ក្រុមបាល់ទាត់សមាជិកក្នុងលីគកំពូលកម្ពុជា (Metfone Cambodian League) បានចាប់ផ្តើមប្រមូលផ្តុំ និង ប្រកួតមិត្តភាពកម្តៅសាច់ដុំបណ្តើរៗ ហើយដើម្បីត្រៀមខ្លួនទទួលរដូវកាលថ្មីឆ្នាំ២០១៩ខាងមុខ។ ជាក់ស្តែងក្នុងសប្ដាហ៍នេះក្រុមអគ្គីសនីកម្ពុជា បានណាត់ក្រុមអង្គរថាយហ្គឺរ ប្រកួតរួចរាល់ ខណៈក្រុមភ្នំពេញក្រោន ត្រៀមប៉ះម្ចាស់ផ្ទះគីរីវង់សុខសែនជ័យ។
ចំពោះក្រុមអគ្គីសនីកម្ពុជា បានប្រកួតស្មើគ្នាជាមួយក្រុមអង្គរថាយហ្គឺរ នៅល្ងាចថ្ងៃព្រហស្បតិ៍ ទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៨ លើទីលានកីឡដ្ឋានអគ្គីសនីកម្ពុជា ដោយលទ្ធផល ១ទល់១។ នេះជាប្រកួតកម្តៅសាច់ដុំលើកដំបូងរបស់លោក ប្រាក់ វុទ្ធី ដែលជាគ្រូបង្វឹកក្រុមអគ្គីសនីកម្ពុជា ក៏ដូចជាលោក Oriol Mohedano ដែលជាគ្រូបង្វឹករបស់ក្រុមអង្គរថាយហ្គឺរ។
ចំណែកក្រុមភ្នំពេញក្រោនវិញ ត្រូវធ្វើដំណើរទៅប្រកួតនៅខេត្តតាកែវ ដោយប៉ះជាមួយក្រុមម្ចាស់ផ្ទះគីរីវង់ នៅវេលាម៉ោង៣និង៣០នាទីរសៀល ថ្ងៃសៅរ៍ ទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៨ នេះ។ នេះប្រកួតលើកទី២របស់ក្រុមភ្នំពេញក្រោន ដែលដឹកនាំដោយគ្រូបង្វឹកថ្មីគឺលោក Leonardo Vitorino ជនជាតិប្រេស៊ីល ខណៈប្រកួតកាលពីចុងសប្ដាហ៍មុន បានប្រកួតចាញ់ក្រុមក្រសួងការពារជាតិ ៣ទល់១ លើទីលានកីឡដ្ឋាន RSN Stadium របស់ខ្លួន។
ក្រុមដែលជាសមាជិកពានរង្វាន់លីគកំពូលកម្ពុជា បានចាប់ផ្តើមប្រមូលផ្តុំកីឡាករឡើងវិញក្រោយសម្រាកមួយរយៈ ហើយនេះជាដំណាក់កាលដែលក្រុមទាំងអស់ត្រូវតាមដាននិងត្រួតពិនិត្យសមត្ថភាពកូនក្រុមរបស់ខ្លួនឡើងវិញ ទាំងសមាជិកចាស់ និងសមាជិកថ្មីៗទាំងខ្មែរនិងបរទេស ឬកីឡាករខ្លះ ទើបតែជ្រើសរើសចេញពីក្រុមថ្នាលយុវជន ព្រមទាំងកីឡាករមួយចំនួនដែលកំពុងស្ថិតក្នុងដំណាក់កាលធ្វើតេស្តសាកល្បងមុននឹងសម្រេចបញ្ចូលពួកគេទៅក្នុងក្រុមឈុតធំ ឬ យ៉ាងណានោះ មុនរដូវកាលឆ្នាំ២០១៩ មកដល់៕
Source: Kampuchea Thmey Daily
0 Comments