រតនគិរី ៖ ផ្លូវចំនួន ៤ខ្សែ ដែលរងការខូចខាតខ្លាំងដោយសារជំនន់ទឹកភ្លៀងធ្លាក់ជាប់គ្នាជាង ៣ខែ នាពេលកន្លងទៅថ្មីៗនេះ ក្នុងខេត្តរតនគិរី ដែលក្នុងនោះមានផ្លូវជាតិក្រាលកៅស៊ូចំនួន ២ខ្សែ ស្ថិតក្នុងស្រុកអូរយ៉ាដាវ និងស្រុកលំផាត់ បូករួមហ្នឹងផ្លូវក្រាលគ្រួសក្រហម ២ខ្សែផ្សេងទៀតស្ថិតនៅក្នុងស្រុកវើនសៃ និងស្រុកតាវែង នឹងត្រូវជួសជុលឲ្យស្អាតឡើងវិញយ៉ាងយូរចុងខែវិច្ឆិកា ឆ្នាំ២០១៨នេះ។
នេះបើតាមការលើកឡើងរបស់ លោក វ៉ា សាវុន ប្រធានការិយាល័យសាធារណការ នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តរតនគិរី ដែលបានឲ្យសារព័ត៌មានយើងដឹង នារសៀលថ្ងៃទី៧ ខែវិច្ឆិកានេះ។
លោកប្រធានការិយាល័យសាធារណការរូបនោះ បានឲ្យដឹងទៀតថា ផ្លូវក្នុងស្រុកចំនួន ៤ ដែលរងការខូចខាតខ្លាំងនោះ មានស្រុកចំនួន ៣ ដែលមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត បានធ្វើការជួសជុលស្ទើររួចរាល់ទាំងស្រុងរួចហើយ ក្នុងនោះមានស្រុកអូរយ៉ាដាវ ស្រុកវើនសៃ និងស្រុកលំផាត់ ដោយឡែកផ្លូវ ១ខ្សែទៀត ដែលជាផ្លូវខេត្តលេខ ៣RK១ ជាផ្លូវក្រាលគ្រួសក្រហម ស្ថិតក្នុងស្រុកតាវែង មានប្រវែង ៧ គីឡូម៉ែត្រ ទើបតែធ្វើការជួសជុលបានជាង ៥០ ភាគរយប៉ុណ្ណោះ និងកំពុងបន្តធ្វើការជួសជុលបន្ថែមទៀត ដែលត្រូវចំណាយពេលវេលាប្រមាណជា ៣ខែទៀតទើបរួចរាល់។
បន្ថែមពីនេះ ក្រៅពីការជួសជុលផ្លូវដែលរងការខូចខាតដោយសារជំនន់ទឹកភ្លៀង លោក វ៉ា សាវុន ក៏បានឲ្យដឹងអំពីគម្រោងស្ថាបនាផ្លូវក្រាលកៅស៊ូ DBST ចំនួន ៥ ខ្សែ ក្នុងក្រុងបានលុង ប្រវែងសរុប ៦ ពាន់ម៉ែត្រ ទទឹង ៦ម៉ែត្រ និង៧ម៉ែត្រ ព្រមទាំងចិញ្ចើមក្រាលគ្រួសក្រហមទទឹង ១ម៉ែត្រ សងខាង ឲ្យរួចរាល់នាចុងឆ្នាំ២០១៨នេះផងដែរ។
មន្ត្រីជំនាញខាងផ្លូវថ្នល់ នៃមន្ទីរសាធារណការរូបនេះ បានឲ្យដឹងបន្តថា ផ្លូវទាំង ៥ខ្សែនោះរួមមាន ទី១, ផ្លូវក្រុងលេខ ៤៦-១ ទី២, ផ្លូវចូលរមណីយដ្ឋានកាចាញ ទី៣, ផ្លូវសត្តឃាត ទី៤, ផ្លូវលេខ ៩២ និងទី៥, ផ្លូវលេខ ៦៣៕
Source: Kampuchea Thmey Daily
0 Comments