ក្លិបសូលទីឡូអង្គរ (Soltilo Angkor FC) សមាជិកក្នុងពានរង្វាន់លីគកំពូលកម្ពុជា (Metfone Cambodian League 2018) បានប្រកាសចុះកិច្ចសន្យាជាមួយកីឡាករ ប្រាក់ សុវណ្ណពិសិដ្ឋ ដែលជាកូនប្រុសបង្កើតរបស់លោក ប្រាក់ សុវណ្ណារ៉ា ដែលជាបុគ្គលម្នាក់មានឈ្មោះបោះសំឡេងក្នុងពិភពបាល់ទាត់របស់កម្ពុជា។
កីឡាករ ប្រាក់ សុវណ្ណពិសិដ្ឋ បានបញ្ជាក់ថា ហេតុផលដែលគេសម្រេចចិត្តចាកចេញពីព្រះខ័នរាជស្វាយរៀងទៅចូលរួមជាមួយសូលទីឡូអង្គរ ព្រោះចង់មានឱកាសលេងទៀងទាត់ ដើម្បីកៅអីជម្រើសជាតិកម្ពុជា ឆ្ពោះទៅព្រឹត្តិការណ៍ស៊ីហ្គេម២០១៩ នៅប្រទេសហ្វីលីពីន។ កីឡាកររូបនេះទទួលស្គាល់ពិបាកប្រជែងយកកៅអីជម្រើស១១នាក់ដំបូងនៅព្រះខ័នរាជស្វាយរៀង ព្រោះមានកីឡាករល្អៗនៅតំបន់ការពារខាងស្ដាំ ច្រើនទៀត ជាហេតុរារាំងក្ដីស្រមៃទៅស៊ីហ្គេមរបស់ខ្លួន។
កីឡាករវ័យ២០ឆ្នាំរូបនេះបានបញ្ជាក់ថា៖«និយាយឲ្យចំទៅ ខ្ញុំមកទីនេះដើម្បីបានលេង ហើយគោលដៅគឺស៊ីហ្គេមឆ្នាំក្រោយនេះតែម្ដង ព្រោះបើយើងបានលេង គឺឱកាសជាប់ស៊ីហ្គេម ក៏ខ្ពស់ដែរ។ យើងងដឹងស្រាប់ហើយនៅក្លិបចាស់ មានកីឡាករផ្សេងៗទៀតនៅតំបន់របស់ខ្ញុំ»។ ប្រាក់ សុវណ្ណពិសិដ្ឋ បានក្លាយជាសមាជិកថ្នាលយុវជនព្រះខ័នរាជស្វាយរៀង នៅឆ្នាំ២០១០ និងត្រូវដំឡើងចូលក្រុមធំនៅឆ្នាំ២០១៥។ នៅឆ្នាំ២០១៨នេះ គេក៏ជាប់ជម្រើសជាតិអាយុក្រោម២១ឆ្នាំទៅចូលរួមការប្រកួតពានរង្វាន់ព្រះមហាក្សត្រប្រ៊ុយណេ កាលខែមេសា ផងដែរ។
សូមបញ្ជាក់ថាក្រុមសូលទីឡូអង្គរ ក្រោមការដឹកនាំរបស់លោក Yuki Matsuda បានចំណាត់ថ្នាក់លេខ១០ ក្នុងចំណោមសមាជិកទាំង១២ក្នុងពានរង្វាន់លីគកំពូលកម្ពុជា រដូវកាលឆ្នាំ២០១៨នេះ ក្រោយរកបានជ័យជម្នះចំនួន៥ លើក ហើយធ្លាប់ស្មើ៥ លើកនិងចាញ់១២ លើកមាន២០ពិន្ទុ ដែលអាចបន្តក្នុងលីគកំពូលរដូវកាលបន្ទាប់ទៀត។ ចំណែកក្នុងពានរង្វាន់សម្តេចតេជោ ហ៊ុន សែន វិញក្រុមសូលទីឡូអង្គរ បានធ្លាក់ត្រឹមវគ្គ១៦ក្រុមចុងក្រោយ បន្ទាប់ពីចាញ់គូប្រជែងក្នុងខេត្តតែមួយគឺអង្គរថាយហ្គឺរ ដោយលទ្ធផលទាំង២ជើង៣ទល់២៕
Source: Kampuchea Thmey Daily
0 Comments