ភ្នំពេញ ៖ អាជ្ញាធរខណ្ឌដូនពេញ ដឹកនាំកម្លាំងចុះរៀបចំ និងធ្វើអនាម័យដើម្បីត្រៀមរៀបចំទិវាបុណ្យឯករាជ្យជាតិ៩ វិច្ឆិកា និងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ អកអំបុក ថ្ងៃទី ២១ - ២២ - ២៣ ខាងមុខនេះ។
ជាក់ស្តែងនៅព្រឹកថ្ងៃព្រហស្បតិ៍១កើត ខែកត្តិក ឆ្នាំច សំរឹទ្ធស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ លោក សុខ ពេញវុធ អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ បានដឹកនាំមន្ត្រីសាលាខណ្ឌដូនពេញ សង្កាត់ទាំង១១ និងបុគ្គលិកក្រុមហ៊ុនស៊ិនទ្រី សហការជាមួយ មន្ទីរសាធារណការរាជធានីភ្នំពេញ ចុះធ្វើអនាម័យ និងបាញ់ទឹកលាងសម្អាតនៅតាមសួនច្បារមុខព្រះបរមរាជវាំង តាមបណ្តោយមាត់ទន្លេ មហាវិថីព្រះសុធារស មហាវិថីព្រះសីហនុ សួនច្បារវិមានឯករាជ្យខាងកើត និងខាងលិច ព្រមទាំងវិមានឯករាជ្យ និងស្តូបព្រះបរមរតនៈកោដិ។
នៅក្នុងការលាងសំអាត និងធ្វើអនាម័យនេះដែរ គឺដើម្បីត្រៀមរៀបចំព្រះរាជពិធី ខួបអនុស្សាវរីយ៍លើកទី៦៥ នៃទិវាបុណ្យឯករាជ្យជាតិ៩ វិច្ឆិកា និងទិវាកំណើតនៃកងយោធពលខេមរភូមិន្ទ ឆ្នាំ២០១៨ ដែលប្រព្រឹត្តទៅនៅថ្ងៃទី០៩ ខែ វិច្ឆិកា ឆ្នាំ២០១៨ វេលាម៉ោង០៦ និង០០នាទីព្រឹក ព្រះរាជពិធីប្រទានភ្លើងជ័យ លុះដល់ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៨ វេលាម៉ោង១៥ និង៣០នាទីល្ងាច ព្រះរាជពិធីពន្លត់ភ្លើងជ័យ ក្រោមអធិបតីភាព ដ៏ខ្ពង់ខ្ពស់បំផុតរបស់ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជាផងដែរ៕
Source: Kampuchea Thmey Daily
0 Comments