ភ្នំពេញ ៖ លោក បណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈកាលពីព្រឹកថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៨ បានអនុញ្ញាតឲ្យលោក William A. Heidt ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា ដែលត្រូវបញ្ចប់បេសកកម្មនៅកម្ពុជា ចូលជួបសម្តែងការគួរសមនិងជម្រាបលាមុនចេញដំណើរ។
នៅក្នុងជំនួបនោះ ឯកអគ្គរដ្ឋទូតបានរំលឹកឡើងវិញនូវអនុស្សាវរីយ៍ល្អៗ ខណៈពេលដែលលោកមានវត្តមានបំពេញបេសកកម្មការទូតនៅក្នុងព្រះរាជាណាចក្រកម្ពុជាកន្លងមក។
លោក William A. Heidt បានថ្លែងអំណរគុណចំពោះលោករដ្ឋមន្ត្រី និងសហការីដែលបានទទួលរូបលោកនៅពេលនេះ ហើយលោកពិតជារីករាយដែលស្ថានទូតសហរដ្ឋអាមេរិកធ្លាប់បានសហការជាមួយ ក្រសួងស្ថាប័ន របស់រដ្ឋាភិបាលកម្ពុជា និងភាគីពាក់ព័ន្ធនានា។
លោកទូតបានបន្តទៀតថា ចំពោះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាដៃគូសហប្រតិបត្តិការដ៏ល្អ ដែលយើងបានធ្វើការខិតខំរួមគ្នាកន្លងមក ក្នុងការដោះស្រាយបញ្ហាប្រឈម បញ្ហាធ្វើឲ្យមានការរីកចម្រើនជាច្រើនជាមួយគ្នា ដែលវាបានឆ្លុះបញ្ចាំងនូវកិច្ចសហប្រតិបត្តិការដ៏ល្អរវាងសហរដ្ឋអាមេរិក ជាមួយនិងកម្ពុជា។
ជាការឆ្លើយតបលោករដ្ឋមន្ត្រីបាន មានប្រសាសន៍ថា «ខ្ញុំពិតជាមានការសប្បាយរីករាយផង និងអាឡោះអាល័យផង នាឱកាសដែលឯកឧត្តមឯកអគ្គរដ្ឋទូត ត្រូវបញ្ចប់បេសកកម្មការទូតនៅកម្ពុជា។ ពេលវេលាដូចជាលឿនណាស់ រយៈពេលមួយអាណត្តិរបស់ឯកឧត្តមកន្លងមកនេះ យើងមានទំនាក់ទំនងទៅលើវិស័យពាណិជ្ជកម្ម លក្ខខណ្ឌការងារជាដើម»។
ក្នុងនាមក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោករដ្ឋមន្ត្រី សូមថ្លែងអរគុណ និងសម្តែងនូវការវាយតម្លៃខ្ពស់ចំពោះបេសកកម្ម របស់ឯកអគ្គរដ្ឋទូតដែលបានរួមវិភាគទានដ៏សំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមនៅកម្ពុជាកន្លងមក៕
Source: Kampuchea Thmey Daily
0 Comments