ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា នឹងបើកទ្វារពហុកីឡដ្ឋានជាតិ ក្នុងរាជធានីភ្នំពេញ ទទួលស្វាគមន៍ក្រុមជម្រើសជាតិម៉ាឡេស៊ី ដែលជាប្រកួតបើកឆាកជាមួយក្រុមម្ចាស់ផ្ទះជម្រើសជាតិកម្ពុជា ក្នុងពានរង្វាន់ធំប្រចាំតំបន់អាស៊ាន AFF Suzuki Cup 2018 វគ្គជម្រុះពូល A ដែលនឹងធ្វើឡើងនៅល្ងាចថ្ងៃព្រហស្បតិ៍ សប្ដាហ៍នេះ។
លោក Félix Agustín González Dalmás ដែលជាគ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជា បានបង្ហាញទស្សនៈមុនការប្រកួតមកដល់ថា៖«យើងសប្បាយចិត្តចំពោះការប្រកួតនេះ ហើយយើងបានត្រៀមខ្លួនរួចរាល់ និងខ្លាំងក្លាជាងមុន ក្នុងការហ្វឹកហាត់កន្លងមក។ ដូចនេះការប្រកួតថ្ងៃនេះគឺពិតជាល្អមើល»។ គ្រូបង្វឹកជនជាតិអាហ្សង់ទីន រូបនេះបញ្ជាក់ថាអ្នកចាត់ការក្រុមKeisuke Honda នឹងមិនមានវត្តមានក្នុងការប្រកួតនេះនោះទេ ព្រោះមានភារកិច្ចរវល់ផ្ទាល់ខ្លួន តែថា លោកបានទាក់ទងជាមួយនឹងក្រុមការងារ និងកីឡាករជាប់ជានិច្ច។ លោក Felix ទទួលស្គាល់ថា វត្តមានរបស់ Honda ក៏មានសារៈសំខាន់ដល់ក្រុម តែថាមិនមានបញ្ហាអ្វីធ្ងន់ធ្ងរទេ។
ចំណែកលោក Tan Cheng Hoe ដែលជាគ្រូបង្វឹកក្រុមជម្រើសជាតិម៉ាឡេស៊ីវិញ ក៏បានលើកឡើងផងដែរថា ៖ «ខ្ញុំសប្បាយរីករាយចំពោះការប្រកួតនេះ ព្រោះវាគឺជាការដឹកនាំរបស់ខ្ញុំលើកដំបូងក្នុងពានរង្វាន់ AFF Suzuki Cup។ ដូចនេះក្រុមរបស់ខ្ញុំ នឹងត្រៀមខ្លួនសម្រាប់ប្រកួតឱ្យបានល្អ ព្រោះវានឹងមិនងាយស្រួលនោះទេ»។
ក្រុមជម្រើសជាតិកម្ពុជា ត្រូវប្រកួតជាមួយក្រុមភ្ញៀវម៉ាឡេស៊ី នៅវេលាម៉ោង៦:៣០នាទីល្ងាច ថ្ងៃព្រហស្បតិ៍ ទី៨ ខែវិច្ឆិកា ឆ្នាំ២០១៨ នេះលើទីលានពហុកីឡដ្ឋានជាតិក្នុងរាជធានីភ្នំពេញ។ ប្រកួតនេះមានផ្សាយផ្ទាល់នៅលើប៉ុស្តិ៍ទូរទស្សន៍ BTV News ផងដែរ។ ចំណែកសំបុត្រសម្រាប់ទស្សនិជនចង់ចូលរួមទស្សនាផ្ទាល់ត្រូវបានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ដាក់លក់តាំងពីថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៨ មកម្ល៉េះគឺចាប់ពីម៉ោង ៩:០០ព្រឹក ដល់ម៉ោង ៦:០០ល្ងាចនៅពហុកីឡដ្ឋានជាតិ ដោយសំបុត្រមានតម្លៃ១២,០០០៛សម្រាប់ប្រភេទទី១និងតម្លៃ៦,០០០៛ សម្រាប់ប្រភេទទី២។ ចំពោះព័ត៌មានបន្ថែមសូមទាក់ទងក្នុងម៉ោងធ្វើការទៅលេខ០៧១ ៤៨ ៦៩ ៤៧៥ ឬ ០១៥ ៤៤ ៧៦ ៨០។
បើនិយាយពីពានរង្វាន់ AFF Suzuki Cup 2018 ឆ្នាំនេះពូល A មានវៀតណាម ម៉ាឡេស៊ី មីយ៉ាន់ម៉ា កម្ពុជា និងឡាវ ខណៈពូល B មានថៃ ឥណ្ឌូណេស៊ី ហ្វីលីពីន សិង្ហបុរី និងក្រុមឈ្នះនៅវគ្គជម្រុះទីម័រខាងកើត។ តាមគម្រោងការវគ្គជម្រុះតាមពូលនេះ នឹងធ្វើឡើចាប់ពីថ្ងៃទី៨ ខែវិច្ឆិកា ដល់ថ្ងៃទី១៥ខែធ្នូ ឆ្នាំ២០១៨៕
Source: Kampuchea Thmey Daily
0 Comments