ភ្នំពេញ ៖ តបតាមការអញ្ជើញរបស់ឯកឧត្ដម លី សៀនឡុង (Lee Hsien Loong) នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋសិង្ហបុរី សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញទៅចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៣ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ដែលនឹងប្រព្រឹត្តទៅក្រោមមូលបទ “ភាពរឹងមាំ និងនវានុវត្តន៍របស់អាស៊ាន” ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅប្រទេសសិង្ហបុរី នេះបើតាមសេចក្ដីប្រកាសព័ត៌មាន។
នៅប្រទេសសិង្ហបុរី សម្ដេចតេជោនាយករដ្ឋមន្ត្រី នឹងអញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលមួយចំនួនដូចជា កិច្ចប្រជុំកំពូលអាស៊ាន លើកទី៣៣ / ការពិសាអាហារការងារពេលល្ងាច សម្រាប់ថ្នាក់ដឹកនាំអាស៊ាន, កិច្ចប្រជុំកំពូលក្រៅផ្លូវការអាស៊ាន-អូស្ត្រាលី អមដោយអាហារពេលព្រឹក, កិច្ចប្រជុំកំពូលអាស៊ាន-ចិន លើកទី២១, កិច្ចប្រជុំកំពូលអាស៊ាន-សាធារណរដ្ឋកូរ៉េ លើកទី២០ , កិច្ចប្រជុំកំពូលអាស៊ាន-រុស្ស៊ី លើកទី៣, កិច្ចប្រជុំកំពូលអាស៊ាន-ជប៉ុន លើកទី២១, កិច្ចប្រជុំកំពូលក្រៅផ្លូវការអាស៊ាន-ឥណ្ឌា អមដោយអាហារពេលព្រឹក, កិច្ចប្រជុំកំពូលអាស៊ាន-សហរដ្ឋអាមេរិក លើកទី៦, កិច្ចប្រជុំកំពូលអាស៊ានបូកបី លើកទី២១, កិច្ចប្រជុំកំពូលអាស៊ីបូព៌ា លើកទី១៣ (ពេញអង្គ), កិច្ចប្រជុំកំពូលអាស៊ីបូព៌ា (ចង្អៀត) អមដោយអាហារថ្ងៃត្រង់ និងកិច្ចប្រជុំថ្នាក់ដឹកនាំ នៃភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយក្នុងតំបន់លើកទី២។
អញ្ជើញអមដំណើរសម្ដេចតេជោនាយករដ្ឋមន្ត្រី រួមមាន ឯកឧត្ដម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ឯកឧត្ដម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីពាណិជ្ជកម្ម ឯកឧត្ដមបណ្ឌិត ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីអប់រំ យុវជន និងកីឡា ព្រមទាំងឥស្សរជនជាន់ខ្ពស់ នៃរាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំធុរកិច្ច នៃសភាពាណិជ្ជកម្មកម្ពុជាផងដែរ។
ស្របពេលកិច្ចប្រជុំកំពូលនេះ សម្ដេចតេជោនាយករដ្ឋមន្ត្រី នឹងអញ្ជើញចូលរួមក្នុងប្រជុំ និងកម្មវិធីមួយចំនួនដូចជា កិច្ចប្រជុំជាមួយក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន, កម្មវិធីអាហារការងារថ្ងៃត្រង់រៀបចំដោយឯកឧត្ដម លី សៀនឡុង សម្រាប់ថ្នាក់ដឹកនាំអាស៊ាន និង ពិធីលៀងសាយភោជន (Gala Dinner) រៀបចំដោយប្រធានកិច្ចប្រជុំ សម្រាប់ថ្នាក់ដឹកនាំអាស៊ាន។
សេចក្ដីប្រកាសព័ត៌មាន ចុះថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៨ បានបញ្ជាក់ថា ក្នុងអំឡុងពេលស្នាក់នៅប្រទេសសិង្ហបុរី សម្ដេចតេជោនាយករដ្ឋមន្ត្រី នឹងមានជំនួបទ្វេភាគី ជាមួយប្រមុខគណៈប្រតិភូ នៃប្រទេសមួយចំនួនផងដែរ។
ក្នុងការត្រៀមរៀបចំកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៣ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន នឹងអញ្ជើញចូលរួមក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសហគមន៍នយោបាយ-សន្តិសុខអាស៊ាន លើកទី១៨ និងកិច្ចប្រជុំក្រុមប្រឹក្សាសម្របសម្រួលអាស៊ាន លើកទី២២ ដែលកិច្ចប្រជុំទាំងពីរនេះ នឹងប្រព្រឹត្តទៅនៅមុនកិច្ចប្រជុំកំពូលអាស៊ាន៕
Source: Kampuchea Thmey Daily
0 Comments