Ad Code

ថៅកែ​សិប្បកម្ម​ជនជាតិ​ចិន​រឹត​បន្ដឹង​ច្បាប់ ​ដល់​កម្មករ​បើ​ឈប់​១​ថ្ងៃ​ កាត់​លុយ​៧​ថ្ងៃ



ភ្នំពេញ ៖ ថៅកែ​សិប្បកម្ម​កាត់ដេរ​សំលៀក​បំពាក់​តូច​មួយ​សង្ស័យ​គ្មាន​ច្បាប់​គ្មាន​យីហោ ដែល​មាន​ថៅកែ​ជា​ជន​ជាតិចិន​ បាន​ដាក់​បម្រាម​ដល់​ក្រុម​កម្មករ​របស់​ខ្លួន ​ដែល​ធ្វើការ​ក្នុង​នោះ​ថា បើ​សុំ​ឈប់​១​ថ្ងៃ ​ត្រូវ​កាត់​លុយ​ចំនួន​៧​ថ្ងៃ ​ពោល​គឺ​កាត់​លុយ​គុណ​នឹង​៧​ដង​ឯណោះ​ ដោយសារ​តែ​បែបនេះ​ ទើប​កម្មករ​កើតទុក្ខ​មិន​សុខចិត្ត​ផ្ទុះ​ការ​តវ៉ា កាលពី​ល្ងាច​ថ្ងៃទី​១៥ ខែសីហា​ ឆ្នាំ​២០១៨ ​នេះ​នៅមុខ​សិប្បកម្ម​គ្មាន​យីហោ​ តាម​ផ្លូវលំ​ក្នុងភូមិ​ព្រៃ​ព្រីង​ត្បូង​២ សង្កាត់​ចោមចៅ​៣ ខណ្ឌពោធិ៍សែនជ័យ។



សិប្បកម្ម​ខាងលើ​គ្មាន​លើក​ស្លាក​យីហោ​ទេ គ្រាន់តែ​ហៅ​ឈ្មោះ​ឆេង យ័ន្ត និង​មាន​កម្មករ បម្រើ​ការងារ​ក្នុង​សិប្បកម្ម​ខាងលើ​មាន​ជិត​១០០​នាក់​ខែ​មុនៗ មិន​ដូច​ខែ​នេះ​ទេ បើ​កម្មករ​ឈប់​មាន​ធុរៈ​ចាំបាច់​សម្រាក​ឈឺ ដោយមាន​ច្បាប់​ត្រឹមត្រូវ​នោះ​មិនបាន​កាត់​លុយ​ឡើយ ទើបតែ​មកដល់​ខែ​នេះ​កុំថាឡើយ​ឈប់​អត់​ច្បាប់​សូម្បី​ឈប់​មានច្បាប់​ត្រឹមត្រូវ បែរជា​ថៅកែ​កាត់​លុយ ឈប់​១​ថ្ងៃ កាត់​១​សប្តាហ៍ មាន​កម្មករ​ខ្លះ​គាត់​ឈឺ​បាន​ឈប់សម្រាក​៣​ថ្ងៃ​ដល់​កាត់​លុយ​ស្មើ​៣​សប្តាហ៍​ ពោល​គឺ​ស្មើ​២១​ថ្ងៃ អស់​បាត់​ប្រាក់ខែ​១​ខែ ទើប​កម្មករ​ប្រមាណ​ជាង​៤០​នាក់​ ផ្ទុះ​ការ​តវ៉ា​ទាមទារ​ឲ្យ​ក្រុមហ៊ុន​គោរព​ទៅនឹង​លក្ខខណ្ឌ​ការងារ​ដែល​ក្រសួង​ដាក់ចុះ។



កម្មករ​ប្រមាណ​ជាង​៤០​នាក់​ មិន​សុខចិត្ត​ដោយសារ​លក្ខខណ្ឌ​របស់​ថៅកែ​ហួសហេតុ​ពេក​ឈប់​មានច្បាប់​១​ថ្ងៃ​ កាត់​លុយ​១​សប្តាហ៍​បែបនេះ​ បាន​ប្រមូល​ផ្តុំគ្នា​តវ៉ា​រក​យុត្តិធម៌ ខណៈ​ដែល​កម្មករ​កំពុង​តវ៉ា​ក៏​មាន​វត្តមាន​អាជ្ញាធរ​ខណ្ឌ​ចុះទៅ​សម្របសម្រួល​ដែរ​តែ​មិន​ទាន់​មាន​ដំណោះស្រាយ​ណាមួយ​សមស្រប​នៅឡើយ​ទេ៕

  



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu