លោកស្រីនាយករដ្ឋមន្ត្រី Theresa May កាលពីថ្ងៃពុធបានជំទាស់នឹងការទាមទារពីគណបក្សរបស់លោកស្រី ដែលស្នើសុំឲ្យផ្តល់ពេលវេលាច្បាស់លាស់មួយសម្រាប់ការចុះចេញពីតំណែងដោយអ្នកនាំពាក្យរបស់លោកស្រីបានទទូចថា លោកស្រីនឹងបន្តដឹកនាំរហូតដល់ការចាកចេញរបស់ចក្រភពអង់គ្លេសពីសហភាពអឺរ៉ុបបានសម្រេច។
អ្នកនាំពាក្យការិយាល័យ Downing Street បាននិយាយថា “លោកស្រីនៅទីនេះដើម្បីនាំ Brexit ទៅដំណាក់កាលទីមួយហើយបន្ទាប់មកលោកស្រីនឹងចាកចេញដើម្បីត្រួសត្រាយផ្លូវដល់អ្នកដឹកនាំថ្មីសម្រាប់ដំណាក់កាលទី២”។
មេដឹកនាំអភិរក្សរូបនេះកំពុងស្ថិតក្រោមសម្ពាធកាន់តែខ្លាំងឡើងពីសមាជិកសភានិងសកម្មជនដែលមិនសប្បាយចិត្តចំពោះការដោះស្រាយរបស់លោកស្រីលើបញ្ហា Brexit ដែលត្រូវកើតឡើងនៅថ្ងៃទី២៩ខែមីនាប៉ុន្តែត្រូវបានពន្យារពេលពីរដងរួចមកហើយ។
កាលពីខែមីនា លោកស្រី May បានសន្យាថា បន្ទាប់ពីដកចក្រភពអង់គ្លេសចេញពីសហភាពអឺរ៉ុប លោកស្រីនឹងអនុញ្ញាតឲ្យមេដឹកនាំម្នាក់ទៀតចរចារអំពីទំនាក់ទំនងទ្វេភាគីនាពេលអនាគតជាមួយប្លុកនេះ។
ដោយសារតែ Brexit ឥឡូវនេះត្រូវពន្យារពេលរហូតទៅដល់ថ្ងៃទី៣១ខែតុលាឯណោះនោះ ក្រុមអ្នករិះគន់មានការព្រួយបារម្ភថា លោកស្រីអាចនឹងបន្តកាន់តំណែងរយៈពេលច្រើនខែទៀតហើយកំពុងជំរុញឲ្យមានភាពច្បាស់លាស់ចំពោះការចាកចេញរបស់លោកស្រី។
កំហឹងបានផ្ទុះឡើងបន្ទាប់ពីសេចក្តីប្រកាសលទ្ធផលនៃការបោះឆ្នោតថ្នាក់មូលដ្ឋានកាលពីសប្ដាហ៍មុនហើយសមាជិកសភាជាន់ខ្ពស់លោក Graham Brady បានជួបជាមួយលោកស្រី May កាលពីថ្ងៃអង្គារដើម្បីបង្ហាញការព្រួយបារម្ភរបស់មិត្តរួមការងារលោក។
លោក Brady ដែលជាប្រធានគណៈកម្មាធិការនៃសមាជិកសភា Tory ឆ្នាំ១៩២២ បាននិយាយថា លោកស្រី May បានយល់ព្រមថ្លែងទៅកាន់សមាជិកប្រតិបត្តិរបស់ខ្លួននៅសប្តាហ៍ក្រោយនេះសម្រាប់សំណួរអំពីអនាគតរបស់លោកស្រី។
លោកក៏បាននិយាយផងដែរថា លោកស្រីសង្ឃឹមថានឹងមានការបោះឆ្នោតមួយទៀតលើកិច្ចព្រមព្រៀងលែងលះជាមួយសហភាពអឺរ៉ុបមុនការបោះឆ្នោតអឺរ៉ុបធ្វើឡើងក្នុងប្រទេសអង់គ្លេសនៅថ្ងៃទី២៣ខែឧសភា៕ AFP
Source: Kampuchea Thmey Daily
0 Comments