ជនជាតិអូស្ត្រាលីដើមកំណើតសូម៉ាលីម្នាក់ ដែលបានធ្វើការវាយប្រហារដោយកាំបិតសម្លាប់មនុស្សនៅទីក្រុង Melbourne គឺមានទស្សនៈជ្រុលនិយម និងត្រូវបានស្គាល់ដោយសេវាស៊ើបការណ៍សម្ងាត់។ នេះបើតាមការឲ្យដឹងនៅថ្ងៃសៅរ៍ពីក្រុមមន្ត្រីខណៈដែលពួកគេបានបើកការវាយឆ្មក់និងសម្ភាសន៍សាក្សីជាច្រើននាក់។
ប៉ូលិសសហព័ន្ធអូស្ត្រាលីបាននិយាយថា បុរសម្នាក់អាយុ៣០ឆ្នាំឈ្មោះ Hassan Khalif Shire Ali ដែលត្រូវបានបាញ់សម្លាប់បន្ទាប់ពីបើកឡានដឹកហ្គាស់ទៅកណ្តាលទីក្រុងនិងចាក់មនុស្សបីនាក់គឺបានភៀសខ្លួនទៅប្រទេសអូស្ត្រាលីកាលជាកុមារជាមួយគ្រួសាររបស់គាត់នៅក្នុងទសវត្សឆ្នាំ១៩៨០។
គាត់បានចាក់មនុស្សបីនាក់មុនពេលប្រឈមមុខជាមួយសាធារណៈជននិងមន្ត្រីប្រដាប់អាវុធដែលនៅទីបំផុតគាត់ត្រូវបានគេបាញ់ចំទ្រូង។ ម្នាក់ក្នុងចំណោមជនរងគ្រោះគឺបានស្លាប់នៅកន្លែងកើតហេតុខណៈពីរនាក់ទៀតរងរបួស។
អាជ្ញាធរបានសាកសួរមនុស្សប្រហែល៣៥នាក់ដែលបានឃើញការវាយប្រហារនេះដែលត្រូវបានគេនិយាយថា រៀបចំឡើងដើម្បីបង្កឲ្យមានអំពើភេរវកម្មនិងបណ្តាលឲ្យមានគ្រោះថ្នាក់ដល់ស្លាប់នៅកណ្តាលទីក្រុងលំដាប់ទី២ដែលមានសភាពអ៊ូអររបស់ប្រទេសអូស្ត្រាលី។
មន្ត្រីប្រដាប់អាវុធបានវាយឆ្មក់អាសយដ្ឋានចំនួនពីរនៅភាគខាងលិចនិងភាគឦសាននៃទីក្រុងដែលមានទំនាក់ទំនងជាមួយគ្រួសារនិងអ្នកស្គាល់ជនល្មើសបើទោះបីជាមិនមានការគំរាមកំហែងជាបន្តក៏ដោយ។
អាជ្ញាធរអូស្ត្រាលីឥឡូវនេះកំពុងប្រឈមនឹងសំណួរពិបាកៗអំពីរបៀបដែលលោក Shire Ali អាចធ្វើការវាយប្រហារបានថ្វីបើគាត់ត្រូវបានស្គាល់ដោយអង្គការស៊ើបការណ៍សន្តិសុខអូស្ត្រាលីអស់រយៈពេលយ៉ាងតិចបីឆ្នាំមកហើយក៏ដោយក្តី។
គាត់ត្រូវបានគេដកហូតលិខិតឆ្លងដែនអូស្ត្រាលីរបស់គាត់នៅឆ្នាំ២០១៥ចំពេលមានការភ័យខ្លាចថា គាត់កំពុងព្យាយាមធ្វើដំណើរទៅកាន់ប្រទេសស៊ីរីដើម្បីចូលរួមជាមួយក្រុមរដ្ឋឥស្លាម។
បងប្រុសរបស់គាត់នឹងត្រូវកាត់ទោសនៅឆ្នាំក្រោយលើការចោទប្រកាន់ពីបទភេរវកម្មដាច់ដោយឡែកដោយសារការប៉ុនប៉ងទទួលយកអាវុធនិងសម្លាប់មនុស្សនៅក្នុងពិធីជប់លៀងឆ្លងឆ្នាំ៕ AFP
Source: Kampuchea Thmey Daily
0 Comments