បន្ទាយមានជ័យ ៖ នៅល្ងាច ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ ២០១៨នេះ លោកឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាននិង លោកជំទាវ ម៉ៅ ម៉ាល័យកែគឹមយ៉ាន និងសហការីជាច្រើននាក់ទៀត បានសម្ពោធដាក់ប្រើប្រាស់ផែទឹកមួយកន្លែងដែលមានតម្លៃជិត២ម៉ឺនដុល្លារ សម្រាប់ដាក់ឲ្យប្រជាពលរដ្ឋទៅកំសាន្តនៅថ្ងៃបុណ្យអុំទូក ស្ថិតនៅ ខាងត្បូងស្ពានទឹកថ្លាដងស្ទឹងទឹកថ្លាស្ថិតភូមិទឹកថ្លា សង្កាត់ទឹកផ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
លោក ជីង ឡុង អ្នករៀបចំផែទឹកបានប្រាប់អ្នកយកព័ត៌មានឲ្យដឹងថា ផែទឹកដែលត្រូវបានដាក់សម្ពោធប្រើប្រាស់នេះ ជាអំណោយរបស់លោកឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀននិងលោកជំទាវ ម៉ៅ ម៉ាល័យ ដែលទិញពីខ្វាងចូវ ប្រទេសចិន មានប្រវែង៣៣ម៉ែត្រ ស្មើ១៧០ម៉ែត្រការ៉េ ដែលអាចទម្រមនុស្សជាទម្ងន់រហូតដល់ជាង៥៥តោន។
លោក ហ៊ឹល រ៉ាយ៉ា អភិបាលក្រុងសិរីសោភ័ណបានបញ្ជាក់ថា នេះជាការយកចិត្តទុកដាក់ចំពោះលោកជំទាវម៉ៅ ម៉ាល័យកែគឹមយ៉ាន ឲ្យប្រជាពលរដ្ឋមកលេងសម្រាប់ថ្ងៃបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក សំពះព្រះខែ ហើយការធ្វើផែទឹកនេះជាការណែនាំពីលោកឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន និងលោកជំទាវ ម៉ៅ ម៉ាល័យ លោក សួន បវរ អភិបាលអភិបាលខេត្តបន្ទាយមានជ័យ។
គួរបញ្ជាក់ផងដែរថា ក្នុងពិធីប្រណាំងទូកនោះ មានរយៈពេល៣ថ្ងៃ ក្នុងនោះក៏មានល្បែងប្រជាប្រិយ លក់ទំនិញទំនើបចំរុះពិសេសប្រជាពលរដ្ឋគ្រប់លំដាប់ថ្នាក់អាចដើរលេងកម្សាន្តនិងផ្តិតរូបទេសភាពស្អាតៗជុំវិញការប្រណាំងទូកនៅលើផែទឹកនេះ និងក៏អាចទាក់ទាញភ្ញៀវជាតិ និងអន្តរជាតិមកកម្សាន្តថ្ងៃបុណ្យបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក សំពះព្រះខែផងដែរ។
ក្នុងនោះលោកទំ ទាវ បានឲ្យមន្ត្រីរាជការកងកម្លាំងប្រដាប់អាវុធទូទាំងខេត្តបន្ទាយមានជ័យចុះជួយការពារសន្តិសុខ ជូនប្រជាពលរដ្ឋដែលមកទស្សនាឲ្យបានសុខសប្បាយជៀសវាងក្មេងទំនើងរំខានជាដើម៕
Source: Kampuchea Thmey Daily
0 Comments