តាកែវ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានស្នើឲ្យរដ្ឋមន្ត្រីក្រសួងការងារ និង រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ធ្វើការងារជាមួយស្ថាប័នតុលាការពាក់ព័ន្ធទៅនឹងសហជីពមួយចំនួនដែលកំពុងមានពាក្យបណ្តឹងនៅតុលាការ។ ដោយសម្តេចបានលើកឡើងថា៖បើតុលាការមានចំណាត់ការគួរតែចាត់ការភ្លាមទៅបើគ្មានចំណាត់ការទេគួរតែតម្កល់ទុកមិនចាត់ការទៅ ដើម្បីឲ្យសហជីពធ្វើការដោយពេញលេញ។
នាជំនួបជាមួយកម្មករ-កម្មការិនី ប្រមាណជាង ២៣.០០០ នាក់នៅខេត្តតាកែវ កាលពីព្រឹកថ្ងៃទី៧ ខែ វិច្ឆិកាសម្តេច ហ៊ុន សែន បានជំរុញឲ្យរដ្ឋមន្ត្រីក្រសួងការងារ និងរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ធ្វើការងារជាមួយស្ថាប័នតុលាការដោយសម្តេចចង់ឲ្យតុលាការធ្វើសេចក្តីសម្រេចលើសហជីពដែលរងបណ្ដឹងឲ្យចប់ស្ថាពរដើម្បីឲ្យពួកគេបំពេញការងារឲ្យបានពេញសមត្ថភាពពោលគឺកុំឲ្យសហជីពទាំងនោះធ្វើការក្រោមគំនាបនៃពាក្យបណ្ដឹង។
សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា៖«ខ្ញុំសុំស្នើឲ្យក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈពិនិត្យមើលដោយខ្ញុំបានទទួលព័ត៌មានមកថាប្រធានសហជីពមួយចំនួនត្រូវជាប់ពាក្យបណ្តឹងនៅតុលា ការដែលពួកគេគិតថារឿងជាប់បណ្តឹងនៅតុលាការគេធ្វើការក្រោមគំនាបមួយនៃផ្លូវច្បាប់បើសិនដូច្នេះមែនគួរតែត្រូវសម្របសម្រួល ។ បើថាកាត់ៗឲ្យវាស្រូត បើគ្មានចំណាត់ការទេគួរតែតម្កល់ទុកមិនចាត់ការទៅ។រឿងណាដែលគួរចាត់ការឲ្យចាត់ការឲ្យចប់ទៅហើយរឿងណាមិនចាត់ការអាចលើកលែងចោទប្រកាន់ ឬគេហៅថាកម្កល់ទុកមិនចាត់ការអ៊ីចឹងទេឲ្យវាចប់រឿងទៅដើម្បីឲ្យសហជីពទាំងនោះកុំឲ្យមានអារម្មណ៍ថា ធ្វើការសព្វថ្ងៃដូចជាចំណាប់ខ្មាំង បើអញធ្វើអ្វីមិនស្រួលគេយកអញកាត់ទោសអានឹងក៏មិនស្រួលដែរអារម្មណ៍គេអារម្មណ៍យើង»។
សម្តេចតេជោ ហ៊ុន សែន បានសង្ឃឹមថានេះគឺជាការបើកលំហសេរីភាពរបស់សហជីពមួយដែរ ក្នុងចំណោមបញ្ហាដែលវាកើតមានឡើងនៅកម្ពុជា ។ សម្តេចក៏បានលើកឡើងថាពេលនេះសហជីពនីមួយៗបានចេះគ្រប់ និងសាមគ្គីជាមួយកម្មករហើយសហជីពចេញចរចាជាមួយថៅកែរោងចក្រផងដែរ ។ ដូច្នេះយកការស្រុះស្រួលនិងយោគយល់គ្នាជាការសំខាន់។ យ៉ាងណាក្តីសម្តេចតេជោបានដាស់តឿនដល់មេសហជីពទាំងអស់ធ្វើយ៉ាងណាកុំឲ្យមានបទល្មើសព្រហ្មទណ្ឌជាដាច់ខាត ។ ព្រោះថា កុំអាងថា ខ្លួនជាអង្គការក្រៅរដ្ឋាភិបាលទៅប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌ ហើយចោទថា គេកៀបសង្កត់។ សម្តេចក៏បានលើកឡើងថា៖«កាលពីមុនតាមខ្ញុំដឹងលោក មឿន តុលា អញ្ចឹងត្រូវបានតុលាការលើកលែងការចោទប្រកាន់ភ្លាមឃើញគេស្វាគមន៍ ។បើអីញ្ចឹងខ្ញុំនឹកឃើញដល់មេសហជីពដែលជាប់បណ្តឹងដូចជា លោកអាត់ ធន់ លោកស្រី យ៉ាង សុភណ្ឌ អាឡូវពិនិត្យមើលអាណាត្រូវកាត់ឲ្យស្រួចទៅ។ អាណាមិនត្រូវកាត់ ឬក៏លើកលែងការចោទប្រកាន់ៗក៏តម្កល់មិនចាត់ការ អីញ្ចឹងទេក្រសួងទាំងពីរនឹងធ្វើការជាមួយគ្នាតែម្តងទៅ»។
សម្តេចបានលើកឡើងទៀតថា «នេះជាលំហសេរីភាពរបស់កម្មករ លំហសេរីភាពរបស់សហជីព។ សហជីពខ្លះគេដឹកនាំសកម្មករសប្បាយតាមរោងចក្រនៅថ្ងៃទី១ ខែឧសភា រហូតដល់នាំកម្មករទៅកម្សាន្តនៅកន្លែងនេះកន្លែងនោះ ប៉ុន្តែក៏មានសហជីពខ្លះប្រមួលផ្តុំកម្មករបន្តិចបន្តួចហែទៅដាក់ញាត្តិនៅកន្លែងនេះកន្លែងនោះ នេះជាសេរីភាពមួយបែបនៅកម្ពុជា»៕
Source: Kampuchea Thmey Daily
0 Comments