ប្រេសិត​អង្គការសហប្រជាជាតិ​កាលពី​ថ្ងៃ​អង្គារ​ បានធ្វើ​ការរិះគន់​ដល់​បណ្តា​ប្រទេស​ដែល​បោះបង់ចោល​កតិកាសញ្ញា​អន្តោប្រវេសន៍​របស់​អង្គការសហប្រជាជាតិ​ដោយ​និយាយថា ពួកគេ​កំពុង​បង្ហាញ​ការសោកស្តាយ​ក្នុង​រយៈពេល​ជាច្រើន​ខែ​បន្ទាប់ពី​យល់ព្រម​លើ​កិច្ចព្រមព្រៀង​នេះ​។​

កតិកាសញ្ញា​ជា​សកល​សម្រាប់​ការធ្វើ​អន្តោប្រវេសន៍​ដោយ​សុវត្ថិភាព សណ្តាប់ធ្នាប់​និង​ជាប្រចាំ​ត្រូវបាន​ព្រមព្រៀង​នៅឯ​អង្គការសហប្រជាជាតិ​ក្នុង​ខែកក្កដា​បន្ទាប់ពី​មានការ​ចរចារ​រយៈពេល​១៨​ខែ​ហើយ​នឹងត្រូវ​បានអនុម័ត​ជា​ផ្លូវការ​នៅឯ​សន្និសីទ​មួយ​ក្នុង​ទីក្រុង Marrakesh នៅ​ថ្ងៃទី ១០​និង​ទី​១១​ខែធ្នូ​។​

សហរដ្ឋអាមេរិក​បាន​ចាក​ចេញពី​ការចរចា​នេះ​មុនគេ​កាលពីដើម​ខែធ្នូ​ហើយ​បន្ទាប់មក​មាន​ប្រទេស​ហុង​គ្រី​ដែល​ធ្វើតាម​នេះ​នៅ​ប្រាំពីរ​ខែក្រោយ​។​

ចាប់តាំងពី​ពេលនោះ​មក ប្រទេស​អូស្ត្រាលី អ៊ីស្រាអែល ប៉ូឡូញ ស្លូ​វ៉ា​គី សាធារណរដ្ឋ​ឆេ​ក អូទ្រីស ស្វី​ស​និង​ប៊ុលហ្គារី​បាន​បដិសេធ​ទាំងស្រុង​នូវ​កតិកាសញ្ញា​នេះ​ឬ​ជូនដំណឹង​ដល់​អង្គការសហប្រជាជាតិ​ថា ពួកគេ​កំពុង​ដកខ្លួន​ចេញ​។​

កិច្ចព្រមព្រៀង​ដែល​លើកកម្ពស់​កិច្ចសហប្រតិបត្តិការ​ក្នុងការ​ដោះស្រាយ​ជាមួយ​លំហូរ​ជនអន្តោប្រវេសន៍​ដែល​កំពុង​កើនឡើង​នៅលើ​ពិភពលោក​មួយ​នេះ​គឺ​ត្រូវបាន​កំណត់​គោលដៅ​ដោយ​ក្រុម​អ្នកនយោបាយ​ស្តាំនិយម​ដែល​បានប្រកាស​ថ្កោលទោស​ថា វា​ជាការ​ប្រមាថ​ដល់​អធិប​តេ​យ្យ​ភាព​ជាតិ​របស់​ប្រទេស​ខ្លួន​។​

លោកស្រី Louise Arbor ប្រេសិត​ពិសេស​របស់​អង្គការសហប្រជាជាតិ​សម្រាប់​ការធ្វើ​ចំណាកស្រុក​អន្ដរជាតិ​បាន​និយាយថា “​អ្នកនយោបាយ​ខ្លះ​នឹង​និយាយថា រឿងរ៉ាវ​ដូចជា​ការធ្វើ​ចំណាកស្រុក​គឺជា​រឿង​អាក្រក់​។ ពិតជា​គួរ​ឲ្យ​អស់សំណើច​ណាស់ ការធ្វើ​ចំណាកស្រុក​គឺជា​រឿង​មួយ​។ វា​មិនមែនជា​រឿង​អាក្រក់​ឬ​មិនមែនជា​រឿង​ល្អ​ទេ​។ វា​ជា​រឿង​មួយ​ដែល​ប៉ះពាល់​ដល់​យើង​”​។​

លោកស្រី Arbor ដែលជា​អតីត​ចៅក្រម​តុលាការ​កំពូល​នៃ​ប្រទេស​កាណាដា​និង​ជា​អតីត​ប្រធាន​ផ្នែក​សិទ្ធិមនុស្ស​របស់​អង្គការសហប្រជាជាតិ​បាន​និយាយថា ប្រទេស​ដែល​ចាក​ចេញពី​កតិកាសញ្ញា​នេះ​កំពុងតែ​ដោះស្រាយ​ជាមួយ​វិប្បដិសារី​បន្ទាប់ពី​បាន​ចូលរួម​ក្នុង​កិច្ចចរចា​រយៈពេល​វែង​និង​យល់ព្រម​ទៅនឹង​អត្ថបទ​ចុងក្រោយ​។​

កតិកាសញ្ញា​ពិភពលោក​នេះ​បានកំណត់​គោលដៅ​ចំនួន​២៣​ចំណុច​ដើម្បី​បើកចំហ​ចំពោះ​ការធ្វើ​ចំណាកស្រុក​ដោយ​ស្របច្បាប់​និង​គ្រប់គ្រង​លំហូរ​ឲ្យ​កាន់តែ​ល្អប្រសើ​ស្របពេល​ចំនួន​ប្រជាជន​ដែល​ធ្វើដំណើរ​ទូទាំង​ពិភពលោក​បាន​កើនឡើង​ដល់​២៥​លាន​នាក់​ឬ​ប្រហែល​ជាង​៣​ភាគរយ​នៃ​ចំនួន​ប្រជាជន​ពិភពលោក​៕ AFP



Source: Kampuchea Thmey Daily