ព្រះសីហនុ ៖ យោងតាមសេចក្ដីរាយការណ៍បឋម ពីស្រុកកំពង់សិលា បានឲ្យដឹងថា នៅវេលាម៉ោង១៣និង១០នាទី ថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៩ លើផ្លូវជាតិលេខ០៤ ចន្លោះគីឡូម៉ែត្រ១១៩-១២០ ស្ថិតក្នុងភូមិស្ទឹងសំរោង ឃុំអូរបាក់រទេះ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងរថយន្តកុងតឺន័រ និងរថយន្តដឹកខ្សាច់ថ្ម ចំនួន០៣គ្រឿង បុកគ្នាបណ្តាលឲ្យមនុស្សប្រុសចំនួន៣នាក់ បានរងរបួសស្រាល ដោយក្នុងនោះមានបុរសអ្នកបើកបររថយន្តកុងតឺន័រម្នាក់ បានកៀបជាប់នៅក្នុងកាប៊ីនរថយន្ត។
នៅកន្លែងកើតហេតុគេឃើញកង់រថយន្តមួយគូ បានរបូតចេញពីតួរថយន្តធ្លាក់នៅលើផ្លូវជាតិ ហើយក្រៅពីនោះក៏មានម៉ាស៊ីនប្រអប់លេខបានដាច់ធ្លាក់មកដីផងដែរ ចំពោះមុខ ការធ្វើចរាចរណ៍កំពុងកកស្ទះខ្លាំង ខណៈមេឃកំពុងតែធ្លាក់ភ្លៀងយ៉ាងខ្លាំងផងដែរ នៅក្នុងតំបន់នោះ។
ភ្លាមៗនេះផងដែរ គេឃើញមានកម្លាំងអហស្រុក ស្នាក់ការស្រុក និងនគរបាល បានចុះទៅសម្រួលចរាចរណ៍នៅកន្លែងកើតហេតុ។ ពេលនេះ គេមិនទាន់ដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍ដែលមើលរូបភាពរថយន្ត បានខូចខាតធ្ងន់ធ្ងរនេះផ្តើមឡើងដោយសារកំហុសភាគីខាងណា និងមូលហេតុអ្វីនោះទេ៕
Source: Kampuchea Thmey Daily
0 Comments