ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា បានប្រកួតចាញ់ក្រុមជម្រើសជាតិម៉ាឡេស៊ី ដោយលទ្ធផល ១ទល់០ ក្នុងប្រកួតបើកឆាកពូលA នៃពានរង្វាន់ធំប្រចាំតំបន់អាស៊ាន AFF Suzuki Cup 2018 នៅល្ងាចថ្ងៃព្រហស្បតិ៍ ទី៨ ខែវិច្ឆិកា ឆ្នាំ២០១៨ លើទីលានពហុកីឡដ្ឋានជាតិ ក្នុងរាជធានីភ្នំពេញ។
ការប្រកួតក្រោមក្រសែភ្នែកទស្សនិកជនប្រមាណជាង៣ម៉ឺននាក់ដែលកាត់សេក្តីដោយលោកអាជ្ញាកណ្តាល Ahmad A'Qashah Bin Ahmad Al Badowe ជនជាតិសឹង្ហបុរី ក្រុមម៉ាឡេស៊ី នាំ៣ពិន្ទុត្រឡប់ទៅមាតុភូមិវិញដោយថ្វីជើងកីឡាករ Norshahrul Idlan បន្ទាប់ពីបញ្ជូនបាល់បានល្អពីកីឡាករ Mohd Zaquan Adha ដែលជាមិត្តរួមជាតិ។
ក្រុមជម្រើសជាតិកម្ពុជា បានកោះហៅកីឡាករប្រមូលផ្តុំតាំងពីចុងខែតុលា មកម្ល៉េះ ហើយបានជម្រុះនៅសល់តែ២៣នាក់ប៉ុណ្ណោះ ត្រៀមប្រកួតក្នុងពានរង្វាន់នេះ។ កីឡាករទាំង២៥នាក់នេះមានកីឡាករ សេត រ៉ស៊ីប,ចាន់ វឌ្ឍនាកា,ហុង ផេង របស់ក្រុមបឹងកេត ហើយក្លិបក្រសួងការពារជាតិ មានកីឡាករ៤នាក់គឺ ឈិន ឈឿន,រ៉ឹម ប៊ុនហៀង, ស ពិសិដ្ឋ និង អ៊ុំ វិចិត្រ។ ក្រុមណាហ្គាវើល បានជ្រើសរើសកីឡាករ ស៊ុះ ស៊ូហាណា,គួច សុកុម្ភៈ,ឆេង ម៉េង និងគួច ដានី។ ចំណែកភ្នំពេញក្រោន មានកីឡាករ អ៊ន ចាន់ប៉ូលីន, ប្រាក់ ធីវ៉ា និងស៊ិន កក្កដា។ សារ៉េត គ្រីយ៉ា,នេន សុធារ័ត្ន,សឿយ វិសាល និងប្រាក់ មុន្នីឧត្តម មកពីព្រះខ័នរាជស្វាយរៀង។ ធារី ចន្ថាប៊ីន របស់ក្លិប Terengganu FA មកពីលីគម៉ាឡេស៊ី។ កីឡាករ ជា វណ្ណសាក់, កែវ សុខផេង, កែវ សុខសិលា, ទិត្យ ឌីណា របស់វិសាខា។
ពានរង្វាន់ AFF Suzuki Cup 2018 ឆ្នាំនេះពូល A មានវៀតណាម ម៉ាឡេស៊ី មីយ៉ាន់ម៉ា កម្ពុជា និងឡាវ ខណៈពូល B មានថៃ ឥណ្ឌូណេស៊ី ហ្វីលីពីន សិង្ហបុរី និងក្រុមឈ្នះនៅវគ្គជម្រុះបឋមគឺទីម័រខាងកើត។ តាមគម្រោងការវគ្គជម្រុះតាមពូលនេះនឹងធ្វើឡើចាប់ពីថ្ងៃទី៨ ខែវិច្ឆិកា ដល់ថ្ងៃទី១៥ខែធ្នូ ឆ្នាំ២០១៨។ ព្រឹត្តិការណ៍ទាំងមូលនេះនៅកម្ពុជា គឺទទួលសិទ្ធិផ្សាយផ្ទាល់ដោយប៉ុស្តិ៍ BTV News ផងដែរ។
សម្រាប់កម្មវិធីប្រកួតជម្រុះពូល A របស់ក្រុមកម្ពុជា ក្រៅពីប្រកួតបើកឆាកប៉ះក្រុមម៉ាឡេស៊ី នៅថ្ងៃទី៨ ខែវិច្ឆិកា នេះគឺត្រូវបន្តប៉ះក្រុមប៉ះម្ចាស់ផ្ទះមីយ៉ាន់ម៉ា នៅថ្ងៃទី១២ ខែវិច្ឆិកា នៅទីក្រុងរ៉ង់ហ្គូន ហើយរហូតដល់ថ្ងៃទី២០ ខែវិច្ឆិកា ក្រុមកម្ពុជា ត្រូវប៉ះឡាវ នៅរាជធានីភ្នំពេញ និងនៅថ្ងៃទី២៤ ខែវិច្ឆិកា ត្រូវធ្វើដំណើរទៅប៉ះម្ចាស់ផ្ទះវៀតណាម នៅទីក្រុងហាណូយ ដែលជាប្រកួតចុងក្រោយប្រចាំវគ្គជម្រុះតាមពូលនេះ៕
Source: Kampuchea Thmey Daily
0 Comments