ភ្នំពេញ ៖ ស្រីនុច ជានារីម្នាក់ទៀតហើយ ដែលប៉ុនប៉ងបញ្ចប់ជីវិតដោយលោតទឹកសម្លាប់ខ្លួន តែមិនបានសម្រេច ខណៈដែលកងសន្តិសុខ ប្រជាការពារឃើញទាន់ឃាត់ចាប់ជាប់ ហើយយកមកសួរនាំរកឫសគល់។
ហេតុការណ៍នេះ មានការភ្ញាក់ផ្អើលឡើងនៅថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ វេលាម៉ោង១២និង៤០នាទីរសៀល លើស្ពានបេឡេ ភូមិឃ្លាំងសាំង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ។
សមត្ថកិច្ចឲ្យដឹងថា នាងខាងលើមានឈ្មោះ ស្រីនុច អាយុ១៨ឆ្នាំ មុខរបរបម្រើការងារលើរថយន្តក្រុង ស្នាក់នៅសង្កាត់ច្បារអំពៅ ខណ្ឌច្បារអំពៅ មានស្រុកកំណើតនៅឯខេត្តព្រះសីហនុ។
តាមប្រភពនៅកន្លែងបានឲ្យដឹងថា ស្រីនុច ខណៈដែលមានស្នេហាជាមួយបុរសម្នាក់ ក្នុងសភាពឧបសគ្គ ដោយសារឪពុកម្ដាយនាងមិនពេញចិត្ត ធ្វើឲ្យស្នេហានារីឡានក្រុង ពោរពេញទៅដោយភាពអ័ព្ទអួ ក្រុមគ្រួសារព្យាយាមបំបែកបំបាក់ ស្ដីបន្ទោស ធ្វើឲ្យ ស្រីនុច វិលវល់អារម្មណ៍ ហើយកន្លងមកនាងប៉ុនប៉ងបញ្ចប់ជីវិតម្ដងរួចមកហើយ ដោយលេបថ្នាំសម្លាប់ខ្លួន តែមិនបានសម្រេចដោយក្រុមគ្រួសារឃើញជួយទាន់ដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យ។
ប្រភពបន្តទៀតថា អ្វីដែល ស្រីនុច ប៉ងទៅហើយនោះ មកដល់លើកនេះ មុនកើតហេតុ នាងត្រូវបាន គូសង្សារ ឌុបទៅពេទ្យមួយនៅឯខណ្ឌជ្រោយចង្វារ លុះវិលត្រឡប់មកវិញ ជិះម៉ូតូបណ្ដើរជជែក ឈ្លោះគ្នាបណ្ដើរ មកដល់រង្វង់មូលកាំភ្លើងកួចកាណុង អំណាច នៃកំហឹង ស្រីនុច ស្ទុះចុះពីលើម៉ូតូវឹង ដើរថ្មើរជើង តាមផ្លូវជាតិលេខ៥ទៅជើង រីឯអន្ទិតជាគូរស្នេហ៍ បែរជាមិនបានលួងចិត្ត គិតបន្តដំណើរទៅចោលបាត់ ទុកឲ្យនាងដើរ រហូតដល់សង្កាត់ឫស្សីកែវ សំដៅឡើងស្ពាន បេឡេ ពីលិចទៅកើត នឹកស្នានថា លើស្ពានគ្មានសន្តិសុខ ប៉ូលិសយាមដូចស្ពានជ្រោយចង្វា ស្រីនុច ចង់ផ្តាច់សង្ខារ ឡើងទៅលើធ្នឹមបង្កាន់ដៃ អ្វីដែលនាងប៉ងខុសស្រឡះ បន្ទាប់ពីកងសន្តិសុខប្រជាការពារ ប៉ូលិស ក្បែរនោះ រត់ទៅស្រវាចាប់ឱបជើងជាប់ ជាហេតុផលមួយដែល ស្រីនុច ប៉ងសម្លាប់ខ្លួនមិនបានសម្រេច ជាលើកទី២។
ក្រោយពីចាប់ឃាត់បាននាងឲ្យរួចផុតពីសេចក្តីស្លាប់ សមត្ថកិច្ចក៏បានដឹកតាមម៉ូតូកង់បីនាំយកទៅប៉ុស្តិ៍ ក្នុងសភាពទឹកភ្នែក អារម្មណ៍ក្ដុកក្ដួល ឈឺចិត្តណែនឱរា រហូតដល់សន្លប់ បាត់មាត់បាត់.ក អស់មួយសន្ទុះធំ ទើប ស្រីនុច ដឹងខ្លួន ប៉ូលិសប៉ុស្តិ៍ឫស្សីកែវ ក្រៅពីការងារកម្លាំងបាយបង្ក្រាបបទល្មើស ចាប់ចោរឆក់ លួច ប្លន់ ដល់ពេលនេះ មានវិជ្ជាជីវៈបន្ថែម លួងលោមបន្ទន់ចិត្តនារីម្នាក់ខាងលើ និង សាកសួរដើម្បីស្វែងរកសាច់ញាតិមកទទួលយកត្រឡប់ទៅផ្ទះវិញ៕
Source: Kampuchea Thmey Daily
0 Comments