ក្រោយពីការចាប់ឆ្នោតជ្រើសរើសគូប្រកួតនៃវគ្គជម្រុះបឋមក្នុងពានរង្វាន់យុវជនក្រោមអាយុ២៣ឆ្នាំប្រចាំទ្វីបអាស៊ី AFC U-23 Championship 2020 នៅនារសៀលថ្ងៃទី ៧ ខែ វិច្ឆិកា ឆ្នាំ២០១៨ថ្មីៗនេះក្នុងស្នាក់ការកណ្តាលនៅទីក្រុងកូឡាឡំពួរ ប្រទេសម៉ាឡេស៊ី បានបង្ហាញថា ក្រុមយុវជនជម្រើសជាតិកម្ពុជាក្រោមអាយុ២៣ឆ្នាំ (U-23) ស្ថិតក្នុងពូល H។
នៅក្នុងពូល H កម្ពុជា នឹងត្រូវជួបជាមួយក្រុមខ្លាំងៗដូចជា យុវជន U-23 អូស្ត្រាលី, កូរ៉េខាងត្បូង និង ឆាយនីសតៃប៉ិ (តៃវ៉ាន់) ដោយការប្រកួតនឹងចាប់ផ្តើមពីថ្ងៃទី ២២ ខែ មិនា ឆ្នាំ២០១៩ ខាងមុខ។ កម្ពុជា ទទួលសិទ្ធិធ្វើជាម្ចាស់ផ្ទះក្នុងប្រកួតនេះផងដែរ។ គួររំលឹកថា កាលពីឆ្នាំ ២០១៧ កន្លងទៅ កម្ពុជា ធ្លាប់បានទទួលធ្វើម្ចាស់ផ្ទះវគ្គជម្រុះពានរង្វាន់ AFC U-23 នេះម្តងហើយ ដោយកាលនោះជួបជាមួយ ចិន, ជប៉ុន និង ហ្វីលីពីន តែមិនមានឱកាសឆ្លងផុតវគ្គនេះឡើយ។
ចំណែកលទ្ធផលសរុបក្រោយការចាប់ឆ្នោតជ្រើសរើសគូប្រកួតក្នុងវគ្គជម្រុះបឋម ក្នុងដំណើរឆ្ពោះទៅកាន់ប្រទេសថៃ នាឆ្នាំ ២០២០មានពូល A មានកាតា,អូម៉ង់,នេប៉ាល់,អាហ្វហ្គានីស្ថាន ពូល B មានប៉ាឡេស្ទីន,បារ៉ែន,បង់ក្លាដេស,ស្រីលង្កា ពូល C មានអ៊ីរ៉ាក់,អ៊ីរ៉ង់,តួរមេនីស្ថាន,យេម៉ែន ពូល D មានអារ៉ាប់ប៊ីសាអ៊ូឌីត,អារ៉ាប់រួម,លីប៉ង់,ម៉ាល់ឌីវ ពូល Eមានហ្សកដានី,ស៊ីរី,គីជីស្ថាន,គុយវ៉ែត ពូល F មានអ៊ូប៊ែគីស្ថាន,តាជីគីស្ថាន,ឥណ្ឌា,ប៉ាគីស្ថាន ពូល G មានកូរ៉េខាងជើង,ហុងកុង,សឹង្ហបុរី,ម៉ុងហ្គូលី ពូល H កូរ៉េខាងត្បូង,អូស្ត្រាលី,កម្ពុជា,តៃវ៉ាន់ ពូល I ជប៉ុន,មីយ៉ាន់ម៉ា,ទីម័រខាងកើត,ម៉ាកាវ ពូល J ម៉ាឡេស៊ី,ចិន,ឡាវ,ហ្វីលីពីន និងពូល K មានវៀតណាម,ថៃ,ឥណ្ឌូណេស៊ីនិងប្រ៊ុយណេ។
គួរដឹងដែរថា វគ្គជម្រុះ AFC-U23 មានចំនួន១០ពូល ហើយក្រុមជម្រើសជាតិចំនួន១៥ ត្រូវឆ្លងទៅកាន់វគ្គចុងក្រោយនៅឆ្នាំ២០២០ បូកជាមួយនឹងម្ចាស់ផ្ទះថៃ។ ព្រឹត្តិការណ៍ 2020 AFC-U23 ពោលគឺវគ្គចុងក្រោយនឹងប្រព្រឹត្តទៅ ពីថ្ងៃទី០៨ ដល់ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២០៕
Source: Kampuchea Thmey Daily
0 Comments