ភ្នំពេញ ៖ បុរសម្នាក់ទំនងស្រវឹងធ្លាក់ភ្នែកបាន បើករថយន្តមួយគ្រឿងយ៉ាងលឿន រហូតជ្រុលចង្កូតទៅបុកក្បាលនាគពុះចែកទ្រូងផ្លូវ បន្តទៅបុកដើមឈើ បង្គោលឡាក់ និងរបងថ្មសាលា បណ្តាលឲ្យក្រឡាប់ផ្ងារជើង ហើយឆេះយ៉ាងសន្ធោសន្ធៅតែម្តង។
ហេតុការណ៍នេះ បានបង្កឲ្យមានការភ្ញាក់ផ្អើលឡើង កាលពីរាត្រី ថ្ងៃ ទី៧ ខែវិច្ឆិកា ឆ្នាំ២០១៨ វេលាម៉ោង១០ និង៥០នាទី ស្ថិតនៅចំណុចមុខវិទ្យាល័យ ជា ស៊ីម សាមគ្គី តាមបណ្តោយផ្លូវ២៧១ ក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក។
ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញ រថយន្តមួយគ្រឿងម៉ាកឡង់គ្រីស័រ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AV-0079 បើកបរដោយជនមិនទាន់ស្គាល់អត្តសញ្ញាណម្នាក់ (គេចខ្លួនបាត់) ដោយបានធ្វើដំណើរតាមបណ្តោយផ្លូវ២៧១ ក្នុងទិសដៅពីជើងទៅត្បូង ក្នុងល្បឿនលឿន។ លុះមកដល់ចំណុចកើតហេតុ បានរេចង្កូតមកខាងឆ្វេងដៃ ទៅបុកក្បាលនាគពុះចែកទ្រូងផ្លូវ លាន់ដូចរន្ទះ បណ្តាលឲ្យបាក់អស់ចំនួន១កង់ មិនទាន់អស់ល្បឿន រថយន្តបង្ក បានទៅបុកដើមឈើបាក់អស់មួយដើមរាបដល់ដី និងបង្គោលឡាក់បាក់អស់៤ដើម ព្រមទាំងរបងវិទ្យាល័យ ជា ស៊ីម សាមគ្គី បាក់អស់៣ផ្ទាំង ហើយក្រឡាប់ផ្ងារចំហៀង បណ្តាលឲ្យឆេះយ៉ាងសន្ធោសន្ធៅ តែមិនបង្កឲ្យមានអ្នករងរបួសធ្ងន់ធ្ងរនោះទេ រងរបួសតៃកុងរថយន្តរលាត់ដៃបន្តិចបន្តួច ហើយគេចខ្លួន។
ភ្លាមៗនោះ ប្រជាពលរដ្ឋនិងសមត្ថកិច្ចចុះមកកន្លែងកើតហេតុ ហើយទំនាក់ទំនងទៅរថយន្តពន្លត់អគ្គីភ័យមកដល់៣គ្រឿង បាញ់អស់ចំនួន១គ្រឿងបានរលត់ទៅវិញ នៅវេលាម៉ោងប្រមាណ១១និង១០នាទី នៅថ្ងៃដដែល។
ក្រោយកើតហេតុ សមត្ថកិច្ចវាស់វែងយក រថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក រាជធានីភ្នំពេញ រង់ចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕
Source: Kampuchea Thmey Daily
0 Comments