ក្លិបបាល់ទាត់ភ្នំពេញក្រោន សមាជិកក្នុងលីគកំពូលកម្ពុជា បានប្រកាសតែងតាំងអតីតគ្រូបង្វឹកអ្នកចាំទីក្រុមជម្រើសជាតិកម្ពុជា ជនជាតិប្រេស៊ីល គឺលោក Luis Fernando Andrade Vasconcellos Vitorino Da Silva ដែលជាប្អូនប្រុសបង្កើតលោក Leonardo Vitorino ពីគ្រូបង្វឹកក្នុងក្រុមយុវជនថ្នាលទៅជាគ្រូបង្វឹករបស់ក្រុមអ្នកចាំទីក្រុមឈុតធំ។
ក្លិបភ្នំពេញក្រោន បានបញ្ជាក់នៅលើវិបសាយផ្ទាល់ខ្លួនក្រោយប្រកាសតែងតាំងផ្លូវការនៅថ្ងៃព្រហស្បតិ៍ សប្ដាហ៍នេះថា «យើងសង្ឃឹមយ៉ាងជឿជាក់ថា ក្នុងនាមជាគ្រូបង្វឹកអ្នកចាំទីក្រុមឈុតធំថ្មីនេះ លោកនឹងនៅតែបន្តធ្វើការចែករំលែកបទពិសោធន៍ និងធ្វើការហ្វឹកហាត់ទៅកាន់ក្រុមកីឡាករឲ្យកាន់តែខ្លាំងក្លាបន្ថែមទៀត»។
គ្រូបង្វឹកជនជាតិប្រេស៊ីលរូបនេះ មានប្រវតិ្តជាអតីតគ្រូបង្វឹកអ្នកចាំទីក្រុមជម្រើសជាតិកម្ពុជាកាលពីឆ្នាំ២០១៧កន្លងទៅ ព្រមទាំងធ្លាប់បំពេញការងារនៅក្លិបបាល់ទាត់ Lanexang United របស់ឡាវពីឆ្នាំ២០១៦-២០១៧ ខណៈដែលក្លិបនេះបានគ្រងតំណែងជាជើងឯកលីគកំពូលឡាវ កាលពីឆ្នាំ២០១៦ផងដែរ។ ក្រៅពីនេះលោកក៏ធ្លាប់បំពេញការងារនៅតាមបណ្តាក្លិបមួយចំនួនទៀតនៅក្នុងប្រទេសប្រេស៊ីលដូចជា Bonsucesso FC (ឆ្នាំ២០១៦), ក្លឹប Bangu AC (ពីឆ្នាំ២០១៤- ២០១៥) និងក្លឹប Goytacaz FC (ឆ្នាំ២០១៣) ជាដើម។
ក្រុមភ្នំពេញក្រោន ថ្មីៗនេះ បានតែងតាំងក្បាលម៉ាស៊ីន ថ្មីក្រោយជម្រុះថ្នាក់ដឹកនាំចាស់អស់បន្ទាប់ពីចប់រដូវកាលឆ្នាំ២០១៨។ ចំណែកថ្នាក់ដឹកនាំថ្មីរបស់ក្លិបមានដូចជា លោក លី ហៀង ជាអ្នកចាត់ការទូទៅក្លិប ចំណែក លោក Leonardo Vitorino ជាគ្រូបង្គោលថ្មី ស្របពេលប្អូនប្រុសរបស់ខ្លួន Luis Fernando Vitorino កាន់តំណែងជាគ្រូបង្វឹកអ្នកចាំទីឈុតធំ។ អតីតគ្រូវេស្ទើន លោក ស៊ុំ វណ្ណា បានទទួលតំណែងជាគ្រូជំនួយក្រុមឈុតធំ ខណៈដែលអតីតខ្សែប្រយុទ្ធ កែវ សុខង៉ន ជាអ្នកចាត់ការទូទៅក្រុមឈុតធំ។
សូមបញ្ជាក់ថា នៅរដូវកាលឆ្នាំ២០១៨ ថ្មីៗនេះក្នុងពានរង្វាន់លីគកំពូលកម្ពុជា ក្រុមភ្នំពេញក្រោន រក្សាចំណាត់ថ្នាក់លេខ៥ក្រោយប្រកួតបាន២២លើក ឈ្នះបាន១១លើក ស្មើគ្នា៣លើកនិងចាញ់៨លើកមាន៣៦ពិន្ទុ ពោលគឺចាញ់ក្រុមកំពូលតារាងណាហ្គាវើល រហូតដល់២០ពិន្ទុ។ ភ្នំពេញក្រោន ទាត់បញ្ជូលទីគូប្រកួតបាន៤១គ្រាប់ ហើយគេទាត់ចូលវិញចំនួន៣៣គ្រាប់។ ចំណែកនៅក្នុងពានរង្វាន់សម្តេចតេជោ ហ៊ុន សែន (Hun Sen Cup)វិញក្រុមក្រុមភ្នំពេញក្រោន បានធ្លាក់ចេញត្រឹមវគ្គ៨ក្រុមចុងក្រោយ បន្ទាប់ពីចាញ់ក្រុមអង្គរថាយហ្គឺរ ដែលមកពីខេត្តសៀមរាប ដោយបាល់ប៉េណាំងទីកាត់សេចក្តី៤ទល់៣ ក្រោយប្រកួតស្មើគ្នាទាំង២ជើង៤ទល់៤៕
Source: Kampuchea Thmey Daily
0 Comments