពិនិត្យមើលការសាងសង់មណ្ឌល(តាសៅថ្មដា)ដែលមានទីតាំងនៅក្នុងតំបន់វាលរេញ ស្រុក ព្រៃនប់ ខេត្តព្រះសីហនុ។ បច្ចុប្បន្ននេះមណ្ឌលបានសាងសង់រួច៣០%ហើយក្នុងនោះមានកន្លែងស្នាក់នៅសម្រាប់ក្មេង កសាងកន្លែងបាល់ទាត់ បណ្ណាល័យ សាលារៀនភាសាអង់គ្លេស ចិន កុំព្យូទ័រ គណិតវិទ្យា រូបវិទ្យានិងអក្សរសាស្ត្រ។
ប៉ុន្តែដោយមានការខ្វះខាតច្រើនទើបខ្ញុំសុំសំណូមឲ្យសប្បុរសជន ទាំងក្នុងនិងក្រៅប្រទេសទាំងអស់ផ្តល់ក្តីមេត្តាជួយបន្ថែមដើម្បីឲ្យមណ្ឌលតាសៅថ្មដានេះបានសាងសង់រួចរាល់ជាស្ថាពរជាប្រយោជន៍ឲ្យក្មេងក្រីក្របានស្នាក់នៅនិងរៀនសូត្រទៅថ្ងៃអនាគត”។
ខណៈមកដល់ស្រុកខ្មែរ លោកស្រី សារាយ ត្រាំង(Sarray Tran) បាននិយាយថា “ខ្ញុំ មានអារម្មណ៍រំភើបណាស់ បងប្អូនដែលរស់នៅសហរដ្ឋអាមេរិកមានការគាំទ្រយើងទាំងអស់គ្នាព្រោះអាណិតក្មេងៗក្រីក្រ ទោះបីជាពួកយើងមិនមែនជាអ្នកមានអីនោះទេ តែយើងបេះពីមាត់ពីក ដើម្បីជួយដល់ក្មេងៗព្រោះដោយសេចក្តីអាណិតអាសូរ ចង់ឲ្យពួកគាត់រៀនសូត្រឲ្យបានច្រើន មានចំណេះដឹងទៅថ្ងៃអនាគត អាចក្លាយទៅជាបញ្ញវន្តដើម្បីជួយដល់គ្រួសារខ្លួនឯងនិងសង្គមជាតិ។
លោកស្រី បានបន្តថា ក្រៅពីថវិកាផ្ទាល់ខ្លួន យើងក៏បានជួយរៃអង្គាសថវិកានៅតាមពិធីបុណ្យ ផ្សេងៗនៅវត្តអារាមនៅសហរដ្ឋអាមេរិកដែរ និងមានការជួយជាច្រើនពីបងប្អូនខ្មែរនៅទីនោះទៅតាមកម្លាំងសទ្ធាជ្រះថ្លាមិនមានលុយកាក់ច្រើនទេ តែមានទឹកចិត្តធំធេង ដើម្បីជួយដល់សមាគមអប់រំនិងជួយក្មេងក្រីក្រតាសៅថ្មដា)នេះ។
ក្នុងនាមប្រធានសមាគមអប់រំនិងជួយក្មេងក្រីក្រ លោក ថន ថារិទ្ធ បញ្ជាក់ថា នាពេលខាងមុខនេះនឹងមានគំរោងបញ្ជូនបុគ្គលិកឲ្យទៅរៃអង្គាសមូលនិធិនៅសហរដ្ឋអាមេរិកបន្តពីរូបលោក ដើម្បីបន្តសាងសង់មណ្ឌលកុមារកំព្រាតាសៅថ្មដា ឲ្យរួចរាល់សំរាប់ក្មេងក្រីក្របានស្នាក់នៅសិក្សារៀនសូត្រ។ ក្នុងនោះតាមគំរោងរួមមាន លោក ជា សុជាតិ, លោក ម៉ានីល , លោក កាំង សំណាង និងលោក លន់ សាវរី គ្រោងចេញដំណើរនៅក្នុងឆ្នាំ២០១៩ខាងមុខនេះ។ដោយឡែករូបលោកផ្ទាល់ក៏នឹងត្រូវចេញទៅប្រទេសអូស្ត្រាលីរួមនឹងតារាចម្រៀងចំនួន២នាក់ទៀតផងដែរ៕
Source: Kampuchea Thmey Daily
0 Comments