បាត់ដំបង ៖ លោក ចាន់ យុត្ថា រដ្ឋលេខាធិការ និងជា អ្នកនាំពាក្យ ក្រសួងធនធានទឹក និងឧតុនិយម កាលពីថ្ងៃទី ៨ វិច្ឆិកា នេះបាន អញ្ជើញចុះពិនិត្យ សកម្មភាព ក្រុមការងារ មន្ទីរធនធានទឹក កាយប្រឡាយមេ ដើម្បីនាំទឹកទៅសង្គ្រោះស្រូវរបស់បងប្អូនប្រជាកសិករប្រមាណ ៥២០ ហិកតា ដែលកំពុងខ្វះខាតទឹក។
លោករដ្ឋលេខាធិការបានបន្តថា ដោយអនុវត្តតាមបទបញ្ជារបស់លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម លោកបានដឹកនាំ ក្រុមកាងារ ចុះពិនិត្យសកម្មភាព កាយប្រឡាយនាំទឹកប្រវែងប្រមាណ ១៥គីឡូម៉ែត្រ ដើម្បីនាំទឹកទៅសង្គ្រោះស្រូវរបស់បងប្អូនប្រជាកសិករប្រមាណ ៥២០ ហិកតា នៅចំណុចភូមិព្រៃព្រាល ឃុំឃ្លាំងមាស ស្រុកបវេល ខេត្តបាត់ដំបង។
លោកចាន់ យុត្ថា បញ្ជាក់បន្ថែមថា ដើម្បីនាំទឹកទៅកាន់ស្រែដែលរងផលប៉ះពាល់ ក្រុមការងារត្រូវកែសម្រួលស្នាមភ្លោះអមសងខាងផ្លូវលំជនបទ ឲ្យទៅជាប្រឡាយនាំទឹកប្រវែងប្រមាណ ១១គីឡូម៉ែត្រ ហើយប្រមាណ ៤ គីឡូម៉ែត្រទៀត ដែលជាចំណុចក្រិតកម្ពស់ដីខ្ពស់ ត្រូវកាយឲ្យបានជ្រៅ ទើបទឹកទៅដល់ដីស្រែដែលកំពុងមានតម្រូវការទឹកទាំងនោះ។
ក្រុមមន្ត្រីគ្រប់មុខព្រួញរបស់ក្រសួងធនធានទឹកនិង ឧតុនិយមបានចុះធ្វើអន្តរាគមន៍បូមទឹកដាក់ដំណាំស្រូវរបស់ប្រជាកសិករ នៅក្នុងខេត្តចំនួន១៣បន្ទាប់ពីរដូវវស្សាហៀបនឹងផុតទៅមានភ្លៀងធ្លាក់ខ្សោយ ធ្វើឲ្យដំណាំស្រូវជិតពីរម៉ឺនហិកតាចាប់ផ្តើមប្រឈមនឹងការខ្វះទឹក។ នេះបើតាមលោក ចាន់ យុត្ថា អ្នកនាំពាក្យនិងជារដ្ឋលេខាធិការក្រសួងធនធានទឹកនិងឧតុនិយម ដែលកំពុងតែជួយអន្តរាគមន៍បូមទឹកដាក់ដំណាំស្រូវនៅក្នុងខេត្តបាត់ដំបង បន្ទាយមានជ័យ និង ខេត្តឧត្តរមានជ័យបានប្រាប់ឲ្យដឹងនៅថ្ងៃទី ៨ខែវិច្ឆិកា។
លោក បានបន្តថា លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានបញ្ជាឲ្យថ្នាក់ដឹកនាំ ក្រសួង គ្រប់មុខព្រួញតម្រង់ទិសទៅជួយបូមទឹកដាក់ស្រូវនៅតាមខេត្តជាច្រើនដែលកំពុងប្រឈមនឹងការខ្វះទឹក ក្នុងខេត្តចំនួន១៣ ដែលសរុបស្មើប្រមាណជិតពីរម៉ឺនហិកតា។ ប៉ុន្តែ ស្រូវមួយចំនួនត្រូវបានសង្គ្រោះរួចហើយ តែមួយចំនួនទៀត ទើបតែចាប់ផ្តើមប៉ះពាល់ថ្មី ត្រូវជួយសង្គ្រោះបន្ត តែស្រូវទាំងនោះភាគច្រើនជិតដល់ពេលប្រមូលផលហើយ លោកបានបញ្ជាក់ថានៅចុងរដូវវស្សានេះ ស្ថានភាពទឹកភ្លៀងធ្លាក់ខ្សោយគួបផ្សំ និង ខ្យល់បក់បោកខ្លាំងងាយធ្វើឲ្យទឹកនៅក្នុងស្រែរីងហួតយ៉ាងលឿន ដែលចាំបាច់ត្រូវធ្វើអន្តរាគមន៍បូមទឹកដាក់នៅកន្លែងដែលមានប្រភពទឹក៕
Source: Kampuchea Thmey Daily
0 Comments