ត្បូងឃ្មុំ ៖ ប្រជាកសិករនៅក្នុងខេត្តត្បូងឃ្មុំ កំពុងមមាញឹកញាប់ដៃញាប់ជើង ប្រមូលផលស្រូវធ្ងន់ ប្រភេទស្រូវផ្ការំដួល យ៉ាងសប្បាយរីករាយ ខណៈឆ្នាំនេះ ស្រូវឲ្យផលល្អ និងមានតម្លៃខ្ពស់ជាងឆ្នាំទៅ ដែលអាចជួយទ្រទ្រង់ជីវភាពកសិករយើង ឲ្យបានប្រសើរគួរមោទនភាពយ៉ាងក្រៃលែង។
លោក សំ ងួន អាយុ៥៥ឆ្នាំ រស់នៅភូមិពោន ឃុំអញ្ចើម ស្រុក/ខេត្តត្បូងឃ្មុំ បានបញ្ជាក់ឲ្យដឹងថា ចំពោះប្រភេទស្រូវផ្ការំដួលនេះ កសិករនិយមដាំណាស់ ក្នុងរយៈពេលជិត៧ខែ កសិករនឹងបានផលហើយ។ ក្នុងនោះដែរកសិករ បន្ទាប់ពីធ្វើដីស្អាត គឺព្រួសស្រូវតែម្តង មិនស្ទូងដូចមុនទៀតទេ កសិករអាចប្រើជីលាមកគោ និងជីរូបសញ្ញាផែនដីរបស់ជប៉ុន ជាការស្រេច។ ការប្រឈមអាចបណ្តាលមកពីកត្តាអាកាសធាតុ រាំងស្ងួត ខ្វះទឹកភ្លៀង ចំពោះសត្វល្អិតមានដែរតែតិចតួច មិនជាបញ្ហាអ្វីទេ។ ក្នុងទំហំដី១ហិចតា ត្រូវប្រើដើមទុនអស់ជិត ៦០ម៉ឺនរៀលដែរ ហើយរំដួលឲ្យផលបានជិត ៤តោន គិតជាទឹកប្រាក់បានជិត៥លានរៀលផងដែរ។
ក្នុង១ឆ្នាំយើងអាចធ្វើវាបានតែម្តងគត់ តែបើធ្វើស្រូវស្រាលគឺស្រូវ៣ខែ មានស្រូវសែនក្រអូប និងស្រូវពូជ៤៩ គុណភាពវាក៏ឆ្ងាញ់ ផលវាក៏ឲ្យល្អដែរ។
លោកស្រី យ៉ន រ៉ានអាយុ៤៥ឆ្នាំ រស់នៅភូមិក្រោយវត្ត ឃុំអញ្ចើម ស្រុក/ខេត្តត្បូងឃ្មុំ ក៏បានឲ្យដឹងដែរថា បច្ចុប្បន្នការប្រមូលផលស្រូវកសិករលែងសូវច្រូតដូចមុនទៀតហើយ គឺប្រើម៉ាស៊ីនច្រូតស្រូវតែម្តង ក្នុង១ហិតាតម្លៃ ៣០រៀល គឺ១ម៉ែត្រតម្លៃ៣០០រៀល។ ចំពោះស្រូវដួលរាបដល់ដី កសិករអាចច្រូតប្រមូលយកមកបោកដោយដៃ ព្រោះម៉ាស៊ីនច្រូតបានតែស្រូវឈរទេ។ យើងបោកដៃជួយទប់ផល កុំឲ្យបាត់បង់ច្រើនពេក។ ចំពោះទីផ្សារស្រូវឆ្នាំនេះ ស្រួលលក់មានម៉ូយចូលមកទិញដល់ស្រែតែម្តង ច្រូតភ្លាមទិញភ្លាម ក្នុង១គីឡូក្រាមស្រូវសើមតម្លៃ ១២០០រៀល តែបើហាលស្ងួតអាចបាន ១៣០០ទៅ១៤០០រៀល ក្នុង១គីឡូក្រាម ឆ្នាំនេះស្រូវឲ្យផលល្អជាងឆ្នាំទៅ ដោយឆ្នាំទៅ មានតម្លៃតែ ៩០០រៀលតែប៉ុណ្ណោះ។
លោក យូរ តាំងហ៊ី អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តត្បូងឃ្មុំ បានបញ្ជាក់ឲ្យដឹងថា គិតមកដល់ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៨ នេះ កសិករប្រមូលផលស្រូវបាន ១០២៣០ហិតាហើយ ស្មើ១៣ភាគរយ នៃផ្ទៃដីជាង ៧ម៉ឺនហិតា ហើយស្រុកដែលប្រមូលផលស្រូវបានច្រើនជាងគេ គឺស្រុកអូរាំងឪ៕
Source: Kampuchea Thmey Daily
0 Comments