ក្រុមហ្វូតសាលជម្រើសជាតិកម្ពុជា បានធ្លាក់ចេញត្រឹមវគ្គជម្រុះតាមពូលនៃព្រឹត្តិការណ៍ប្រកួតជើងឯកហ្វ៊ូតសាលអាស៊ាន AFF Futsal Championship 2018 ដែលកំពុងធ្វើឡើងនៅប្រទេសឥណ្ឌូណេស៊ី លើទីលានGOR UNY ក្នុងទីក្រុង Yogyakarta បន្ទាប់ពីចាញ់រងបរាជ័យទាំង៣ប្រកួតជាប់ៗគ្នា។
កាលពីប្រកួតបើកឆាកកម្ពុជា នៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៨ បានប្រកួតចាញ់ក្រុមម៉ាឡេស៊ី ១០ទល់០ ហើយបានបន្តចាញ់ក្រុមមីយ៉ាន់ម៉ា ដោយលទ្ធផល១២ទល់២ នៅព្រឹកថ្ងៃអង្គារ ទី៦ ខែវិច្ឆិកា ឆ្នាំ២០១៨ និងចុងក្រោយបានប្រកួតចាញ់ក្រុមម្ចាស់ផ្ទះឥណ្ឌូណេស៊ី ១៣ទល់០ នៅថ្ងៃពុធ ទី៧ ខែវិច្ឆិកា ឆ្នាំ២០១៨។ ចំពោះពានរង្វាន់ AFF Futsal Championship 2018 ចាប់ផ្ដើមប្រកួតពីថ្ងៃទី៥ ដល់ ១១ វិច្ឆិកា ឆ្នាំ ២០១៨ នៅប្រទេសឥណ្ឌូណេស៊ី ដែលមានក្រុម៨ចូលរួមចែកជា២ពូល។
សម្រាប់ពូល A ម៉ាឡេស៊ី និងឥណ្ឌូណេស៊ី កក់កៅអីឡើងទៅលេងវគ្គពាក់កណ្ដាលផ្តាច់ព្រ័ត្រ ក្រោយរកបានពិន្ទុច្រើនជាងគេ ខណៈក្រុមមីយ៉ាន់ម៉ា និងកម្ពុជា ធ្លាក់ត្រឹមវគ្គចែកពូល។ ចំណែកពូល B វិញថៃ និងវៀតណាម កក់កៅអីឡើងទៅវគ្គបន្តក្រោយមាន៦ពិន្ទុស្មើគ្នា ខណៈក្រុមទីម័រខាងកើត និងប្រ៊ុយណេ មិនទាន់មានពិន្ទុកាន់ក្នុងដៃដូចគ្នា ទោះបីជាក្រុមទាំង៤នៅដល់ម្នាក់១ប្រកួតទៀតក៏ដោយ។
កីឡាករដែលសហព័ន្ធកីឡាបាល់ទាត់កម្ពុជា កោះហៅទៅប្រកួតលើឆាកអន្តរជាតិលើកនេះមានចំនួន១៦នាក់ ដែលមានដូចជាកីឡាករ សឹង ចាន់វ៉ាន់ណូ, តាត់ ផាត់ឌី,ញឹក ថាលីដា,ហូរ អាត្រា,សេដ្ឋា សច្ចៈបុត្រ, ចន្ថា ចន្ទាកា,គន្ធ លន់ដារ៉ូត, គឹម សុខយុទ្ធ,រស់ ស៊ីចំរើន,ហេង សុខលី,រស់ រតនៈ,ឡាក់ ភីរុណ,អ៊ុក សេរីរតនៈ,គីម ហាប់,កែវ ជាតួ,ផុន ចាន់ឧត្តម។ ក្រុមនេះដឹកនាំដោយលោក ផាន សុផាន់ណារ៉ា ជាគ្រូបង្វឹក។
សូមបញ្ជាក់ថា មុនចេញទៅប្រកួតនៅប្រទេសឥណ្ឌូណេស៊ី ក្រុមជម្រើសជាតិហ្វូតសាលកម្ពុជាធ្លាប់បានចេញទៅហ្វឹកហាត់និងប្រកួតមិត្តភាពនៅប្រទេសថៃ មួយរយៈខ្លីផងដែរ ដោយក្នុងនោះបានប្រកួតចាញ់ក្រុមម្ចាស់ស្រុក Rachanavy FC ៥ទល់១ ថ្ងៃពុធ ទី២៤ ខែតុលា ឆ្នាំ២០១៨ លើទីលានកីឡដ្ឋាន Phutianan Stadium ខណៈនៅថ្ងៃព្រហស្បត្តិ៍ ទី២៥ ខែតុលា ឆ្នាំ២០១៨ បានប្រកួតចាញ់ក្រុម Samutsakhon University ៤ទល់១ លើទីលានជាមួយគ្នា។ ចំណែកប្រកួតចុងក្រោយកម្ពុជា ត្រូវបន្តចាញ់ក្រុម Bangkok City ៩ទល់១ ថ្ងៃសុក្រ ទី២៦ ខែតុលា ឆ្នាំ២០១៨ ដែលជាប្រកួតចុងក្រោយ៕
Source: Kampuchea Thmey Daily
0 Comments