កីឡាករជើងខ្លាំង លី ភា អ្នកប្រដាល់មកពីក្លិបសំរោងកោងកីឡា ខេត្តបាត់ដំបង ដែលបានសាងកេរ្តិ៍ឈ្មោះល្បីល្បាញ នៅប្រទេសថៃនោះ ពេលនេះមានវត្តមាននៅសង្វៀនស្រុកខ្មែរហើយ ដោយត្រូវឡើងជួបកីឡាករឡា វចៅ សងមឿង ស៊ីត.គ្រូលែ ខណៈកីឡាករស្រករក្រោយលន បញ្ញា អ្នកប្រដាល់ នៃសមាគមកីឡាប្រដាល់ក្រសួងការពារជាតិ ត្រូវជួបជាមួយកីឡាករថៃ ម៉ាំងកនងិន អភិឆាតមួយថៃយ៉ីម នៅលើសង្វៀនស៊ីអិនស៊ី នាថ្ងៃអាទិត្យទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ។
ការជួបគ្នារវាងកីឡាករ លី ភា និងកីឡាករឡាវ ចៅសងមឿង ស៊ីត.គ្រូលែ ក្នុងប្រភេទទម្ងន់៦០គីឡូក្រាម អ្នកទាំង២មិនធ្លាប់ជួបគ្នាទេពីមុនមក ហើយមិនទាន់មានប្រភពណាដឹងថា កីឡាករឡាវម្នាក់នេះ មានកម្រិតវិជ្ជាគុនខ្លាំងប៉ុណ្ណានោះទេ តែកីឡាករម្នាក់នេះ ហាត់នៅប្រទេសថៃ ដូចនេះវិជ្ជាគុនរបស់គេមិនខុសពីកីឡាករថៃប៉ុន្មានឡើយ ហើយគេមានកម្លាំងស៊ុហ្វខ្លាំងទៀតផង។
ចំណែកកីឡាករលី ភា គេហាត់ប្រដាល់នៅកម្ពុជា តែគេទៅប្រកួតនៅប្រទេសថៃ ស្នៀតខ្លាំងរបស់គេ គឺជើងទាត់ កណ្ដាប់ដៃ និងកែង ដែលអាចវាយប្រយោលក៏បាន ចូលកៀកក៏បាន។
កាលដែល លី ភា ប្រកួតនៅប្រទេសថៃស្នៀតកែងរបស់គេ ដែលធ្វើឲ្យគេផ្ដួលគូប្រកួតជាបន្ទាប់ ហើយបានល្បីល្បាញមកដាល់សព្វថ្ងៃ។
ការប្រកួតនេះ ត្រូវបានអ្នកតាមដានប្រដាល់អះអាងថា មានភាគរយឈ្នះច្រើនជាងកីឡាករឡាវ បើទោះជាគេមិនធ្លាប់មកប្រកួតនៅសង្វៀននេះក៏ដោយ។ ចាំមើលរវាងកីឡាករ លី ភា និងកីឡាករឡាវ ចៅសងមឿង ស៊ីត.គ្រូលែ នរណាជាអ្នកឈ្នះ?។
ដោយឡែក កីឡាករស្រករក្រោយ លន បញ្ញា ត្រូវជួបជាមួយកីឡាករថៃម៉ាំងកនងិន អភិឆាតមួយថៃយ៉ីម ក្នុងប្រភេទទម្ងន់៦០គីឡូក្រាម អ្នកទាំងពីរមិនធ្លាប់ជួបគ្នាទេពីមុនមក ដោយសារ លន បញ្ញា ជាកីឡាករជើងថ្មីទើបវាយឡើងរហូតបានប្រកួតជាមួយកីឡាករបរទេស ចំណែកកីឡាករថៃក៏ទើបមកប្រកួតនៅស្រុកខ្មែរដែរ ហើយមិនទាន់ដឹងថា កីឡាករថៃម្នាក់នេះ មានវិជ្ជាគុនខ្លាំងប៉ុណ្ណានោះដែរ។
រីឯកីឡាករ លន បញ្ញា គេជាកីឡាករស្រករក្រោយទេតែស្នៀតខ្លាំងរបស់គេ ខ្លាំងទាំងព្រមតែម្ដង ក្នុងនោះបើគេទាត់មួយជើងហើយកណ្ដាប់ដៃ ក៏ចេញតាមក្រោយដែរ ហើយស្នៀតកែងបុកកាណូតក៏គ្រោះថ្នាក់ដែរ កីឡាករល្មមៗ មិនអាចទប់ជាមួយគេបានប្រាំទឹកនោះទេ ហើយគេមានកម្ពស់ខ្ពស់ទៀត ដែលអាចបោះជង្គង់ខ្លីក៏បាន វែងក៏បាន តែយ៉ាងណា លន បញ្ញា គេមិនសូវខ្លាំងខាងកម្លាំងស៊ុហ្វនោះទេ។ ចាំមើល លន បញ្ញា ជាអ្នកឈ្នះ ឬកីឡាករថៃ ម៉ាំងកនងិន អភិឆាតមួយថៃយ៉ីម?៕
Source: Kampuchea Thmey Daily
0 Comments