Ad Code

ឆ្នាំ​២០១៧ ការនាំចេញ​ទំនិញ​របស់​កម្ពុជា ទៅកាន់​អង់គ្លេស បាន​កើន​ឡើង​ដល់​ទឹកប្រាក់​១,០១៤​លាន​ដុល្លារ



ភ្នំពេញ ៖ ការនាំចេញ​ទំនិញ​របស់​កម្ពុជា ទៅកាន់​អង់គ្លេស បាន​កើនឡើង​ពី​ទឹកប្រាក់​៧៥២​លាន​ដុល្លារ នៅក្នុង​ឆ្នាំ​២០១៤ ដល់​ទឹកប្រាក់​១,០១៤​លាន​ដុល្លារ នៅ​ក្នុង​ឆ្នាំ​២០១៧ ចំណែក​អង់គ្លេស​មក កម្ពុជា កាលពី​ឆ្នាំ​២០១៧ មាន​ចំនួន​៥៥​លាន​ដុល្លារ​។​

របាយការណ៍​ស្ដីពី​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​កម្ពុជា និង​ចក្រភព​អង់គ្លេស ត្រូវ​បាន​បង្ហាញ​នៅក្នុង​ជំនួប​ពិភាក្សា​រវាង លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម និង​លោក គ្រី​ស ផូក (Chris Pook) មន្ត្រីជាន់ខ្ពស់​ទទួលបន្ទុក​កិច្ចការ​ពាណិជ្ជកម្ម​ នៃ​ចក្រភព​អង់គ្លេស ប្រចាំ​តំបន់​អាស៊ីអាគ្នេយ៍ នៅ​ទីស្ដីការ​ក្រសួង កាលពី​រសៀល​ថ្ងៃ​ពុធ ទី​០៧ ខែ​វិច្ឆិកា ឆ្នាំ​២០១៨​។​

របាយការណ៍​ដដែល​បង្ហាញ​ថា ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​កម្ពុជា និង​ចក្រភព​អង់គ្លេស មាន​វឌ្ឍនភាព​គួរឲ្យកត់សម្គាល់ នៅក្នុង​នោះ ការនាំចេញ​ទំនិញ​របស់​កម្ពុជា បាន​កើន​ឡើង​ពី​ទឹកប្រាក់ ៧៥២​លាន​ដុល្លារ នៅក្នុង​ឆ្នាំ​២០១៤ ដល់​ទឹកប្រាក់​១,០១៤​លាន​ដុល្លារ នៅ​ក្នុង​ឆ្នាំ​២០១៧​។

ទន្ទឹមគ្នានេះ ទឹកប្រាក់​វិនិយោគ​ពី​បរទេស (FDI) របស់​អង់គ្លេស មក​កម្ពុជា កាលពី​ឆ្នាំ​២០១៧ មាន​ចំនួន​៥៥​លាន​ដុល្លារ ដែល​ធ្វើ​ឲ្យ​អង់គ្លេស ស្ថិត​នៅតែ​ជា​ប្រទេស​មួយ ក្នុងចំណោម​ប្រទេស​ចំនួន​១០ ដែល​បាន​វិនិយោគ​ច្រើនជាងគេ​នៅ​កម្ពុជា​។​

​ក្នុង​ជំនួប​នោះ លោក គ្រី​ស ផូក បាន​គូស​បញ្ជាក់​ថា ចក្រភព​អង់គ្លេស មានបំណង​ផ្ដល់​នូវ​ជំនួយ​ហិរញ្ញប្បទាន ដើម្បី​គាំទ្រ​ការអនុវត្ត​គម្រោង​សំខាន់ៗ​នៅ​ក្នុង​ប្រទេស​កម្ពុជា ដូចជា​ការ​អភិវឌ្ឍ​ហេដ្ឋា​រចនាសម្ព័ន្ធ ការ​បណ្ដុះបណ្ដាល​ធនធាន​មនុស្ស ការ​លើក​កម្ពស់​សុខុមាលភាព​សាធារណៈ និង​ការ​ធ្វើ​ទំនើបកម្ម​បច្ចេកវិទ្យា​។

មន្ត្រីជាន់ខ្ពស់​ចក្រភព​អង់គ្លេស​រូបនេះ​បាន​បន្ថែមទៀតថា ក្រៅពី​វិស័យ​អាទិភាព​ខាងលើ អង់គ្លេស​ក៏​មាន​បំណង​ចូលរួម​អភិវឌ្ឍន៍​ទីក្រុង​វ័យឆ្លាត (Smart City) នៅក្នុង​ប្រទេស​កម្ពុជា និង​នៅ​តាម​រដ្ឋ​ជា​សមាជិក​អាស៊ាន​ផងដែរ ហើយ​បច្ចុប្បន្ន មាន​វិនិយោគិន​អង់គ្លេស​ជាច្រើន កំពុង​ស្វែងរក​ឱកាស​ពង្រីក​ធុរកិច្ច និង​វិនិយោគ មកកាន់​កម្ពុជា និង​តំបន់​អាស៊ាន ប៉ុន្តែ​ត្រូវការ​ហេដ្ឋារចនាសម្ព័ន្ធ និង​ធនធានមនុស្ស ដើម្បី​គាំទ្រ​ការ​ធ្វើ​ប្រតិបត្តិការ​។​

ជា​ការ​ឆ្លើយតប លោក ប៉ាន សូរ​ស័ក្តិ បាន​ស្វាគមន៍​ចំពោះ​ចេតនា​របស់​ចក្រភព​អង់គ្លេស និង​បាន​ពន្យល់​ដល់​ លោក គ្រី​ស ផូក អំពី​ចក្ខុវិស័យ​របស់​រាជរដ្ឋាភិបាល យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់​កាល​ទី​៤ គោលនយោបាយ​អភិវឌ្ឍន៍​ឧស្សាហកម្ម និង​គោលនយោបាយ​គាំពារ​វិនិយោគ​កម្ពុជា ដែល​ផ្ដោត​សំខាន់​លើ​ការ​ទាក់ទាញ​វិនិយោគិន ដើម្បី​ធ្វើ​ពិពិធ​កម្ម​ឱកាស​ការងារ អភិវឌ្ឍន៍​ជំនាញ និង​បែក​ចែក​កំណើន​ប្រកបដោយ​សមធម៌​។​

​លោក​រដ្ឋមន្ត្រី បានស្នើ​ចក្រភព​អង់គ្លេស ពិចារណា​ចូលរួម​ជាមួយ​គម្រោង​ផ្លូវ និង​ខ្សែក្រវាត់ (Belt & Road) របស់​ប្រទេស​ចិន និង​ធ្វើ​ការ​ចុះ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេ​ភាគី (FTA) ជាមួយ​កម្ពុជា ដើម្បី​ធានាបាន​នូវ​កិច្ចសហប្រតិបត្តិការ​ស៊ីជម្រៅ​លើ​វិស័យសេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ​។

​បន្ថែម​លើ​នេះ តាមរយៈ​លោក គ្រី​ស ផូក លោក​រដ្ឋមន្ត្រី ប៉ាន សូរ​ស័ក្តិ បាន​អំពាវនាវ​ដល់​វិនិយោគិន​អង់គ្លេស ធ្វើការ​បណ្ដាក់ទុន​លើ​ផ្នែក​ហេដ្ឋារចនាសម្ព័ន្ធ​រូបវន្ត ធនធានមនុស្ស ឧស្សាហកម្ម​កែច្នៃ វិទ្យា​សាស្ត្រ កសិកម្ម និង​កិច្ច​សម្រួល​ពាណិជ្ជកម្ម ពីព្រោះ​វិស័យ​ទាំងអស់នេះ គឺជា​កត្តា​អាទិភាព ដើម្បី​ទ្រទ្រង់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​កម្ពុជា​៕​



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu