ភ្នំពេញ ៖ សន្និសីទស្តីពីគម្រោង Inspire Asean 2018 បានប្រមូលផ្តុំទៅដោយអ្នកជំនាញពីអង្គការថាមពលកកើតទ្បើងវិញឈានមុខគេក្នុងតំបន់អាស៊ីអាគ្នេយ៍ និងប្រទេសកម្ពុជា បានជួបជុំគ្នាដើម្បីបង្ហាញពីចំណាប់អារម្មណ៍លើការរីកលូតលាស់ដ៏រហ័សរបស់ថាមពលពន្លឺព្រះអាទិត្យ និងខ្យល់សន្និសីទនេះ បានធ្វើឡើងនៅថ្ងៃទី០៧ ខែវិច្ឆិកា នៅឯសណ្ឋាគារ សូហ្វីតែល ភ្នំពេញ
គម្រោង Inspire Asean៖ ថាមពលនាពេលអនាគត គឺជាសន្និសីទដ៏សំខាន់នៃយុទ្ធនាការ Clean Energy Week Cambodia នៅក្នុងប្រទេសកម្ពុជា ដែលត្រូវបានចាប់ផ្តើមពីថ្ងៃទី០១ ខែវិច្ឆិកា រហូតដល់ ថ្ងៃទី០៨ ខែវិច្ឆិកា ដោយផ្តោតលើប្រធានបទនៃថាមពលកកើតទ្បើងវិញនៅតាមទីតាំង និងស្ថាប័នជាច្រើនក្នុងរាជធានីភ្នំពេញ។
លោក Tassilo Brinzer នាយកប្រតិបត្តិរបស់ទស្សនាវដ្តី Globe Media Asia បានបង្ហាញសុទិដ្ឋិនិយមចំពោះទស្សនវិស័យនៃថាមពលកកើតទ្បើងវិញក្នុងប្រទេសកម្ពុជា ដោយមានប្រសាសន៍ថា «នេះជាលើកដំបូងហើយក្នុងប្រទេសកម្ពុជា ដែលប្រធានបទនេះត្រូវបានលើកទ្បើងមកវែកញែកជាសាធារណៈ តាមរយៈការរៀបចំកម្មពិធីពិសេសជាសាធារណៈពេញមួយសប្តាហ៍ទូទាំងទីក្រុងភ្នំពេញ។ ជាមួយសន្និសីទស្តីពីគម្រោង Inspire Asean នេះយើងមានមហិច្ឆតាខ្ពស់ក្នុងការលើកកម្ពស់ការប្រើប្រាស់ថាមពលស្អាតស្អំ និងពន្លឿនការលូតលាស់ផ្នែកថាមពលនាពេលអនាគតប្រកបដោយនិរន្តរភាពនៅក្នុងប្រទេសកម្ពុជា។ ការអនុម័តិ និងការគាំទ្រយ៉ាងមោះមុតសម្រាប់ថាមពលកកើតឡើងវិញនេះ នឹងជំរុញឲ្យមានកំណើនសេដ្ឋកិច្ច និងពន្លឿនឧស្សាហកម្មទាំងមូលក្នុងសេដ្ឋកិច្ចកម្ពុជា។ យើងសង្ឃឹមថា យើងអាចបំផុសគំនិតឲ្យមនុស្សកាន់តែច្រើនយកចិត្តទុកដាក់លើវិស័យនេះ និងឱកាសជាច្រើនដែលការធ្វើអាជីវកម្មថាមពលស្អាតស្អំមួយនេះផ្តល់ជូនសង្គម»។
គម្រោង Inspire Asean 2018 សិក្សាអំពីផលប៉ះពាល់នៃការចាប់ផ្តើមផ្លាស់ប្តូរ និងបង្ហាញគន្លឹះសម្រាប់ឧស្សាហកម្មក្នុងការសម្របខ្លួនដើម្បីឆ្លើយតបនឹងតម្រូវការចាំបាច់របស់បរិស្ថាន សេដ្ឋកិច្ច និងអតិថិជន។ ដោយផ្តោតលើយុទ្ធសាស្ត្រច្នៃប្រឌិត រឿងរ៉ាវជោគជ័យ និងការផ្តល់យោបល់ កម្មវិធីនេះត្រូវបានបង្កើតធ្វើទ្បើងដើម្បីពង្រីកចំណេះដឹង និងបំផុសគំនិតល្អៗ ដែលបន្តជំរុញដល់វិស័យនេះឲ្យកាន់តែឆ្ពោះទៅមុខ។
គម្រោង Inspire Asean ៖ ថាមពលនាពេលអនាគត គឺជាផ្នែកមួយនៃយុទ្ធនាការ Clean Energy Week ដំបូងក្នុងប្រទេសកម្ពុជា ដែលបានរៀបចំដោយក្រុមហ៊ុន EnergyLab និងទទួលរ៉ាប់រងដោយប្រព័ន្ធផ្សព្វផ្សាយ Globe Media Asia និងបង្ហាញជាដៃគូជាមួយក្រុមហ៊ុន CominAsia៕
Source: Kampuchea Thmey Daily
0 Comments