ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់នៃនាយកដ្ឋានឱសថ ចំណីអាហារ និងបរិក្ខារពេទ្យ និងគ្រឿងសំអាង នៃក្រសួងសុខាភិបាលបានស្នើឲ្យភោជនីយដ្ឋានជាង២ពាន់កន្លែងចូលរួមវគ្គបណ្តុះបណ្តាលស្តីពីសុវត្ថិភាពចំណីអាហារដើម្បីក្លាយជាភោជនីយដ្ឋានមួយមានស្ដង់ដារសំដៅចូលរួមចំណែកកាត់បន្ថយអត្រាគ្រោះថ្នាក់ ដោយចំណីអាហារនៅកម្ពុជាឲ្យកាន់តែប្រសើរឡើង។
ថ្លែងក្នុងឱកាស បើកវគ្គបណ្ដុះបណ្ដាលស្ដីពី ការអនុវត្ដន៍ អនាម័យល្អ តាមភោជនីយដ្ឋាន និងអាហារដ្ឋានកាលពីថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៨នៅសណ្ឋាគារភ្នំពេញ លោកឱសថបណ្ឌិត ហេង ប៊ុនគៀត ប្រធាននាយកដ្ឋានឱសថ ចំណីអាហារ និងបរិក្ខារពេទ្យ និងគ្រឿងសំអាង នៃក្រសួងសុខាភិបាល បានឲ្យដឹងថា គិតត្រឹមខែតុលានេះមានភោជនីយដ្ឋាន និង អាហារដ្ឋាននៅទូទាំងប្រទេសសរុបចំនួន៤៥៦២ ក្នុងនោះមាន២០២០ជាភោជនីយដ្ឋាន ដែលទទួលបានការបណ្ដុះបណ្ដាល ឬវិញ្ញាបនបត្រ អនាម័យចំណីអាហារ និងគោលការណ៍អនុវត្ដន៍ល្អពីក្រសួងសុខាភិបាលនិងជាង២ពាន់នៅ មិនទាន់សហការជាមួយក្រសួងសុខាភិបាលនៅឡើយទេ។
លោកឱសថបណ្ឌិត ហេង ប៊ុនគៀត បានបានបន្តទៀតថា ក្នុងចំណោមអាហារដ្ឋាននិងភោជនីយដ្ឋានទូទាំងប្រទេសសរុប ៤៥៦២ក្នុងនោះមានមានវិញ្ញាបនបត្រ អនាម័យ និងស្លាកសញ្ញា(Logo) ២០២០ ដោយមានLogo ចំនួន ១៤៣១ គឺកម្រិតល្អA៖ ៤៣៥, បង្គួរB៖ ១២៣ និងមធ្យមC៖៣១ សម្រាប់ហាងដែលទទួលបានការបណ្ដុះបណ្ដាល និងវិញ្ញាបនបត្រ មិនទាន់បានទទួលបាន Logo ត្រូវបន្ដប្រឹងប្រែងពង្រឹងគុណភាពបន្ថែមទៀត។
លោកឱសថបណ្ឌិត ហេង ប៊ុនគៀត បញ្ជាក់ថា ការបណ្ដុះបណ្ដាលស្ដីពី ការអនុវត្ដន៍ អនាម័យល្អ តាមភោជនីយដ្ឋាន និងអាហារដ្ឋាន គឺមិនមែនមានតែនៅកម្ពុជាយើងទេ គឺមានគ្រប់ប្រទេសបណ្ដាប្រទេស។ សម្រាប់កម្ពុជា ក៏នឹងបន្ដប្រឹងប្រែងក្នុងការផ្ដល់ចំណេះដឹងដែលទទួលបានពីការបណ្ដុះបណ្ដាលពីក្រៅប្រទេស ក្រោមជំនួយពីរដ្ឋាភិបាល ណូវេហ្សឡង់ មកអភិវឌ្ឍន៍វិស័យចំណីអាហារនៅកម្ពុជា ប្រកបដោយគុណភាព និងស្តង់ដារខ្ពស់ដូចបណ្ដាប្រទេសដូច្នេះដែរ។
ជាមួយគ្នានេះដែរ លោកឱសថបណ្ឌិត ហេង ប៊ុនគៀត បានអំពាវនាវដល់ម្ចាស់អាហារដ្ឋាន និងភោជនីយដ្ឋានទាំងអស់ សូមមកទទួលការវគ្គបណ្ដុះបណ្ដាលអនាម័យចំណីអាហារ និងគោលការណ៍អនុវត្ដន៍ល្អ ឲ្យបានគ្រប់ៗគ្នា ដើម្បីបន្ដពង្រឹងសមត្ថភាព លើគុណភាព អនាម័យ និងបំពេញកាតព្វកិច្ចជាអាជីវករមួយដ៏ត្រឹមត្រូវ ដើម្បីក្លាយជាភោជនីយដ្ឋានស្តង់ដារមួយ ដែលផ្ដល់ទំនុកចិត្ដ និងទទួលបានកិត្តិយស ពីអតិថិជនជាភ្ញៀវជាតិ និងអន្ដរជាតិ ពិសេសដើម្បីចូលរួមចំណែកក្នុងការកាត់បន្ថយអត្រាគ្រោះថ្នាក់ ដោយចំណីអាហារនៅកម្ពុជាផងដែរ៕
Source: Kampuchea Thmey Daily
0 Comments