អ្នកនយោបាយសំខាន់ៗរបស់ប្រទេសលីប៊ីគ្រោងនឹងជួបបណ្តាថ្នាក់ដឹកនាំពិភពលោកក្នុងប្រទេសអ៊ីតាលីនៅសប្តាហ៍ក្រោយនេះក្នុងការប៉ុនប៉ងចុងក្រោយបំផុតដោយមហាអំណាចធំៗដើម្បីចាប់ផ្តើមដំណើរការនយោបាយដែលជាប់គាំងយូរអង្វែងមួយនិងធ្វើឲ្យមានការបោះឆ្នោត។
ជំនួបកំពូលក្នុងទីក្រុងប៉ារីសកាលពីខែឧសភាបានធ្វើឲ្យរដ្ឋាភិបាល Government of National Accord (GNA) ដែលមានមូលដ្ឋាននៅរដ្ឋធានី Tripoli និងរដ្ឋាភិបាលភាគខាងកើតរបស់បុរសខ្លាំងលីប៊ី Khalifa Haftar ព្រមព្រៀងគ្នាដើម្បីរៀបចំការបោះឆ្នោតថ្នាក់ជាតិមួយនៅថ្ងៃទី១០ខែធ្នូ។
ប៉ុន្តែដោយទទួលស្គាល់អំពីស្ថានការណ៍នយោបាយដ៏វឹកវរចាប់តាំងពីមេដឹកនាំផ្តាច់ការ Moamer Kadhafi ត្រូវបានទម្លាក់នៅក្នុងឆ្នាំ២០១១នោះ អង្គការសហប្រជាជាតិកាលពីថ្ងៃព្រហស្បតិ៍បានទទួលស្គាល់ថា ការបោះឆ្នោតនឹងមិនអាចសម្រេចបានទេមុននិទាឃរដូវឆ្នាំ២០១៩។
ក្រុមអ្នកវិភាគបាននិយាយថា កិច្ចប្រជុំកំពូលនៅសប្តាហ៍ក្រោយក្នុងទីក្រុង Palermo នឹងមានហានិភ័យមិនត្រឹមតែដោយសារភាពតានតឹងរវាងបក្សពួកលីប៊ីប៉ុណ្ណោះទេប៉ុន្តែក៏ជារបៀបវារៈប្រកួតប្រជែងរបស់មហាអំណាចបរទេសផងដែរ។
នៅខែឧសភា បក្សពួកលីប៊ីសំខាន់ៗដែលត្រូវបានគេអញ្ជើញគឺមានលោក Haftar, ប្រធានសភាភាគខាងកើតលោក Aguila Salah, ប្រមុខ GNA លោក Fayez al-Sarraj និងលោក Khaled al-Mechri ដែលជាប្រធានសភាជាន់ខ្ពស់មានមូលដ្ឋាននៅទីក្រុង Tripoli ។
ក្នុងបទសម្ភាសន៍ជាមួយ AFP កាលពីថ្ងៃព្រហស្បតិ៍, លោក Sarraj បានជំរុញឲ្យសហគមន៍អន្តរជាតិស្វែងរក “ចក្ខុវិស័យរួម” មួយសម្រាប់អនាគតនៃប្រទេសអាហ្វ្រិកខាងជើងរបស់គាត់ដែលរងគ្រោះដោយភាពវឹកវរ។
សហរដ្ឋអាមេរិក បណ្តាប្រទេសអារ៉ាប់និងបណ្តាប្រទេសនៅអឺរ៉ុបនឹងបញ្ជូនតំណាងរបស់ពួកគេទៅកាន់កិច្ចចរចាដែលនឹងប្រព្រឹត្តទៅនៅថ្ងៃចន្ទនិងអង្គារ។
បេសកជនអង្គការសហប្រជាជាតិលោក Ghassan Salame បានប្រាប់ក្រុមប្រឹក្សាសន្តិសុខកាលពីថ្ងៃព្រហស្បតិ៍ថា សន្និសីទថ្នាក់ជាតិមួយនៅដើមឆ្នាំ២០១៩នឹងត្រូវបានរៀបចំឡើងដើម្បីផ្តល់នូវ “វេទិកាមួយ” សម្រាប់ប្រជាជនលីប៊ីដើម្បីបញ្ជាក់ពីចក្ខុវិស័យរបស់ពួកគេនាពេលអនាគត៕ AFP
Source: Kampuchea Thmey Daily
0 Comments