ភ្នំពេញ ៖ ជនរងគ្រោះជាអ្នកបកប្រែភាសាចិនរោងចក្រកាត់ដេរ ខណៈបើកឡានម៉ាក morning មួយ គ្រឿង បោះពួយក្នុងល្បឿនលឿនបានជ្រុលទៅបុកចំរបាំងថ្មក្បាលនាគពុះចែកទ្រូងផ្លូវ បាក់ខ្ទេចអស់៣កង់ ខ្ទេចទាំងរថយន្ត ស្លាប់ខ្លួនឯង កាលពីវេលាម៉ោង៤និង៣០នាទីទៀបភ្លឺ ព្រឹកថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៩ ស្ថិតនៅតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី មុខច្រកចូលព្រលានយន្ដហោះអន្តរជាតិភ្នំពេញ ភូមិក្បាលដំរី២ សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ។
រថយន្តជួបគ្រោះថ្នាក់ខាងលើម៉ាក morning ពណ៌ទឹកសមុទ្រ ពាក់ស្លាកលេខ ភ្នំពេញ 2Z-9375 មានម្ចាស់អ្នកបើកបរ ឈ្មោះ ម៉ុន តៃជរ ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរបកប្រែចិន រោងចក្រ ស្នាក់នៅផ្ទះជួល ភូមិកន្ទោកជើង សង្កាត់កន្ទោក ខណ្ឌកំបូល មានស្រុកកំណើតភូមិខ្ពបតាងួន ឃុំខ្ពបតាងួន ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។
តាមសាក្សីឃើញហេតុការណ៍បានឲ្យដឹងថា មុនកើតហេតុ រថយន្តបង្ក បើកល្បឿនលឿនពីកើតទៅលិច លុះដល់ចំណុចកើតហេតុ មិនដឹងថា ជនរងគ្រោះស្រវឹង ឬងងុយដេក ទើបជ្រុលទៅបុកក្បាលនាគពុះចែកទ្រូងផ្លូវ លាន់ដូចផ្ទុះគ្រាប់បែក រថយន្តវិលមួយជុំ ក្បាលនាគ ទ្រូងផ្លូវ បាក់បែកអស់ចំនួន៣កង់ អ្នកបើកបរស្លាប់ភ្លាមៗនៅក្នុងរថយន្ត ទោះជាពលរដ្ឋជួយទាញចេញ ប៉ុនប៉ងយកទៅសង្គ្រោះ ក៏មិនទាន់ផង។
បើតាមសាច់ញាតិ មិត្តភ័ក្ដិរួមការងារ បានឲ្យដឹងថា ពួកគាត់ មិនបានឃើញជនរងគ្រោះ ដេកស្នាក់នៅបន្ទប់ជួលទេ កាលពីយប់មិញ មិនដឹងថា ជនរងគ្រោះទៅដេកឯណាដែរ ស្រាប់តែ នៅវេលាម៉ោងខាងលើ ឮដំណឹងថាជនរងគ្រោះជួបរឿងអកុសលបែបនេះទៅវិញ។
ក្រោយកើតហេតុ សាច់ញាតិ មិត្តភ័ក្ដិរួមការងារ ទៅដល់កន្លែងកើតហេតុទាំងអារម្មណ៍ក្ដុកក្ដួល ដោយមិននឹកស្មានដល់ សមត្ថកិច្ចចុះពិនិត្យ សាកសព ត្រូវបានប្រគល់ជូនក្រុមគ្រួសារ ចាត់ចែងដឹកយកទៅធ្វើបុណ្យតាមប្រពៃណីឯស្រុកកំណើត។ ដោយឡែករថយន្ត ត្រូវបានសមត្ថកិច្ច ស្ទូចលើកយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីកសាងឯកសារទៅតាមនីតិវិធី៕
Source: Kampuchea Thmey Daily
0 Comments