ក្រុមបាល់ទាត់អគ្គីសនីកម្ពុជា សមាជិកក្នុងពានរង្វាន់លីគកំពូលកម្ពុជា (Metfone Cambodian League 2018) កំពុងតែសម្លឹងមើលកីឡាករថ្មី ទាំងយុវជនឬកីឡាករមកពីក្លិបផ្សេង ដើម្បីយកមកជំនួសកីឡាករជើងចាស់មួយចំនួនដែលសម្រេចចិត្តចូលនិវត្តន៍ក្រោយបញ្ចប់រដូវកាលចាស់ឆ្នាំ២០១៨ កន្លងទៅ។
លោក ប្រាក់ វុទ្ធី គ្រូបង្គោលក្លិបបាល់ទាត់អគ្គិសនីកម្ពុជា បានលើកឡើងថា ក្លិបរបស់លោកបើកចំហដល់កីឡាករមកពីទ្រនំផ្សេងៗចូលធ្វើតេស្ដសមត្ថភាព រហូតដល់ដំណាច់ខែវិច្ឆិកា ឆ្នាំ២០១៨នេះ និងឈានចម្រាញ់យកជម្រើសល្អៗត្រៀមការប្រកួតក្របខណ្ឌ Metfone Cambodian League 2019 ខាងមុខ។ លោកថាក្រុមលោកត្រូវការកីឡាករមានសមត្ថភាពជាច្រើនទៀតដើម្បីបំពេញចន្លោះប្រហោង ជាពិសេសនៅតំបន់បម្រើ២រូប និងខ្សែការពារស្ដាំ២រូប បន្ទាប់ពីកីឡាករ៥រូបបានចូលនិវត្តន៍ ថ្មីៗនេះ។
លោក ប្រាក់ វុទ្ធី បានបញ្ជាក់ទៀតថា៖«ខ្ញុំអាចនិយាយបានថា រហូតដល់ដំណាច់ខែវិច្ឆិកា ប្រសិនបើមានកីឡាករថ្មីៗចង់មកធ្វើតេស្ដបន្ត គឺយើងនឹងទទួលឲ្យធ្វើតេស្ដតែម្ដង។ ទី១កីឡាករដែលចង់មកធ្វើតេស្ដ ទី២កីឡាករណាដែលយើងឃើញថា មានសមត្ថភាពដោយមិនបាច់ធ្វើតេស្ដ យើងនឹងទទួលយក។ ឲ្យតែពួកគាត់ចង់មកចូលរួមជាមួយអគ្គិសនីកម្ពុជា។ យើងត្រូវការខ្សែបម្រើ២រូបដែលមានកម្រិតសមត្ថភាពខ្ពស់ ហើយខ្សែការពារស្ដាំ២រូប ព្រោះអី យើងនៅរាងធូររលុងបន្តិចនៅតំបន់ហ្នឹងកាលរដូវកាលមុន»។
ថ្មីៗនេះក្លិបអគ្គិសនីកម្ពុជា បានចុះកិច្ចសន្យាជាមួយអតីតយុវជនសាលាបាល់ទាត់ជាតិបាទី៤រូបផងដែរគឺកីឡាករ ផាច សុជាវីឡា, ឈឿង វិស្ណុ, លន ថេន និង សៀន សុភក្ត្រា។ ដោយឡែក ក្រោយចប់រដូវកាល២០១៨ កីឡាករ៥រូបរបស់អគ្គិសនីកម្ពុជា បានលាឈប់ពីអាជីពបាល់ទាត់ គឺ ចាន់ ដារ៉ា, ពុធ សុធារ៉ា, សាវីសែតសូឌី, សួន វាសនា និង អ៊ុក វ៉ាន់ណេ។
ក្រុមបាល់ទាត់អគ្គីសនីកម្ពុជា ជាក្លិបតែ១គត់ក្នុងលីគកំពូលកម្ពុជា ដែលប្រកាសមិនប្រើប្រាស់កីឡាករបរទេសដើម្បីជួយក្រុម ពោលគឺក្លិបនេះប្រើប្រាស់តែធនធានកីឡាករខ្មែរសុទ្ធតែប៉ុណ្ណោះ។ បើមើលលទ្ធផលប្រកួតកន្លងមកក្នុងពានរង្វាន់លីគកំពូលកម្ពុជា ក្រុមអគ្គីសនីកម្ពុជា បានប្រកួតឈ្នះតែ២លើកហើយស្មើគ្នា៣លើកនិងចាញ់១៧លើកមាន៩ពិន្ទុប៉ុណ្ណោះដោយឈរលេខរៀងទី១១ ពោលគឺនៅពីលើក្រុមបាតតារាងវេស្ទើនភ្នំពេញ។ ចំណែកក្នុងពានរង្វាន់សម្តេចតេជោ វិញក្រុមនេះបានធ្លាក់ចេញតាំងពីវគ្គជម្រុះបឋមថ្នាក់ជាតិម្ល៉េះ ក្រោយចាញ់ក្រុមភ្នំពេញក្រោន ទាំង២ជើង៦ទល់១។ កន្លងមកក្លិបមួយនេះធ្លាប់បានដាក់គោលដៅនឹងប្រជែងយកពាន នៅឆ្នាំ២០២០ ខាងមុខ៕
Source: Kampuchea Thmey Daily
0 Comments