តុលាការចិនត្រូវបានគេរំពឹងថានឹងបើកសវនាការនៅថ្ងៃព្រហស្បតិ៍លើបណ្តឹងឧទ្ធរណ៍របស់បុរសជនជាតិកាណាដាម្នាក់ប្រឆាំងនឹងការកាត់ទោសប្រហារជីវិតពីបទរត់ពន្ធគ្រឿងញៀននៅក្នុងករណីមួយដែលធ្វើឲ្យមានភាពតានតឹងកាន់តែខ្លាំងផ្នែកការទូតរវាងទីក្រុងប៉េកាំងនិងទីក្រុងអូតាវ៉ា។
លោក Robert Lloyd Schellenberg អាយុ៣៦ឆ្នាំត្រូវបានផ្តន្ទាទោសប្រហារជីវិតនៅក្នុងខែមករាបន្ទាប់ពីតុលាការចាត់ទុកការកាត់ទោសជាប់ពន្ធនាគាររយៈពេល១៥ឆ្នាំរបស់គាត់លើកមុនថាធូររលុងពេក។
សវនាការលើបណ្តឹងឧទ្ធរណ៍នេះបានកើតឡើងមួយថ្ងៃបន្ទាប់ពីនាយកប្រតិបត្តិក្រុមហ៊ុនទូរគមនាគមន៍ដ៏ធំរបស់ចិន Huawei លោកស្រី Meng Wanzhou បានបង្ហាញខ្លួនក្នុងតុលាការនៅប្រទេសកាណាដាដើម្បីប្រឆាំងនឹងការប៉ុនប៉ងធ្វើបត្យាប័នរបស់សហរដ្ឋអាមេរិកដែលជាហេតុបង្កឲ្យមានជម្លោះការទូត។
ករណីរបស់លោក Schellenberg ត្រូវបានគេមើលឃើញថាជាអានុភាពសម្រាប់លោកស្រី Meng ដែលត្រូវបានចាប់ខ្លួនតាមសំណើធ្វើបត្យាប័នរបស់សហរដ្ឋអាមេរិកទាក់ទងនឹងការរំលោភទណ្ឌកម្មអ៊ីរ៉ង់។
បន្ទាប់ពីការចាប់ខ្លួននាយកប្រតិបត្តិរបស់ក្រុមហ៊ុន Huawei នៅក្នុងខែធ្នូ, ប្រទេសចិនបានឃុំឃាំងអតីតអ្នកការទូតកាណាដាឈ្មោះ Michael Kovrig និងអ្នកជំនួញលោក Michael Spavor នៅក្នុងអ្វីដែលក្រុមអ្នកសង្កេតការណ៍មើលឃើញថាជាការសងសឹក។
ស្របពេលជាមួយគ្នានោះ នាយករដ្ឋមន្ត្រីកាណាដាលោក Justin Trudeau បាននិយាយថា ប្រទេសចិនបានជ្រើសរើសយកការកាត់ទោសប្រហារជីវិតលោក Schellenberg ហើយរដ្ឋាភិបាលរបស់លោកបានអំពាវនាវសុំឲ្យមានការអត់ធ្មត់។
ការប្តឹងឧទ្ធរណ៍របស់លោក Schellenberg ត្រូវបានគេរំពឹងថានឹងប្រព្រឹត្តទៅនៅតុលាការ Dalian Intermediate People ក្នុងខេត្ត Liaoning ភាគឦសាន។
ក្រសួងការបរទេសចិនបាននិយាយថា ប្រទេសចិនគឺជាប្រទេសមួយដែលគ្រប់គ្រងដោយច្បាប់ហើយនឹងការពារសិទ្ធិស្របច្បាប់របស់លោក Schellenberg ។
គួរបញ្ជាក់ថា ពីដំបូង លោក Schellenberg ត្រូវបានផ្តន្ទាទោសឲ្យជាប់ពន្ធនាគាររយៈពេល១៥ឆ្នាំនិងពិន័យជាប្រាក់១៥០,០០០យ័ន (២២,០០០ដុល្លារអាមេរិក) នៅក្នុងខែវិច្ឆិកា។
ប៉ុន្តែបន្ទាប់ពីការប្តឹងឧទ្ធរណ៍មួយ តុលាការកំពូលក្នុងខេត្ត Liaoning បានសម្រេចកាលពីខែធ្នូថា ការ ផ្តន្ទាទោសនេះគឺស្រាលពេកដោយសារតែភាពធ្ងន់ធ្ងរនៃឧក្រិដ្ឋកម្មរបស់គាត់៕ AFP
Source: Kampuchea Thmey Daily
0 Comments