សៀមរាប ៖ អភិបាលក្រុងសៀមរាបលោកសូរ ប្លាតុង កាលពីម្សិលមិញនេះ បានបង្ហោះសារនៅលើផេកហ្វេសប៊ុករបស់ខ្លួនថា លោកនឹងចុះចេញពីតំណែង ប្រសិនបើរូបលោកបានទទួលលុយត្រឹមតែ១០០រៀល ពីថៅកែផ្សារក្រោម រឿងយកខឿនសួនច្បារ ធ្វើកន្លែងលក់ដូរ។
លោកអភិបាលក្រុងប្រតិកម្មបែបនេះ គឺបន្ទាប់ ពីមានគេហទំព័រចំនួនពីរបានផ្សាយថា រូបលោកទទួលលុយខ្ទង់ពាន់ដុល្លារ ប្រចាំខែជាមួយថៅកែផ្សារក្រោម រឿងយកខឿនសួនច្បារធ្វើកន្លែងលក់ដូរនិងផ្ញើឡាន.ម៉ូតូ។
រឿងរ៉ាវបែបនេះ គេនៅមិនទាន់ដឹងថា ជាការចោទប្រកាន់ ឬ ជាព័ត៌មានជាក់លាក់នោះទេ។ ប៉ុន្តែខឿនសួនច្បារនៅមុខផ្សារក្រោម ហើយក៏នៅចំកណ្តាលទ្រូងថ្នល់ ដែលរៀបចំទុកសម្រាប់កែលម្អក្រុង តាំងពីជំនាន់អាណត្តិចៅហ្វាយខេត្តមុននោះ ពេលនេះបានក្លាយជាកន្លែងលក់ដូរ និងទីតាំងផ្ញើឡាននិងម៉ូតូអស់ទៅហើយ។
ភាពរញ៉េរញ៉ៃនៅផ្សារក្រោម ក្រៅពីជះក្លិនស្អុយក្រោមឥទ្ធិពលភក់ជ្រាំ,ការលក់ដូរលើចិញ្ចើមផ្លូវ ក៏មានខឿនសួនច្បារទាំងមូល ត្រូវប្រែក្លាយជាផ្សារផងដែរ ក្រោមការគ្រប់គ្រងរបស់ថៅកែផ្សារឈ្មោះ នី។
នៅព្រឹកថ្ងៃទី១៦ខែសីហានេះ គេមិនអាចស្វែងរកជួប ដើម្បីសុំការបកស្រាយពីថៅកែផ្សារក្រោមឈ្មោះ នី បានទេ ជុំវិញការផ្តល់ឲ្យលក់ដូរលើខឿនសួនច្បារ។
ចំណែកលោកសូរ ប្លាតុង អភិបាលក្រុងសៀមរាបបានមានប្រសាសន៍តាមទូរស័ព្ទថា លោកមានការសោកស្តាយចំពោះការផ្សាយព័ត៌មានថា រូបលោកទទួលលុយពីម្ចាស់ផ្សារក្រោមប្រចាំខែទើបអនុញ្ញាតឲ្យលក់ដូរលើខឿនសួនច្បារ។ ករណីនេះលោកសុំបដិសេធទាំង ស្រុង ហើយលោកនឹងចុះចេញពីតំណែង ប្រសិនបើមានជាប់ពាក់ព័ន្ធរឿងលុយត្រឹមតែ ១០០រៀលលុយខ្មែរ ពីម្ចាស់ផ្សារក្រោម។ លោកបន្តថា ការផ្សាយព័ត៌មានរបស់គេហទំព័រចំនួនពីរនេះគឺ មានលក្ខណៈបរិហារកេរ្តិ៍ទាំងស្រុង។
លោកអភិបាលក្រុងទទួលស្គាល់ថា ផ្សារចំនួនបីនៅក្រុងសៀមរាបទី១ផ្សារលើធំថ្មី ទី២ផ្សារដើមក្រឡាញ់ និងទី៣ផ្សារក្រោម ពិតជាពិបាកក្នុងការរៀបចំសណ្តាប់ធ្នាប់មែន។ ប៉ុន្តែការងារនេះសមត្ថកិច្ចបន្តធ្វើជាប្រចាំ។ ចឹងទេនៅថ្ងៃទី២២ ខែសីហា ខាងមុខនេះ ក្រោយប្រជុំគណៈកម្មធិការចម្រុះ យើងនឹងចុះរៀបចំជាថ្មី។ ដោយឡែករឿងខឿនសួនច្បារផ្សារក្រោម គឺបញ្ឈប់ការលក់ដូរ ហើយរៀបចំជាសួនច្បារ ឬក្រាលការ៉ូឡា សម្រាប់លម្អក្រុង តាមតែអ្វីដែលធ្វើទៅបាន ប្រសិនថ្នាក់ខេត្តឯកភាព។
លោកបញ្ជាក់ចុងក្រោយថា ចំពោះការផ្សាយចោទប្រកាន់របស់គេហទំព័រចំនួនពីរនោះ លោកនឹងឲ្យកែតម្រូវឡើងវិញ ក្រោយពេលធ្វើលិខិតបដិសេធ។ តែបើមិនកែតម្រូវទេ លោកអាចសិក្សាតាមផ្លូវច្បាប់៕
Source: Kampuchea Thmey Daily
0 Comments