ភ្នំពេញ ៖ កាលពីវេលាថ្ងៃត្រង់ នាថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ លោកពេជ្រ កែវមុនី អភិបាល នៃគណៈអភិបាលខណ្ឌមានជ័យ បានដឹកនាំកម្លាំងចុះទៅរៀបចំសណ្ដាប់ធ្នាប់ របៀបរៀបរយ នៅបណ្ដោយផ្លូវវេងស្រេង ចាប់ពីព្រំប្រទល់ខណ្ឌពោធិ៍សាត់ មកដល់ច្រមុះជ្រូកស្ទឹងមានជ័យ។
ក្នុងឱកាសនោះ លោក ពេជ្រ កែវមុនី បានធ្វើការណែនាំដល់លោកចៅសង្កាត់ស្ទឹងមានជ័យឲ្យចុះរៀបចំសណ្ដាប់ធ្នាប់តាមបណ្ដោយផ្លូវវេងស្រេងជាប្រចាំក្នុងនោះ គឺចំណុចលូ៥ ដែលកន្លងមកបងប្អូនប្រជាពលរដ្ឋលោកនាំគ្នាយកឥវ៉ាន់គ្រប់មុខមកដាក់លក់សឹងលើផ្លូវបង្កឲ្យកកស្ទះចរាចរណ៍រាល់ម៉ោងដែលមន្ត្រីរាជការសិស្សានុសិស្ស និងកម្មកររោងចក្រចេញពីធ្វើការ និងចេញពីសាលារៀន។
ចំពោះការលក់ដូររបស់បងប្អូនអាជីវករ គឺអាជ្ញាធរមិនហាមឃាត់ទេ ប៉ុន្តែគួរត្រូវរកទីតាំងដាក់លក់ឲ្យបានត្រឹមត្រូវចៀសវាងមកដាក់លក់លើផ្លូវ គឺអាជ្ញាធរមិនអនុញ្ញាតឡើយ។
ផ្លូវវេងស្រេងនេះ គឺរាល់ថ្ងៃអ្នកធ្វើដំណើរឆ្លងកាត់មិនតិចជាង៤០ម៉ឺននាក់ឡើយ ហើយសុទ្ធសឹងយានជំនិះគ្រប់ប្រភេទពុំមែនតែថ្មើរជើងនោះទេ។ ដូច្នេះហើយ សូមឲ្យបងប្អូនអាជីវករនាំគ្នាភ្ញាក់រលឹកទៅ ហើយបញ្ឈប់យកផ្លូវដាក់តាំងលក់ឥវ៉ាន់ឲ្យសោះ។
គួរបញ្ជាក់ថា កាលពីវេលាថ្ងៃត្រង់ទី០៩វិច្ឆិកានេះ លោក ពេជ្រ កែវមុនី បាននាំយកអំណោយ និងថវិការបស់លោកផ្ទាល់ទៅផ្ដល់ដល់សមាជិកក្រុមប្រឹក្សាខណ្ឌមានជ័យម្នាក់ដែលកំពុងមានជំងឺ។
បន្ទាប់មក លោកក៏បាន ដឹកនាំកម្លាំងចុះរៀបចំសណ្ដាប់ធ្នាប់តាមដងផ្លូវវេងស្រេង រហូតដល់រសៀលទើបបញ្ចប់៕
Source: Kampuchea Thmey Daily
0 Comments