ភ្នំពេញ ៖ អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា អ្នកស្រី រ៉ូណា ស្មីត (Rhona Smith) បានអះអាងថា បច្ចុប្បន្នប្រទេសកម្ពុជាស្ថិតក្នុងដំណាក់កាលអភិវឌ្ឍន៍ បន្ទាប់ពីទទួលបានកំណើនសេដ្ឋកិច្ចដ៏រឹងមាំ និងវឌ្ឍនភាពគួរឲ្យកត់សម្គាល់ក្នុងការកាត់បន្ថយភាពក្រីក្រ និងមានចក្ខុវិស័យប្រែក្លាយទៅជាប្រទេស ដែលមានប្រាក់ចំណូលខ្ពស់នៅត្រឹមឆ្នាំ២០៥០ ហើយដើម្បីបង្ហាញផ្លូវឆ្ពោះទៅរកការសម្រេចបាននូវចក្ខុវិស័យនេះ រដ្ឋាភិបាលបានអនុម័តយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ផងដែរ។
លោកស្រី Rhona Smith លើកឡើងបែបនេះ នៅក្នុងសន្និសីទសារព័ត៌មានមួយកាលពីរសៀលថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៨ ដើម្បីបង្ហាញពីរបាយការណ៍មួយចំនួន ដែលបានរកឃើញបឋមក្នុងដំណើរទស្សនកិច្ចរយៈពេល១១ថ្ងៃនៅកម្ពុជា។ លោកស្រីអះអាងថា បេសកកម្មនៅប្រទេសកម្ពុជារបស់លោកស្រីលើកនេះ ផ្ដោតលើការធ្វើមូលដ្ឋានរូបនីយកម្ម នៃគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិ និងយុទ្ធសាស្ត្រពាក់ព័ន្ធនានា ជាពិសេសគោលដៅអភិវឌ្ឍន៍ទី១៦ ស្ដីពី “សន្តិភាព យុត្តិធម៌ និងស្ថាប័នរឹងមាំ” ហើយនៅក្នុងអំឡុងពេលបំពេញបេសកកម្មនេះ លោកស្រីបានជួបថ្នាក់ដឹកនាំ និងមន្ត្រីជាន់ខ្ពស់របស់រាជរដ្ឋាភិបាលមួយចំនួនដូចជា សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ, ឯកឧត្តម អូនព័ន្ធ មុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មានជាដើម។
អ្នករាយការណ៍ពិសេស អសប លោកស្រី រ៉ូណា ស្មីត បានថ្លែងថា បច្ចុប្បន្នប្រទេសកម្ពុជាស្ថិតក្នុងដំណាក់កាលអភិវឌ្ឍន៍ផ្សេងមួយចំនួនទៀត។ បន្ទាប់ពីទទួលបានកំណើនសេដ្ឋកិច្ចដ៏រឹងមាំ និងវឌ្ឍនភាពគួរឲ្យកត់សម្គាល់ក្នុងការកាត់បន្ថយភាពក្រីក្រ ហើយក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ ប្រទេសកម្ពុជាមានចក្ខុវិស័យប្រែក្លាយទៅជាប្រទេស ដែលមានប្រាក់ចំណូលខ្ពស់នៅត្រឹមឆ្នាំ២០៥០។ ដើម្បីជួយបង្ហាញផ្លូវឆ្ពោះទៅរកការសម្រេចបាននូវចក្ខុវិស័យនេះ រដ្ឋាភិបាលបានអនុម័តយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ និងកំពុងរៀបចំបញ្ចប់នូវផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ និងផែនការមូលដ្ឋានរូបនីយកម្ម សម្រាប់គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព។ ជាមួយគ្នានោះ លោកស្រីក៏បានលើកទឹកចិត្តឲ្យរាជរដ្ឋាភិបាលកម្ពុជាបញ្ចប់ឲ្យបានឆាប់រហ័ស និងផ្សព្វផ្សាយនូវផែនការមូលដ្ឋានរូបនីយកម្មនេះ។
តាមលោកស្រី Rhona Smith ការលើកកម្ពស់ និងការការពារសិទ្ធិមនុស្ស គឺជាសមាសធាតុដ៏សំខាន់សម្រាប់យុទ្ធសាស្ត្រ និងផែនការទាំងអស់ ហើយក៏សំខាន់សម្រាប់ឆ្ពោះទៅរកចក្ខុវិស័យឆ្នាំ២០៥០ ផងដែរ។ ដើម្បីវាយតម្លៃឲ្យបានប្រសើរនូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពលោកស្រីបានផ្ដោតលើបញ្ហាចំនួន៣ ដែលពាក់ព័ន្ធគ្នាគឺ គណនេយ្យភាព, ការចូលរួម និងការមិនទុកមនុស្សណាម្នាក់ចោល។
ទាក់ទងបញ្ហាអង្គការសង្គមស៊ីវិលលោកស្រី រ៉ូណា ស្មីត បានស្វាគមន៍ចំពោះការបង្កើតនៅក្រុមការងាររដ្ឋាភិបាល ក្រោមការដឹកនាំរបស់ក្រសួងមហាផ្ទៃ ដើម្បីពិគ្រោះយោបល់ជាទៀងទាត់ជាមួយសង្គមស៊ីវិល ដែលបញ្ហានេះ វានឹងកាន់តែមានសារៈសំខាន់ នៅពេលក្រុមការងារថ្មីនេះ អាចអនុម័តវិធីសាស្ត្រធ្វើការងារច្បាស់លាស់ និងមានតម្លាភាពសំដៅបង្កឲ្យមានបរិយាកាសប្រកបដោយបរិយាបន្ន ជាមួយអង្គការសង្គមស៊ីវិល ក្នុងកិច្ចពិគ្រោះយោបល់តាមរយៈការធ្វើការងារជាមួយអង្គការសង្គមស៊ីវិលទាំងនោះ ក្នុងការរៀបចំរបៀបវារៈ កិច្ចប្រជុំនានា ផ្តល់ពេលវេលាឲ្យពួកគេរៀបចំខ្លួនសម្រាប់កិច្ចប្រជុំ និងអនុញ្ញាតឲ្យពួកគេមានតួនាទីក្នុងការតាមដាន និងបន្តធ្វើការលើបញ្ហាទាំងឡាយ ដែលបានលើកឡើងក្នុងក្រុមការងារនេះ ហើយលោកស្រីបានលើកទឹកចិត្តដល់គូភាគីឲ្យមានស្មារតីសហការគ្នាពិតប្រាកដ។
ជាមួយគ្នានោះ លោកស្រីស្វាគមន៍យ៉ាងកក់ក្តៅចំពោះសេចក្តីណែនាំ ដែលចេញដោយក្រសួងមហាផ្ទៃ ទៅកាន់អាជ្ញាធរថ្នាក់ក្រោមជាតិ កាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៨ ហើយរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានប្រាប់លោកស្រីយ៉ាងច្បាស់ថា សេចក្តីណែនាំថ្មីនេះ បានលុបចោលលិខិត ដែលចេញកាលពីខែតុលា ឆ្នាំ២០១៧។ ទោះជាយ៉ាងណាលោកស្រីអះអាងថា អង្គការសង្គមស៊ីវិល នៅតែមានបញ្ហាប្រឈម និងបន្ទុកយ៉ាងធ្ងន់ធ្ងរទាក់ទងទៅនឹងលក្ខខណ្ឌតម្រូវតាមច្បាប់ស្ដីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ច្បាប់សហជីព បទប្បញ្ញត្តិពន្ធដារ និងច្បាប់ដទៃទៀត។
ចំណែកទាក់ទងប្រព័ន្ធយុត្តិធម៌នៅកម្ពុជា លោកស្រី រ៉ូណា ស្មីត បានលើកឡើងថា ជំនួយផ្លូវច្បាប់ ដែលអាចរកបានសម្រាប់អ្នកដែលមានតម្រូវការផ្លូវច្បាប់ គឺជាជំហានដ៏មានសារៈសំខាន់មួយក្នុងការធានាសិទ្ធិទទួលបានសេវាយុត្តិធម៌សម្រាប់ទាំងអស់គ្នា ហើយក្នុងករណីនេះ វឌ្ឍនភាពក្នុងការបង្កើតគោលនយោបាយជំនួយផ្នែកច្បាប់សម្រាប់ជនក្រីក្រ តាមរយៈដំណើរការតាក់តែង ដែលមានលក្ខណៈពិគ្រោះយោបល់ និងការចូលរួមកំពុងតែទទួលបានការលើកទឹកចិត្ត ហើយលោកស្រីទន្ទឹងរង់ចាំពីការអនុម័តឲ្យបានឆាប់នូវគោលនយោបាយនេះ និងស្វាគមន៍ផងដែរ ដល់ការបង្កើនថវិកាសម្រាប់ជំនួយផ្នែកច្បាប់ដល់ជនក្រីក្រ ហើយនៅតែលើកទឹកចិត្តឲ្យមានការបង្កើនឡើងឲ្យបានច្រើនថែមទៀត ពីព្រោះជំនួយផ្នែកច្បាប់ដល់ជនក្រីក្រនេះ កាន់តែជួយបម្រើដល់មនុស្សទាំងអស់ ដែលត្រូវការសេវានេះ នាពេលអនាគត។ ក្រសួងយុត្តិធម៌ ក៏បានលើកឡើងពីផែនការបង្កើតសាលាឧទ្ធរណ៍ ថ្នាក់តំបន់ និងមណ្ឌលសេវាកម្មច្បាប់នៅថ្នាក់ស្រុក ដែលលោកស្រីជឿជាក់ថា នឹងជួយនាំសេវាយុត្តិធម៌ឲ្យកាន់តែខិតជិតប្រជាជននៅទូទាំងប្រទេស។
ជាមួយគ្នានេះដែរ សិទ្ធិទទួលបានសេវាយុត្តិធម៌ ក៏ទាមទារឲ្យមានសវនាការឲ្យបានឆាប់រហ័សផងដែរ ហើយលោកស្រីបារម្ភពីពេលវេលា ដែលត្រូវបើកសវនាការ និងចំនួនដ៏ច្រើនលើសលប់ នៃអ្នកជាប់ឃុំបណ្តោះអាសន្ន នៅក្នុងពន្ធនាគារ។
ទាក់ទងការលើកលែងទោសលោកស្រី រ៉ូណា ស្មីត បានកត់សម្គាល់ផងដែរថា រយៈពេលចុងក្រោយនេះ មានការលើកលែងទោសដោយព្រះមហាក្សត្រដល់ទណ្ឌិតមួយចំនួន រួមទាំងសមាជិកគណបក្សប្រឆាំងផងដែរ ហើយលោកស្រីនៅតែមានក្តីបារម្ភចំពោះការកាត់ទោសព្យួរក្នុងករណីលោកស្រី ទេព វន្នី ករណីរបស់បុគ្គលិកអង្គការអាដហុក និងករណីឃុំខ្លួនលោក កឹម សុខា ក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការផងដែរ និងបានអំពាវនាវឲ្យមានការលើកលែងទោសអ្នកទាំងនោះ និងដោះលែងលោក កឹម សុខា និងបញ្ចប់ការស៊ើបអង្កេតឲ្យបានឆាប់នៅក្នុងសំណុំរឿងនេះ។
ឆ្លើយតបសំណួរអ្នកសារព័ត៌មាននៅក្នុងសន្និសីទ ទាក់ទងទៅនឹងការមិនអនុញ្ញាតឲ្យចូលជួបលោក កឹម សុខា លោកស្រី រ៉ូណា ស្មីត បានលើកឡើងថា លោកស្រីបានស្នើសុំទៅចៅក្រម ប៉ុន្តែត្រូវបានចៅក្រមបដិសេធ ដោយសំអាងហេតុផលថា សំណុំរឿងកំពុងតែស្ថិតនៅក្នុងការស៊ើបអង្កេត ហើយនៅក្នុងជំនួបជាមួយថ្នាក់ដឹកនាំរដ្ឋាភិបាល លោកស្រីមិនបានលើកករណីលោក កឹម សុខា នៅគ្រប់ជំនួបជាមួយថ្នាក់ដឹកនាំក្រសួង ស្ថាប័ន នោះទេ ប៉ុន្តែបានលើកឡើងខ្លះៗប៉ុណ្ណោះ៕
Source: Kampuchea Thmey Daily
0 Comments