ក្លិប​បាល់ទាត់​ព្រះខ័ន​រាជ​ស្វាយរៀង សមាជិក​ក្នុង​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា (Metfone Cambodian League 2018) បានប្រកាស​បន្ត​កិច្ចសន្យា​ជាមួយ​កីឡាករ​ឆ្នើម​សំខាន់ៗ ដូចជា​សឿ​យ វិសាល​, នេន សុធា​រដ្ឋ​, សារ៉េត គ្រី​យ៉ា និង​ប្រាក់ មុន្នី​ឧ​ត្ត​ម ដើម្បី​ត្រៀម​យុទ្ធនាការ​ប្រកួត​ក្នុង​រដូវ​កាល​ឆ្នាំ​២០១៩​ខាងមុខ​។



ក្លិប​បាន​បញ្ជាក់​ពី​កិច្ចសន្យា​កីឡាករ​ឆ្នើម​ទាំង​៤​នៅ​ល្ងាច​ថ្ងៃ​ព្រ​ហ​ស្ប​តិ៍ សប្ដាហ៍​នេះ ខណៈ​អ្នក​ទាំង​៤​កំពុងតែ​ជាប់​បេសកកម្ម​ជាមួយ​ក្រុម​ជម្រើសជាតិ​កម្ពុជា នៅឡើយ​ក្នុង​យុទ្ធនាការ​ប្រកួត​វគ្គ​ជម្រុះ​តាម​ពូ​ល​នៃ​ពានរង្វាន់​ធំ​ប្រចាំ​តំបន់​អាស៊ាន AFF Suzuki Cup 2018​។ យ៉ាង​ណា​ក្តី​ពួកគេ​ទាំងអស់គ្នា​នឹង​ត្រឡប់​មក​ជួយ​ក្លិប​វិញ​នៅពេល​ផុត​បេសកកម្ម​នេះ ពោល​គឺ​មុន​រដូវ​កាល​ឆ្នាំ​២០១៩ មកដល់​។



យ៉ាង​ណា​ក្តី​នៅ​សប្ដាហ៍​នេះ​ ក្លិប​ព្រះខ័ន​រាជ​ស្វាយរៀង ក៏បាន​ប្រកាស​បន្ត​កិច្ចសន្យា​ជាមួយ​កីឡាករ​ឆ្នើម​៣​នាក់​រួចរាល់​ហើយ​ដែរ ដោយ​ក្នុង​នោះ​មាន​ខ្សែប្រយុទ្ធ ណុប តុលា ខ្សែបម្រើ​កណ្តាល ជា សំណាង និង​អ្នកចាំទី អាំ សុវណ្ណារ៉ា​ត់​។ នេះ​ជា​ការ​រៀបចំ​ក្រុម​ដំបូង​របស់​លោក Conor Nestor ដែលជា​គ្រូបង្វឹក ដើម្បី​ត្រៀម​ការងារ​ក្នុង​ឆ្នាំ​២០១៩ ខណៈ​លោក​ក៏បាន​បញ្ចប់​កិច្ចសន្យា​ជាមួយ​កីឡាករ​មួយចំនួន​និង​រក​កីឡាករ​ថ្មី​បន្ថែម​ផងដែរ​។



សូម​រំលឹក​ថា ​ក្រុម​ព្រះខ័ន​រាជ​ស្វាយរៀង ដែល​ដឹកនាំ​ដោយ​លោក Conor Nestor ទទួល​ចំណាត់ថ្នាក់​មិនសូវ​បាន​ល្អ​នោះ​ទេ​ប្រចាំ​រដូវ​កាល​២០១៨ កន្លងទៅ​ទាំង​ក្នុង​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា និង​ពានរង្វាន់​សម្តេច​តេ​ជោ ហ៊ុន សែន បើ​ធៀប​នឹង​លទ្ធផល​តាម​ឆ្នាំកន្លងមក​។ ចំពោះ​លី​គ​កំពូល​កម្ពុជា វិញ​ក្រោយ​ប្រកួត​បាន​២២​លើក ឈ្នះ​បាន​១០​លើក ហើយ​ស្មើគ្នា​បាន​៣​លើក និង​បរាជ័យ​រហូតដល់​៩​លើក ឈរ​ចំណាត់ថ្នាក់​លេខ​៦​បណ្តោះអាសន្ន​ក្នុងចំណោម​ក្លិប​ជា​សមាជិក​ទាំង​១២​។ ចំណែក​ពានរង្វាន់​សម្តេច​តេ​ជោ ហ៊ុន សែន វិញ​ក្រុម​នេះ​បាន​ធ្លាក់​ត្រឹម​វគ្គ​៨​ក្រុម​ចុងក្រោយ​បន្ទាប់ពី​ចាញ់​អង្គ​រថា​យហ្គឺរ៕



Source: Kampuchea Thmey Daily