ក្លិបបាល់ទាត់ភ្នំពេញក្រោន សមាជិកក្នុងលីគកំពូលកម្ពុជា បានសម្រេចចែកផ្លូវជាមួយលោក Craig Livingston គ្រូបង្វឹកជនជាតិអង់គ្លេសពីតំណែងគ្រូបង្វឹកក្រុមយុវជនថ្នាលរបស់ក្លិបក្រោមអាយុ១៧ឆ្នាំ (U-17) និងក្រុមនាទី នៅថ្ងៃព្រហស្បតិ៍ ទី៨ ខែវិច្ឆិកា ឆ្នាំ២០១៨ នេះខណៈក្លិបមិនទាន់បង្ហាញអ្នកមកជំនួសថ្មីនៅឡើយនោះទេ។
លោក Craig Livingstonវ័យ ៣០ឆ្នាំកំពុងកាន់សញ្ញាបត្រ UEFA A-Licence ហើយក្រៅពីនេះលោកក៏ទទួលបាន Diploma in Sport & Executive Nutrition Qualified fitnessផងដែរ។ មុនធ្វើដំណើរមកកាន់ប្រទេសកម្ពុជា លោកបានបំពេញតួនាទីប្រធានក្រុមយុវជន Burnley FC Academy នៅទីក្រុងសៀងហៃ ប្រទេសចិន។ ក្រៅពីនេះលោកមានបទពិសោធន៍ជាច្រើនក្នុងការបង្វឹកនិងដឹកនាំយុវជនដែលមានទេពកោសល្យជាច្រើននៅប្រទេសអង់គ្លេស និងអ័រឡង់ខាងជើងផងដែរ។
យ៉ាងណាក្តីតំណែងគ្រូបង្វឹកក្រុមយុវជនប្រចាំក្លិបភ្នំពេញក្រោន ដំបូងឡើយគ្រប់គ្រងដោយលោក Tom Legg តែក្រោយការចាកចេញរបស់គ្រូបង្វឹកជនជាតិអង់គ្លេសរូបនេះក្លិបបានតែងតាំងលោក Harry Varley ជំនួសវិញ តែក្រោយគ្រូបង្វឹកកម្រិត AFC B-Licence រូបនេះធ្វើដំណើរទៅកាន់កោះ Grenada នៅតំបន់ Caribbean (អាមេរិកកណ្ដាល) ក្លិបក៏សម្រេចតែងតាំងលោក Christopher Grant ធ្វើជាគ្រូបង្វឹកជំនួសតែម្តង កាលពីដើមឆ្នាំ២០១៦ ហើយនៅឆ្នាំ២០១៧កន្លងទៅក្លិបបានតែងតាំងលោកJun Hirabayashi ជនជាតិជប៉ុនធ្វើជាគ្រូបង្វឹកម្តង មុនលោកCraig Livingston ធ្វើដំណើរមកដល់នៅដើមឆ្នាំ២០១៨។
ក្រុមភ្នំពេញក្រោន ជាក្លិបមួយក្នុងចំណោមក្លិបមួយចំនួននៅកម្ពុជា ដែលបានព្យាយាមបណ្តុះថ្នាលយុវជនដោយខ្លួនឯងពោលគឺគិតចាប់តាំងពីឆ្នាំ២០១០ មកម្ល៉េះក្លិបបានជ្រើសរើសកីឡាករត្រឹមអាយុ១៣ឆ្នាំនៅតាមតំបន់សំខាន់ៗទូទាំងប្រទេសចូលហ្វឹកហាត់រួមគ្នា ស្នាក់នៅរួមគ្នា និងសិក្សារួមគ្នាដើម្បីកសាងធនធានមនុស្សលើវិស័យបាល់ទាត់នេះ៕
Source: Kampuchea Thmey Daily
0 Comments