កាលពីថ្ងៃពុធនេះនិយតករអូស្ត្រាលីបានរារាំងការច្របាច់បញ្ចូលគ្នារាប់ពាន់លានដុល្លាររវាងក្រុមហ៊ុនVodafone Hutchison AustraliaនិងTPG Telecomនៅក្នុងសេចក្ដីប្រកាសមួយដែលនាំឱ្យភាគហ៊ុននៃក្រុមហ៊ុនទាំងពីរត្រូវធ្លាក់ចុះ។
ក្រុមហ៊ុនទាំងពីរបានប្រកាសនូវកិច្ចព្រមព្រៀងមួយកាលខែសីហាថានឹងរួមគ្នាបង្កើតអង្គភាពមួយមានតម្លៃ១៥ពាន់លានដុល្លារអូស្ត្រាលី(១០,៥ពាន់លានដុល្លារអាមេរិក) ដើម្បីផ្ដួលក្រុមហ៊ុនTelstraនិងOptusក្នុងគោលបំណងបង្កើនការប្រកួតប្រជែងក្នុងវិស័យទូរគមនាគមន៍។ប៉ុន្តែគណៈកម្មការប្រកួតប្រជែងនិងអ្នកប្រើប្រាស់របស់អូស្ត្រាលី (ACCC) បានមើលឃើញនិងនិយាយថាការច្របាច់បញ្ចូលគ្នានេះបែរជានឹងកាត់បន្ថយការប្រកួតប្រជែងទៅវិញ។
"ACCCបានសន្និដ្ឋានយ៉ាងជាក់លាក់ថាការស្នើសុំច្របាច់បញ្ចូលគ្នារវាងTPG និងVodafoneនេះទំនងជាធ្វើឱ្យមានការកាត់បន្ថយការប្រកួតប្រជែងលើការផ្គត់ផ្គង់សេវាទូរសព្ទចល័តព្រោះសំណើនៃការរួមបញ្ចូលគ្នានេះនឹងរារាំងមិនឱ្យTPGក្លាយជាប្រតិបត្តិករសេវាទូរសព្ទចល័តទី៤ក្នុងប្រទេសអូស្ត្រាលីឡើយ។"
គួរឱ្យដឹងថាក្រុមហ៊ុនVodafone Australiaគឺជាប្រតិបត្តិករធំលំដាប់ទី៣ក្នុងប្រទេសដោយមានអ្នកប្រើប្រាស់ប្រហែល៦លាននាក់។ចំណែក TPG គឺជាអ្នកផ្ដល់សេវាអ៊ីនធើណិតធំមួយក្នុងចំណោមក្រុមហ៊ុនធំៗក្នុងប្រទេស។វាមានចំនួនអ្នកប្រើប្រាស់អ៊ីនធើណិតខ្សែ (Fixed-line) នៅតាមផ្ទះប្រហែល១,៩លាននាក់ និងសម្រាប់សាជីវកម្មសំខាន់ៗ រដ្ឋាភិបាលនិងអាជីវកម្មបោះដុំជាច្រើនទៀត។
ផ្ទុយពីការយល់ឃើញរបស់ ACCC ក្រុមតស៊ូមតិរបស់អ្នកប្រើប្រាស់អ៊ីនធើណិតនិងទូរសព្ទឈ្មោះថា បណ្ដាញសកម្មទំនាក់ទំនងអ្នកប្រើប្រាស់របស់អូស្ត្រាលី (ACCAN) បាននិយាយកាលពីថ្ងៃច័ន្ទថា ការរួមបញ្ចូលគ្នានេះគួរតែបន្តធ្វើទៅមុខទៀត៕ AFP
Source: Kampuchea Thmey Daily
0 Comments