ការស៊ើបអង្កេតស្តីពីការជ្រៀតជ្រែករបស់រុស្ស៊ីបានទម្លាក់ទីក្រុងវ៉ាស៊ីនតោនឲ្យចូលទៅក្នុងភាពវឹកវរកាលពីថ្ងៃពុធ ខណៈដែលកូនប្រុសរបស់លោក Donald Trump ត្រូវបានគេបញ្ជាឲ្យផ្តល់សក្ខីកម្មនៅចំពោះមុខក្រុមប្រឹក្សាព្រឹទ្ធសភា ហើយសេតវិមានបានបដិសេធបញ្ចេញព័ត៌មានស្តីពីការស៊ើបអង្កេតលើលោកប្រធានាធិបតី។
មួយថ្ងៃបន្ទាប់ពីអ្នកសាធារណរដ្ឋជាន់ខ្ពស់ក្នុងសភាបានហៅការស៊ើបអង្កេតស្តីពីការជ្រៀតជ្រែករបស់រុស្ស៊ីថាជា “ករណីបិទ” នោះ, ជម្លោះរបស់លោក Trump ជាមួយគូប្រជែងគណបក្សប្រជាធិបតេយ្យបានកើនឡើងដល់កម្រិតថ្មីនៅពេលដែលក្រុមប្រឹក្សាសភាបានបោះឆ្នោតឲ្យអគ្គរដ្ឋអាជ្ញាលោក Bill Barr មានទំនួលខុសត្រូវសម្រាប់ការប្រមាថដោយសារតែការបដិសេធប្រគល់ឯកសារសំខាន់ៗ។
បន្ទាប់ពីរឿងរ៉ាវរយៈពេលមួយថ្ងៃដែលរួមបញ្ចូលទាំងការអះអាងរបស់លោក Trump អំពីបុព្វសិទ្ធក្នុងការបញ្ចេញឯកសារសម្ងាត់របស់លោកជាលើកដំបូងនៅក្នុងតំណែងរបស់លោកផងដែរនោះ គណៈកម្មាធិការស៊ើបអង្កេតព្រឹទ្ធសភាដែលដឹកនាំដោយគណបក្សសាធារណរដ្ឋបានចាត់វិធានការគួរឲ្យភ្ញាក់ផ្អើលដោយសារតែការចេញដីកាបង្គាប់ទៅលោក Donald Trump Jr ឲ្យមកផ្តល់សក្ខីកម្មដែលជាផ្នែកមួយនៃការស៊ើបអង្កេតរបស់ខ្លួនចូលទៅក្នុងការជ្រៀតជ្រែករបស់រុស្ស៊ីក្នុងការបោះឆ្នោត។ នេះបើតាមសេចក្តីរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយអាមេរិក។
វាគឺជាការកោះហៅតាមច្បាប់ដែលគេដឹងលើកដំបូងដែលចេញទៅឲ្យសមាជិកនៃក្រុមគ្រួសាររបស់លោកប្រធានាធិបតីដើម្បីបង្ខំឲ្យផ្តល់សក្ខីកម្មនៅក្នុងការស៊ើបអង្កេតដែលកំពុងបន្តហើយការកោះហៅនេះបានកើតឡើងបន្ទាប់ពីរដ្ឋអាជ្ញាពិសេសលោក Robert Muller បដិសេធចោទប្រកាន់យុទ្ធនាការឆ្នាំ២០១៦របស់លោក Trump ពីបទសមគំនិតដើម្បីឃុបឃិតជាមួយរុស្ស៊ី។
លោក Trump Jr អាយុ៤១ឆ្នាំធ្លាប់បានផ្តល់សក្ខីកម្មដោយស្ម័គ្រចិត្តម្តងហើយទៅកាន់គណៈកម្មាធិការនេះហើយត្រូវបានគេសាកសួរអំពីកិច្ចប្រជុំថ្ងៃទី៩ខែមិថុនាឆ្នាំ២០១៦នៅអគារ Trump Tower ក្នុងទីក្រុងញូវយ៉កដែលលោកនិងមន្ត្រីយុទ្ធនាការដទៃទៀតធ្វើឡើងជាមួយមេធាវីជនជាតិរុស្ស៊ីម្នាក់ដែលបានផ្តល់ឲ្យពួកគេនូវព័ត៌មានកខ្វក់អំពីបេក្ខជនប្រធានាធិបតីគណបក្សប្រជាធិបតេយ្យលោកស្រី Hillary Clinton ។
ទោះបីជាយ៉ាងណាក៏ដោយ ជំនួយការរបស់គណៈកម្មាធិការនេះនឹងមិនបញ្ជាក់អំពីការកោះហៅឬអ្វីដែលពួកគេចង់ពិភាក្សាជាមួយកូនប្រុសច្បងរបស់លោកប្រធានាធិបតីរូបនេះទេ៕ AFP
Source: Kampuchea Thmey Daily
0 Comments