Ad Code

ប្រធាន​ក្រុម​ក្លិប​ភ្នំពេញ​ក្រោ​ន បង្ហាញ​ពី​ចំណុច​វិជ្ជមាន​ក្រោយ​ហ្វឹកហាត់​ជាមួយ​គ្រូបង្វឹក​ថ្មី​មួយរយៈ



ប្រធាន​ក្រុម​ឈុត​ធំ​របស់​ក្លិប​បាល់ទាត់​ភ្នំពេញ​ក្រោ​ន អ៊ុក សុធី បានបង្ហាញ​ទស្សនវិជ្ជា​មាន​ជាច្រើន​ក្រោយ​ដំណើរ​មកដល់​របស់​លោក Leonardo Vitorino ជនជាតិ​ប្រេ​ស៊ី​ល នៅ​កីឡដ្ឋាន RSN Stadium បន្ទាប់ពី​បាន​ហ្វឹកហាត់​ជាមួយគ្នា​មួយ​រយៈ​ធំ​មក ដើម្បី​ត្រៀម​យុទ្ធនាការ​ប្រកួត​រដូវ​កាល​ថ្មី​ឆ្នាំ​២០១៩ ខាងមុខ​។

កីឡាករ​ដែល​មាន​រហស្សនាម​ថា Messi រូប​នេះ​បាន​លើក​ឡើង​ថា « គ្រូបង្វឹក​ថ្មី​របស់​យើង​នេះ​គឺ​គាត់​ដឹង​ថា ​ក្រុម​របស់​យើង​មានការ​ខ្វះខាត​នូវ​កម្លាំង​។ ដូច្នេះ​គាត់​ផ្តោត​ច្រើន​លើ​ការហាត់​កម្លាំង និង​ការ​លេង​ជាមួយគ្នា​ឲ្យ​បាន​ច្រើន​។ ខ្ញុំ​យល់ថា​ វា​ជា​ចំណុច​ល្អ ដែល​គាត់​ផ្តោតលើ​កម្លាំង​នេះ ហើយ​ជាដំបូង​នេះ​យើង​ហត់​ពិតមែន​។ ប៉ុន្តែ​ខ្ញុំ​ជឿជាក់ថា​យើង​នឹង​មាន​កម្លាំង​ល្អ​នៅ​ពេល​ដែល​យើង​ប្រកួត​នាពេលខាងមុខ​»​។



កីឡាករ អ៊ុក សុធី គឺជា​កីឡាករ​ជើងចាស់​មួយ​រូប​ក្នុង​ក្រុម ដែល​បាន​ចូលរួម​ជាមួយ​ក្លិប​តាំងពី​ខែវិច្ឆិកា ឆ្នាំ​២០១១ កន្លងទៅ ព្រមទាំង​ធ្លាប់បាន​ជួយ​ក្រុម​ឲ្យបាន​ឈ្នះ​ពាន​លី​គ​កំពូល​កម្ពុជា នា​ឆ្នាំ​២០១៤ ប៉ុន្តែ​បាន​អវត្តមាន​នា​ឆ្នាំ​២០១៥ បន្ទាប់ពី​រង​របួស​ក្នុងពេល​ហ្វឹកហាត់​ជាមួយ​ក្រុម​ជម្រើសជាតិ​រួចមក​។ សូម​បញ្ជាក់​ថា ​កីឡាករ​រូប​នេះ​តាំងតែ​ពី​ពេល​ដែល​គេ​ប្រកប​អាជីព​បាល់ទាត់​ក្នុង​ក្រុមបាល់ទាត់​ម៉ូតូ​ហោះ (​ក្រុម​មិន​អាជីព​) និង​ក្រុម​ហ្វូ​ត​សាល​ជម្រើសជាតិ​កម្ពុជា នា​អំឡុង​ពេល​យុវវ័យ​មក​ម្ល៉េះ​។

​កាលពី​ចុងខែ​តុលា ថ្មីៗ​នេះ​នេះ​ក្រុម​ភ្នំពេញ​ក្រោ​ន បាន​តែងតាំង​ក្បាលម៉ាស៊ីន ថ្មី​ក្រោយ​ជម្រុះ​ថ្នាក់ដឹកនាំ​ចាស់​អស់​បន្ទាប់ពី​ចប់​រដូវ​កាល​ឆ្នាំ​២០១៨​។ ចំណែក​ថ្នាក់ដឹកនាំ​ថ្មី​របស់​ក្លិប​មានដូចជា លោក លី ហៀ​ង ជា​អ្នកចាត់ការ​ទូទៅ​ក្លិប ហើយ​លោក Leonardo Vitorino ជា​គ្រូ​បង្គោល​ថ្មី ស្របពេល​ប្អូនប្រុស​របស់ខ្លួន Luis Fernando Vitorino កាន់តំណែង​ជា​គ្រូបង្វឹក​អ្នកចាំទី​ឈុត​ធំ​។ អតីត​គ្រូ​វេ​ស្ទើ​ន លោក ស៊ុំ វណ្ណា បានទទួល​តំណែង​ជា​គ្រូ​ជំនួយ​ក្រុម​ឈុត​ធំ ខណៈដែល​អតីត​ខ្សែប្រយុទ្ធ កែវ សុខ​ង៉​ន ជា​អ្នកចាត់ការ​ទូទៅ​ក្រុម​ឈុត​ធំ​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu