ខេត្តតាកែវ ៖ សម្ដេចតេជោ ហ៊ុន សែន ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានប្រាប់ទៅទណ្ឌិត សម រង្សី និងអ្នកគាំទ្រទណ្ឌិតរូបនេះថា ឲ្យរង់ចាំរហូតដល់សេះដុះស្នែងសិនទៅ ចាំសម្ដេចស្នើថ្វាយព្រះមហាក្សត្រដើម្បីដោះលែង កឹម សុខា ។ ការលើកឡើងរបស់ប្រមុខរាជរដ្ឋាភិបាល ពេលនេះ ជាការឆ្លើយតបទៅនឹងការអះអាងរបស់លោក សម រង្ស៊ី ដែលថា នឹងមានការដោះលែងលោក កឹម សុខា នៅថ្ងៃទី២៩ ខែធ្នូ ខាងមុខ ខណៈដែលរដ្ឋាភិបាលប្រារព្ធពិធីអបអរខួបទី ២០ ឆ្នាំ នៃនយោបាយឈ្នះ-ឈ្នះ និងដោយសារមានសម្ពាធពីបរទេស។
សម្តេចតេជោ ហ៊ុន សែន បានលើកឡើងបែបនេះនៅក្នុងពិធីជួបសំណេះសំណាលជាមួយកម្មករ និយោជិតចំនួន ២៣.៤៦៦ នាក់មកពីរោងចក្រចំនួន ២០ ក្នុងស្រុក ខេត្តតាកែវ នៅព្រឹកថ្ងៃទី៧ ខែវិច្ឆិកា នេះ។
លោក សម រង្ស៊ី បានសរសេរលើហ្វេសប៊ុក ថា ៖« យើងបានទទួលបានព័ត៌មានពីផ្ទៃក្នុងគណបក្សប្រជាជនកម្ពុជាថា លោក ហ៊ុន សែន នឹងដោះលែង លោក កឹម សុខា នៅថ្ងៃ ២៩ ធ្នូ ២០១៨ នេះក្នុងឱកាសខួបទី ២០ នៃ "នយោបាយឈ្នះ ឈ្នះ" ដែលលោក ហ៊ុន សែន តែងតែយកមកអួតអាង»។ លោក សម រង្ស៊ី បានលើកឡើងទៀតថា៖ «ជាជំហានទី១ ដើម្បីជៀសវាងទណ្ឌកម្មពាណិជ្ជកម្មពីសហភាពអឺរ៉ុប ។ ជំហានទី២ ដែលលោក ហ៊ុន សែន កំពុងតែទីទើរនៅឡើយគឺការបើកផ្លូវឲ្យគណបក្សសង្គ្រោះជាតិដំណើរការឡើងវិញ»។
សម្ដេចតេជោ ហ៊ុន សែន បាននិយាយដោយចំឈ្មោះ លោក សម រង្ស៊ី តែម្តងថា ៖ « មានអាម្សៀររត់ចោលគុកមួយនោះ វាថាថ្ងៃទី២៩ ខែ ធ្នូនេះ នឹងមានការដោះលែងអ្នកទោស អានេះពិតជាចេះបោកគេ ហៅថាបោកចិញ្ចឹមឆ្នាំង ចាំមើលទៅអ្នកជឿ ចាំមើលទៅ ។ និយាយឲ្យចំឈ្មោះតែម្តងទៅ គឺ សម រង្ស៊ី គាត់បង្ហោះក្នុង Facebook គាត់ថា ថ្ងៃ ២៩ ធ្នូនេះលោក ហ៊ុន សែន នឹងដោះលែង កឹម សុខា ដែលគាត់ហៅថា ធ្វើខួបលើកទី២០ នៃនយោបាយ ឈ្នះ ឈ្នះ ហើយនេះក្រោមសម្ពាធអន្ដរជាតិ។ ហ្អែងចាំមើលៗ ហើយអ្នកគាំទ្រអ្នកឯងចាំមើលទៅ ខ្ញុំគ្រាន់តែបញ្ជាក់ប៉ុណ្ណឹងទេ ចាំមើលទៅអាមេខ្លួនឯងបោកកូនខ្លួនឯងប៉ុណ្ណា » ។
សម្ដេចតេជោ ហ៊ុន សែន បានធ្វើការពន្យល់ថា លោក កឹម សុខា មិនទាន់ត្រូវបានតុលាការកាត់ទោស ហើយសាលក្រមមិនទាន់ចូលស្ថាពរនៅឡើយនោះទេ ដូច្នេះ កឹម សុខា គ្មានទោសឯណាត្រូវស្នើព្រះមហាក្សត្រព្រះរាជទានលើកលែងទោសនោះទេ ហើយសម្ដេចក៏គ្មានសិទ្ធិស្នើថ្វាយព្រះមហាក្សត្រលើកលែងទោសឲ្យអ្នកណាទាំងអស់ចំពោះអ្នកដែលស្ថិតក្នុងក្របខណ្ឌជាពិរុទ្ធជន។
សម្ដេចតេជោ ហ៊ុន សែន ក៏បានចំអកទៅកាន់លោក សម រង្ស៊ី ផងដែរថា៖«កាលណាដែលសេះដុះស្នែង ទើបសម្ដេចស្នើថ្វាយព្រះមហាក្សត្រដើម្បីដោះលែងលោក កឹម សុខា »។ សម្ដេចតេជោ ហ៊ុន សែន បន្តទៀតថា មួយថ្ងៃៗមិនដែលចេះធ្វើការអ្វីនោះទេ ពោលគឺអង្គុយរកនឹកតែល្បិចដើម្បីបោកប្រាស់ភូតកុហកកូនចៅខ្លួនឯងប៉ុណ្ណោះ ហើយមួយករណីទៀតរកនឹកដើម្បីបង្ហោះសារលើ Facebook ដើម្បីបោកអ្នកប្រើប្រាស់ Facebook និងគ្រាន់តែចង់បានការចុច Like ។
សម្តេចតេជោបានបន្តថា សម រង្ស៊ី គ្មានបានធ្វើអ្វីសម្រាប់ជាតិសូម្បីតែបន្តិច ក្រៅតែពីទៅសុំបរទេសកុំឲ្យផ្តល់ជំនួយដល់កម្ពុជា ទៅសុំគេកុំឲ្យមកវិនិយោគនៅកម្ពុជា និង ចុងក្រោយទៅសុំគេកុំឲ្យទិញទំនិញពីកម្ពុជា ។
អតីតប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ត្រូវបានតុលាការសម្រេចផ្ទេរពីការឃុំខ្លួននៅពន្ធនាគារ មកឃុំខ្លួននៅក្នុងផ្ទះវិញ ។ ក្រៅពីរស់នៅក្នុងផ្ទះខ្លួន លោក កឹម សុខា មិនអាចជួបអតីតថ្នាក់ដឹកនាំបក្សនិងជនបរទេសណាម្នាក់ក្នុងទិសដៅដែលសង្ស័យថា ធ្វើសកម្មភាពនយោបាយបានឡើយ៕
Source: Kampuchea Thmey Daily
0 Comments