Ad Code

កម្ពុជា មាន​រោងចក្រ​ខ្ចប់​វេច​ និង​កែច្នៃ​​ដំណាប់​ស្វាយ ​នៅ​ខេត្ត​កំពង់ស្ពឺ អាច​ផលិត​បាន២០០​តោន​ក្នុង​មួយ​ខែ នាំទៅ​កាន់​ប្រទេស​ចិន​



​ភ្នំពេញ​ ៖ លោក Tse Michael Nam នាយក​ក្រុមហ៊ុន ហ្គ្រី​ន​លី​ឌើ​រ បាន​ជម្រាបជូន លោក វេ​ង សាខុន រដ្ឋមន្ត្រី​កសិកម្ម​កម្ពុជា​ថា​ ដោយ​មើលឃើញ​តម្រូវការ​ដំណាប់​ស្វាយ​នៅ​ប្រទេស​ចិន​មាន​ទំហំធំធេង ក្រុមហ៊ុន​បាន​បោះទុន​ចំនួន​២​លាន​ដុល្លារ​អាមេរិក​បន្ថែម ក្នុង​ការ​សាងសង់​រោងចក្រ​ខ្ចប់​វេច​ និង​កែច្នៃ​​ដំណាប់​ស្វាយ​នៅ​ខេត្ត​កំពង់ស្ពឺ ដែល​បច្ចុប្បន្ន​នេះ​អាច​ផលិត​បាន​២០០​តោន ​ក្នុង​មួយខែ នាំ​ទៅ​កាន់​ប្រទេស​ចិន។​

លោក Tse Michael Nam ថ្លែង បែបនេះ​ធ្វើឡើង​ក្នុងជំនួប​ជាមួយ​លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ កាលពី​រសៀល​ថ្ងៃ​សុក្រ ០២កើត ​ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព​.​ស​២៥៦២ ត្រូវ​នឹង​ថ្ងៃ​ទី០​៩ ខែ​វិច្ឆិកា ឆ្នាំ​២០១៨។​

ក្រសួង​បាន​ឲ្យ​ដឹងថា ក្នុង​ជំនួប​នោះ លោក Tse Michael Nam នាយក​ក្រុមហ៊ុន ហ្គ្រី​ន​លី​ឌើ​រ និង​លោក Gao Hua ប្រធាន​ប្រតិបត្តិ​ក្រុមហ៊ុន ហ្គ្រី​ន​លី​ឌើ​រ កម្ពុជា ដើម្បី​រាយការណ៍​ពី​វឌ្ឍនភាព​ នៃ​ការ​កសាង​រោងចក្រ​កែច្នៃ​ដំឡូង​មី ដែលមាន​ទីតាំង​នៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស ស្រុក​ស្នួល ខេត្ត​ក្រចេះ បាន​ចាប់​ដំណើរការ​សាងសង់​កាលពី​ថ្ងៃអាទិត្យ ថ្ងៃ​ទី​០១ ខែ​មេសា ឆ្នាំ​២០១៨ កន្លងទៅ​ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​ លោក យឹម ឆៃលី ឧបនាយករដ្ឋមន្ត្រី និង​ជា​ប្រធាន​ក្រុមប្រឹក្សា ស្ដារ ​និង​អភិវឌ្ឍន៍​វិស័យ​កសិកម្ម​ និង​ជនបទ លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ។​

យោងតាម​សេចក្ដីរាយការណ៍​របស់​លោក Tse Michael Nam បាន​ឲ្យ​ដឹងថា ដំណើរការ​សាងសង់​មក​ទល់​ពេល​នេះ​សម្រេច​បាន​៧០% ហើយ ហើយ​គ្រោង​នឹង​បញ្ចប់​នៅ​បំណាច់​ឆ្នាំនេះ និង​ដែល​ឈាន​ទៅ​ដល់​ការ​ដាក់​ឲ្យ​ដំណើរ​ធ្វើការ​កែច្នៃ​ដំឡូង​មី​នៅ​ដើម​ឆ្នាំ​ក្រោយ​។​

យោងតាម​គម្រោង​ផែនការ​ដែល​បាន​គ្រោងទុក ក្រុមហ៊ុន​នឹង​បន្ត​សាងសង់​រោងចក្រ​៣​កន្លែង (១​កន្លែង​នៅ​តាម​ខេត្ត​ត្បូងឃ្មុំ​, កំពង់ចាម និង​ខេត្ត​ស្ទឹងត្រែង​) បន្ថែម​ទៀត​ក្នុងចំណោម​ដប់​រោងចក្រ នៅ​ទូទាំង​ប្រទេស (​រួម​ទាំង​នៅ​ខេត្ត​ពោធិ៍សាត់​, បាត់ដំបង​, ប៉ៃលិន​, បន្ទាយមានជ័យ និង​ឧត្តរមានជ័យ​)​។​

ទន្ទឹម​នឹង​ការ​បោះ​ទុនវិនិយោគ​លើ​ការ​សង់​រោងចក្រ​កែច្នៃ​ដំឡូង​មី ក្រុមហ៊ុន​បាន​មើល​ឃើញ​តម្រូវការ​​ដំណាប់​ស្វាយ​នៅ​ប្រទេស​ចិន​មាន​ទំហំធំធេង ក្រុមហ៊ុន​បាន​បោះទុន​ចំនួន​២​លាន​ដុល្លារ​អាមេរិក​បន្ថែម ក្នុង​ការ​សាងសង់​រោងចក្រ​ខ្ចប់​វេច ​និង​កែច្នៃ​​ដំណាប់​ស្វាយ​នៅ​ខេត្ត​កំពង់ស្ពឺ ដែល​បច្ចុប្បន្ន​នេះ​អាច​ផលិត​បាន​២០០​តោន​ក្នុង​មួយខែ នាំទៅ​កាន់​ប្រទេស​ចិន។​

​លោក​ប្រធាន​បាន​បញ្ជាក់​បន្ថែមថា ដោយ​មើល​ឃើញ​សេចក្តី​ត្រូវការ​ទីផ្សារ​មានការ​កើន​ឡើង​ខ្ពស់ ក្រុម​ហ៊ុន​នឹង​ពង្រីក​រោងចក្រ​នៅ​តាម​បណ្ដា​ខេត្ត​ដទៃ​ទៀត​នាពេលខាងមុខ៕​





Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu