ភ្នំពេញ៖ លោក ផៃ ស៊ីផាន ថ្លែងបែបនេះ នៅក្នុងសិក្ខាសាលាមួយស្តីពី "អ្នកនាំពាក្យ ឆ្ពោះទៅកាន់ប្រសិទ្ធភាព និងរួមជាមួយកិច្ចថែរក្សា និងលើកតម្កើងអធិបតេយ្យ ឯកភាព និងមោទនភាពជាតិរស់ឡើងវិញ" ដែលកម្មវិធីនេះរៀបចំដោយការិយាល័យអ្នកនាំពាក្យរាជរដ្ឋាភិបាល កាលពីព្រឹកថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៨។
ថ្លែងទៅកាន់អង្គសិក្ខាសាលា លោក ផៃ ស៊ីផាន លើកឡើងថា អ្នកនាំពាក្យគ្រាន់តែជាអ្នកមានទេពកោសល្យក្នុងការឆ្លងឆ្លើយ ក្នុងកាតព្វកិច្ចរបស់ខ្លួន ហើយអ្នកនាំពាក្យត្រូវតែមានមន្ត្រីព័ត៌មាន បើមិនមានអ្នកព័ត៌មានទេ ទៅមិនរួចទេ ដូច្នេះនៅក្នុងក្រុមគ្រួសារអ្នកនាំពាក្យ ក្រសួង ស្ថាប័ននីមួយៗត្រូវតែរៀបចំឲ្យមានមន្ត្រីព័ត៌មាន “ពីព្រោះអ្នកនាំពាក្យគ្រាន់តែអ្នកចម្រៀងម្នាក់ គ្រាន់តែជាអ្នកនិយាយម្នាក់ ដែលមានទេពកោសល្យប៉ុណ្ណោះ”។ លោកអះអាងថា អ្នកនាំពាក្យ និងមន្ត្រីព័ត៌មាន ត្រូវតែប្រយ័ត្នចំពោះពាក្យថា ប្រថុយ, ហានិភ័យ និងវិបត្តិ។ មានន័យថា ប្រសិនបើព័ត៌មាននោះត្រូវបានចេញផ្សាយ តើយើងអាចសន្និដ្ឋានបានទេថា អ្វីទៅជាហានិភ័យចំពោះព័ត៌មាននេះ អ្វីទៅជាវិបត្តិរបស់ព័ត៌មាននេះ ? ។
តាមលោក ផៃ ស៊ីផាន មន្ត្រីអ្នកនាំពាក្យមានត្រចៀកពីរ មានមាត់មួយ គឺត្រចៀកមួយទទួលមតិខាងឆ្វេង ត្រចៀកមួយទៀតទទួលមតិខាងស្តាំ ហើយត្រូវយកទៅរៀបចំយ៉ាងម៉េចឲ្យទៅជាព័ត៌មានទាន់ពេលវេលាជូនមហាជន ដើម្បីជាទំនុកចិត្ត ហើយការទទួលបានការទុកចិត្តនេះហើយ ដែលធ្វើឲ្យរាជរដ្ឋាភិបាលទទួលបានជោគជ័យក្នុងកិច្ចការពារអធិបតេយ្យភាពរបស់ខ្លួន ក៏ដូចជាកិច្ចការពារជោគវាសនារបស់ប្រទេសជាតិ។
ទាក់ទងនិងសំណួរអ្នកសារព័ត៌មាន ដែលលើកឡើងថា មានអ្នកនាំពាក្យនៅតាមក្រសួង ស្ថាប័នមួយចំនួនមិនសហការ ឬមិនបានលើកទូរស័ព្ទឆ្លើយតបជាមួយអ្នកសារព័ត៌មាននោះ លោក ផៃ ស៊ីផានបញ្ជាក់ថា ដោយសាrតែបញ្ហានេះហើយ ទើបយើងបង្កើតឲ្យមានការជួបជុំនេះ ដើម្បីជជែកគ្នាថា តើហេតុអ្វីបានជាមានបញ្ហានេះ។ លោកបញ្ជាក់ថា “អ្នកសារព័ត៌មានមិនចង់បានងារជាឯកឧត្តម ឬជាអីទេ គ្រាន់តែធ្វើយ៉ាងម៉េចបានស្តាប់ឮពីមន្ត្រីព័ត៌មាន ឬអ្នកនាំពាក្យហ្នឹង ដើម្បីបន្តព័ត៌មានហ្នឹងទៅមហាជន។ ឆ្លៀតក្នុងឱកាសនេះដែរ ជាមួយនឹងសិក្ខាសាលានេះ ហើយជាមួយនឹងការអំពាវនាវ ទីមួយ គឺអ្នកនាំពាក្យត្រូវឆ្លើយតប យ៉ាងហោចណាសថា ខ្ញុំក្តាប់សាច់រឿងនេះមិនបានទេ។ នេះជាការលើកទឹកចិត្តដល់មហាជន ប៉ុន្តែអ្នកសារព័ត៌មានវិញ សុំកុំប្រឆាំង គ្រាន់តែធ្វើការតតាំងបានហើយ មជ្ឈមណ្ឌលរបស់យើងខ្ញុំ ការិយាល័យអ្នកនាំពាក្យរាជរដ្ឋាភិបាល នឹងបើកទទួលនូវការមិនពេញចិត្តចំពោះអ្នកនាំពាក្យណាមួយ ហើយយើងប្រាប់មក យើងជជែកគ្នា និងដោះស្រាយ ពីព្រោះនៅក្នុងសង្គមក្រោមការដឹកនាំរបស់សម្តេចតេជោ យើងមិនមែនយកភាពខ្សោយ ដើម្បីតតាំងឈ្លោះគ្នានោះទេ”។
សូមបញ្ជាក់ថា សិក្ខាសាលាស្តីពី "អ្នកនាំពាក្យ ឆ្ពោះទៅកាន់ប្រសិទ្ធភាព និងរួមជាមួយកិច្ចថែរក្សា និងលើកតម្កើងអធិបតេយ្យ ឯកភាព និងមោទនភាពជាតិរស់ឡើងវិញ" នេះរៀបចំដោយការិយាល័យអ្នកនាំពាក្យរាជរដ្ឋាភិបាល មានរយៈពេល២ថ្ងៃ គឺថ្ងៃទី០៧ ទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅសាលប្រជុំនៃទីស្តីការគណៈរដ្ឋមន្ត្រី ដោយមានវាគ្មិន និងអ្នកនាំពាក្យពីក្រសួង ស្ថាប័នពាក់ព័ន្ធជាច្រើន បានចូលរួម៕
Source: Kampuchea Thmey Daily
0 Comments