បាត់ដំបង ៖ រថយន្ត​ស៊េរី​ទំនើប​០១​គ្រឿង ត្រូវ​បាន​កម្លាំង ប៉េអិម ( ចល័ត ) ដែល​ក្រុម​នេះ​តែងតែ​ឆ្វែល​គ្រប់​ច្រកល្ហក គ្មាន​គោលដៅ បាន​ឃាត់​នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៥ និង​បាន​បញ្ជូន​ទៅ​ឲ្យ​ក្រុម​គយ​ចល័ត​ ដើម្បី​ត្រួតពិនិត្យ​លើ​ឯកសារ​ផង​ដែរ បន្ទាប់ពី​ឃាត់​ភ្លាមៗ​ ស្រាប់តែ​រឿង​ត្រូវ​បាន​បែក​ធ្លាយ ដោយសារ​តែ​មាន​សារព័ត៌មាន​តាម​ថត​ព្រោងព្រាត​រួចមក ព្រោះ​គេ​ធ្វើឡើង​ទៅលើ​រថយន្ត​ណា​ដែល​គេ​សង្ស័យ។​

​ការ​ស្ទាក់​ឃាត់​រថយន្ត​នេះ​បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​១១និង​៣០​នាទី​ ថ្ងៃ​ទី​១៦ ខែ​វិច្ឆិកា ឆ្នាំ​២០១៨ តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៥ ក្នុង​ភូមិ​អញ្ចាញ សង្កាត់​អូរ​ចារ ក្រុង​បាត់ដំបង ខេត្ត​បាត់ដំបង ដែល​រថយន្ត​នោះ​ម៉ាក ព្រូស​ពណ៌ស ពាក់​ស្លាក​លេខ ចង្កូត​ស្ដាំ PS 0439។​

តាម​ប្រភព​នៅ​ទី​នោះ​បាន​និយាយ​ថា នៅ​មុនពេល​កើតហេតុ គេ​សង្កេត​ឃើញ​មាន​រថយន្ត​ជាច្រើន​គ្រឿង បាន​ប្រដេញ​ស្ទាក់​ពីមុខ​ផង និង​បិត​ពី​ចំហៀង​ផង​ទៅលើ​រថយន្ត​ចង្កូត​ស្ដាំ​នោះ ដោយ​ក្រុម​រថយន្ត​នេះ​ ត្រូវ​បាន​គេ​ស្គាល់​ថា អ្នក​ដឹកនាំ​ឈ្មោះ ឡេង ជា​សេនា​ឆ្វេង ស្ដាំ របស់​លោក​មេបញ្ជាការ និង ឈ្មោះ អ៊ុំ សា​រ៉េ​ន ជា​មេបញ្ជាការ​រង កងរាជអាវុធហត្ថ ស្រុក​បាណន់ ដោយ​លោក​ប៉េអិម​ទាំង​នេះ ​ត្រូវ​បាន​ប្រភព​ជាច្រើន​ស្គាល់​ថា ជា​ប៉េអិម ចល័ត អាច​ដើរ​បាន​គ្រប់​ស្រុក ក្នុង​ខេត្ត​បាត់ដំបង ដើម្បី​ស្វែងរក​បទល្មើស និង​អាច​ស្វែងរក​លាភសក្ការៈ​ផង​ដែរ។​

ភ្លាមៗ​នេះ​ដែរ បន្ទាប់ពី​គេ​បាន​ឃាត់​រថយន្ត​មួយ​គ្រឿង​នេះ​រួចមក គេ​ក៏បាន​ទាមទារ​រក​ឯកសារ និង​សុំ​ពិនិត្យ​កាត​គ្រី ដោយ​គេ​បាន​ចោទប្រកាន់​ទៅលើ​រថយន្ត​នេះ​ថា ​អាច​អត់​មាន​ពន្ធ​ត្រឹមត្រូវ ប៉ុន្តែ​ក្រោយ​ពី​មាន​អ្នកសារព័ត៌មាន​ចុះ​ថត​ព្រោងព្រាត​រួចមក ស្រាប់តែ​លោក​ប៉េអិម​ប្រែចិត្ត​មិន​សម្រប​សម្រួល​អ្វី​ទាំងអស់ គឺ​គេ​បាន​ទាក់ទង​ទៅ​កម្លាំង​គយ​ចល័ត ហុង​ឡុង ឲ្យ​យក​រថយន្ត​នេះ​ទៅ​ពិនិត្យ​ឯកសារ​ទៅវិញ។​

គួរ​បញ្ជាក់​ដែរ​ថា មួយ​រយៈ​ចុងក្រោយ​នេះ គេ​ធ្លាប់​បាន​ឮ​ព័ត៌មាន​មួយ​ចំនួន​ថា​ មាន​ក្រុម​សមត្ថកិច្ច​មួយ​ចំនួន បាន​ចុះ​ធ្វើ​បែបនេះ​ដែរ ដោយ​មិនបាន​ប្រគល់​រថយន្ត​ទៅ​ឲ្យ​គយ​ទេ​ គឺ​គេ​បាន​សម្រួល​គ្នា​នៅ​លើ​ចិញ្ចើម​ផ្លូវ​ទៅវិញ ប៉ុន្តែ​លើក​នេះ លោក​ប៉េអិម​បែរជា​ប្រគល់​ទៅ​ឲ្យ​គយ ក្រោយពី​បាន​ខំ​តាម​ប្រមាញ់​ឡើង​បែកញើស​រួចមក មិន​ត្រឹមតែ​ប៉ុណ្ណោះ​ទេ គឺ​រថយន្ត​នេះ​ត្រូវ​បាន​គេ​ឃាត់​ម្ដង​រួចមក​ហើយ ស្រាប់តែ​មិន​អស់ចិត្ត​ គេ​តាម​ឃាត់​ម្តង​ទៀត ដែល​បញ្ហា​នេះ​បានធ្វើ​ឲ្យ​មជ្ឈដ្ឋាន​ជាច្រើន​មាន​ការ​ងឿងឆ្ងល់។

រហូត​មក​ទល់​ពេលនេះ យើង​មិនទាន់​ទទួល​បាន​ថា តើ​រថយន្ត​ព្រូស​នេះ ជា​រថយន្ត​មិនបាន​បង់ពន្ធ ឬ​ក៏​មាន​ឯកសារ​គ្រប់គ្រាន់​ហើយ​នោះ​ទេ គេ​គ្រាន់​តែ​ដឹង​ថា​ រថយន្ត​នេះ​មាន​ស្លាក​លេខ​ចង្កូត​ស្ដាំ និង​មាន​ឆៀក​ត្រឹមត្រូវ​តែប៉ុណ្ណោះ៕


Source: Kampuchea Thmey Daily