ភ្នំពេញ ៖ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ កាលពីល្ងាចថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៨បានសម្រេចចេញដីកាឃុំស្ត្រីចំនួន១១នាក់ ពីបទលក់ដូរមនុស្សសម្រាប់ឆ្លងដែន និងបទធ្វើអន្តរការីរវាងអ្នកសុំកូន និងស្ត្រីពពោះ តាមមាត្រា១៦ នៃច្បាប់ ស្ដីពីការទប់ស្កាត់អំពើជួញដូរមនុស្ស និងមាត្រា៣៣២ នៃក្រមព្រហ្មទណ្ឌ។
ជនត្រូវចោទទាំង១១នាក់ ត្រូវបានសមត្ថកិច្ចប្រាំងការជួញដូរមនុស្ស និងការពារអនីតិជនរាជធានីភ្នំពេញ បញ្ជូនទៅកាន់ពន្ធនាគារ ហើយនាថ្ងៃទី១៦វិច្ឆិកានេះ។
កាលពីថ្ងៃទី១៤វិច្ឆិកា ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញបានសម្រេចឃុំខ្លួនជនជាប់ចោទ៤នាក់ ពីបទសមគំនិត ក្នុងអំពើលក់ដូរមនុស្សសម្រាប់ឆ្លងដែន និងធ្វើអន្តរការីរវាងអ្នកសុំកូននិងស្ត្រីពពោះ តាមមាត្រា១៦ នៃច្បាប់ ស្ដីពីការទប់ស្កាត់អំពើជួញដូរមនុស្ស មាត្រា២៩ និងមាត្រា ៣៣២ នៃក្រមព្រហ្មទណ្ឌ ដែលមាន ១.ឈ្មោះ ចេង សំអុល ភេទប្រុស ,២.ឈ្មោះ អៀង ម៉ាន់ ភេទប្រុស, ៣.ឈ្មោះ សុខ ឃឿន ភេទស្រី និង,៤.ឈ្មោះ ខៀវ វណ្ណា ភេទស្រី។
ជនជាប់ចោទទាំង១៥នាក់ខាងលើនេះ ត្រូវបានឃាត់ខ្លួន កាលពីថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៨ ដោយកម្លាំងនគរបាលការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន សហការជាមួយកម្លាំងមូលដ្ឋានខណ្ឌសែនសុខ ដោយមានការសម្របសម្រួលពី លោក គុជ គឹមឡុង ព្រះរាជអាជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញ បានចុះធ្វើការបង្ក្រាបជាក់ស្ដែង ករណីអំពើលក់ដូរមនុស្សសម្រាប់នាំឆ្លងដែន និងបទ អន្តរការីរវាងអ្នកសុំកូន និងស្ត្រីពពោះ នៅចំណុចទីតាំងចំនួន៣កន្លែង ក្នុងមូលដ្ឋានខណ្ឌសែនសុខ។
ជាលទ្ធផល នៃកិច្ចប្រតិបត្តិការនេះ កម្លាំងនគរបាលការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន បានធ្វើការឃាត់ខ្លួនជនជាប់ចោទចំនួន១៥នាក់ ក្នុងនោះមានអ្នកមើលការខុសត្រូវ(មេការស្រី)ចំនួន២នាក់ អ្នករត់ម៉ូតូកង់បីប្រុសចំនួន២នាក់ ស្ត្រីមានផ្ទៃពោះចំនួន១១នាក់ និង៣នាក់ទៀតរត់គេចខ្លួន។
រីឯ វត្ថុតាង ដកហូតបានរួមមាន លិខិតឆ្លងដែនចំនួន១ក្បាល ឯកសារពេទ្យមួយចំនួន ស៊ីរុំាង និងថ្នាំពេទ្យ(ប្រើរួច និងមិនទាន់ប្រើ)មួយចំនួន និងម៉ូតូកង់បីចំនួន២គ្រឿងទៀតផងដែរ៕
Source: Kampuchea Thmey Daily
0 Comments