សហរដ្ឋអាមេរិកកាលពីថ្ងៃសុក្របានទទូចថា ខ្លួនមិនបានបន្ត “សង្គ្រាមត្រជាក់” ជាមួយប្រទេសចិនទេ ប៉ុន្តែមហាអំណាចតំបន់ប៉ាស៊ីហ្វិកទាំងពីរ បានបង្ហាញពីភាពខ្វែងគំនិតគ្នាក្នុងអំឡុងកិច្ចពិភាក្សាកម្រិតខ្ពស់។
ប្រមុខការពារជាតិនិងមន្ត្រីកិច្ចការបរទេសជាន់ខ្ពស់នៃប្រទេសទាំងពីរបានជួបគ្នានៅទីក្រុងវ៉ាស៊ីនតោនសម្រាប់កិច្ចសន្ទនាជាទៀងទាត់មួយចំពេលមានភាពតានតឹងកាន់តែខ្លាំងឡើងរយៈពេលច្រើនខែរវាងប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេទាំងពីររបស់ពិភពលោក។
បន្ទាប់ពីលោកប្រធានាធិបតីអាមេរិក Donald Trump បាននិយាយរិះគន់ប្រឆាំងប្រទេសចិនក្នុងការបោះឆ្នោតសភានៅសប្តាហ៍នេះ រដ្ឋមន្ត្រីការបរទេសលោក Mike Pompeo បានក្លាយជាអ្នកផ្សះផ្សា។
លោក Pompeo បានប្រាប់សន្និសីទសារព័ត៌មានរួមមួយថា “សហរដ្ឋអាមេរិកមិនបានបន្តសង្គ្រាមត្រជាក់ឬគោលនយោបាយទប់ស្កាត់ជាមួយប្រទេសចិនទេ។ ផ្ទុយទៅវិញ យើងចង់ធានាថា ប្រទេសចិនបានធ្វើសកម្មភាពប្រកបដោយការទទួលខុសត្រូវនិងយុត្តិធម៌ដើម្បីគាំទ្រសន្តិសុខនិងវិបុលភាពនៅក្នុងប្រទេសនីមួយៗរបស់យើង”។
ខណៈពេលដែលរដ្ឋបាលលោក Trump ជាទូទៅបាននិយាយទន់ភ្លន់អំពីសិទ្ធិមនុស្សនោះ លោក Pompeo បានប្រកាសថ្កោលទោសការបង្ក្រាបរបស់ចិនលើក្រុមសាសនានិងក្រុមជនជាតិភាគតិចរាប់បញ្ចូលទាំងសហគមន៍អ៊ុយហ្គ័រផងដែរដោយលើកឡើងពីរបាយការណ៍របស់អង្គការសហប្រជាជាតិដែលថា មានសមាជិកនៃជនជាតិភាគតិចមូស្លីមរហូតដល់ទៅមួយលាននាក់បានជាប់នៅក្នុងជំរំឃុំឃាំង។
ហើយអំពីបញ្ហាកោះតៃវ៉ាន់ លោក Pompeo បាននិយាយឥតលាក់លៀមអំពីការតស៊ូមតិចំពោះកោះលទ្ធិប្រជាធិបតេយ្យដែលកាន់អំណាចដោយខ្លួនឯងមួយនេះដោយរិះគន់កិច្ចខិតខំប្រឹងប្រែងរបស់ទីក្រុងប៉េកាំងក្នុងការកាត់ផ្តាច់កោះដែលខ្លួនចាត់ទុកថាជាខេត្តរឹងចចេសមួយនេះ។
សហរដ្ឋអាមេរិកក៏បានលើកយកបញ្ហាយោធារបស់ក្រុងប៉េកាំងនៅក្នុងជម្លោះសមុទ្រចិនខាងត្បូងផងដែរដែលគេបានឃើញហេតុការណ៍ជាច្រើនមានដូចជាការព្រមានយន្តហោះស៊ើបការណ៍កងទ័ពជើងទឹកអាមេរិកដោយយន្តហោះចម្បាំងចិនកាលពីឆ្នាំមុនជាដើម។
រដ្ឋមន្ត្រីការពារជាតិអាមេរិកលោក Jim Mattis បាននិយាយថា កិច្ចចរចានេះគឺ “ស្មោះត្រង់” ប៉ុន្តែថា កងទ័ពទាំងពីរបានសម្លឹងទៅមុខដើម្បីធ្វើឲ្យប្រសើរឡើងនូវទំនាក់ទំនងនិងចៀសវាង “ការគណនាខុស” នៅតាមសមុទ្រ។
គួរបញ្ជាក់ថា កិច្ចចរចានេះបានធ្វើឡើងប៉ុន្មានសប្តាហ៍មុនពេលលោក Trump នឹងជួបជាមួយប្រធានាធិបតីចិនលោក Xi Jinping នៅខាងក្រៅកិច្ចប្រជុំក្រុមប្រទេស 20 ក្នុងប្រទេសអាហ្សង់ទីនដែលជាអាចជាឱកាសដ៏ធំមួយក្នុងការដោះស្រាយវិវាទ៕ AFP
Source: Kampuchea Thmey Daily
0 Comments