ក្លិបបាល់ទាត់អាស៊ីអឺរ៉ុប សមាជិកពានរង្វាន់លីគកំពូលកម្ពុជា (Metfone Cambodian League 2018) បានចេញសេចក្ដីជូនដំណឹង នៅដើមសប្ដាហ៍នេះថាក្លិប នឹងបើកកម្មវិធីធ្វើតេស្ដសមត្ថភាពកីឡាករត្រៀមរដូវកាលថ្មី២០១៩ នៅថ្ងៃសៅរ៍ ទី២៤ និងថ្ងៃអាទិត្យ ទី២៥ ខែវិច្ឆិកា ខាងមុខ នៅទីលានវិទ្យាល័យឥន្ទ្រទេវី ក្នុងរាជធានីភ្នំពេញ។
ខ្លឹមសារនៅក្នុងលិខិតនោះបានបញ្ជាក់ថាលក្ខខណ្ឌជ្រើសរើសនៃការជ្រើសរើសគឺបេក្ខជនត្រូវមានអាយុពីចន្លោះ១៨ដល់២៥ឆ្នាំ ហើយមានអាទិភាពកីឡាករពាក់កណ្ដាលអាជីព ឬអាជីពពេញលេញ។ សម្រាប់យុវជនដែលប្រកួតពានពាក់កណ្ដាលអាជីពត្រូវមានបទពិសោធយ៉ាងហោច២ឆ្នាំ។ ត្រូវមានវិន័យ មានសីលធម៌ល្អ ចេះទទួលខុសត្រូវ និងមានមធ្យោបាយធ្វើដំណើរដោយខ្លួនឯង។ បេក្ខជនត្រូវភ្ជាប់ជាមួយសំបុត្រកំណើត ឬអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ។ បេក្ខជនត្រូវមានសម្ភារៈកីឡាផ្ទាល់ខ្លួនគ្រប់គ្រាន់សម្រាប់ធ្វើតេស្ដសមត្ថភាព។
ការធ្វើតេស្តគឺធ្វើឡើងនៅវិទ្យាល័យឥន្ទ្រទេវី មានទីតាំងនៅផ្លូវ៥៩២ កែងផ្លូវ៣១៧ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ថ្ងៃសៅរ៍ ២៤ វិច្ឆិកា គឺចាប់ពីវេលាម៉ោង២៖៣០នាទីរសៀល ដល់ម៉ោង៥៖០០ល្ងាច ហើយនៅថ្ងៃអាទិត្យ ២៥ វិច្ឆិកា វេលាម៉ោង៨ដល់ម៉ោង១០ព្រឹក និង២៖៣០នាទីរសៀល ដល់ម៉ោង៥ល្ងាច។
យុវជនដែលជាប់ឈ្មោះនឹងទទួលអត្ថប្រយោជន៍មួយចំនួនដូចជា នឹងក្លាយជាកីឡាកររបស់ក្លិបអាស៊ីអឺរ៉ុបយូណាយធីត មិនតែប៉ុណ្ណោះ នឹងទទួលបានអាហារូបករណ៍១០០ភាគរយ (រៀនមិនបង់ថ្លៃ) ពីសាកលវិទ្យាល័យអាស៊ីអឺរ៉ុប និងប្រាក់ឧបត្ថម្ភ១៥០ដុល្លារអាមេរិកឡើងទៅ។ សម្រាប់ព័ត៌មានលម្អិតអាចទាក់ទងតាមលេខទូរសព្ទ ៖016979529, 011762007, 086681868, 093569754។
បើនិយាយពីលទ្ធផលក្នុងពានរង្វាន់លីគកំពូលរបស់កម្ពុជា ក្រុមអាស៊ីអឺរ៉ុប បានបញ្ចប់រដូវកាលរបស់ខ្លួនដោយឈរចំណាត់ថ្នាក់លេខ៧ ក្នុងចំណោមសមាជិកទាំង១២ក្រុម គឺជាលទ្ធផលដ៏ល្អរបស់ក្លិបតាំងពីបង្កើតមក។ តាមរយៈកម្មវិធីប្រកួតសន្សំពិន្ទុ២២ប្រកួតក្រុមអាស៊ីអឺរ៉ុប បានយកឈ្នះគូប្រកួតបាន៨លើក ហើយស្មើគ្នាបាន៦លើកនិងចាញ់៨លើក ប៉ុណ្ណោះ។ បើនិយាយពីក្នុងពានរង្វាន់សម្តេចតេជោ ហ៊ុន សែន វិញក្រុមនេះបានធ្លាក់ចេញនៅវគ្គ១៦ក្រុមចុងក្រោយថ្នាក់ជាតិក្រោយចាញ់ក្រុមជើងឯកក្រសួងការពារជាតិ ដោយលទ្ធផលទាំង២ជើង ១០ទល់២៕
Source: Kampuchea Thmey Daily
0 Comments